ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានភ័យរន្ធត់ស្ទើរលស់ព្រលឹង បន្ទាប់ពីប្រទះឃើញក្រពើដ៏ធំមួយក្បាលជាប់មងរបស់គាត់ ដែលបានដាក់យកត្រី កាលពីព្រឹកព្រលឹមថ្ងៃទី២៥ កញ្ញា នៅក្នុងស្ទឹងមេទឹកដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិកណ្តាល ឃុំថ្មដា ស្រុកវាលវែង ។ ម្ចាស់មងដែលជាប់ក្រពើនេះ ឈ្មោះ មឿនមីន និយាយថា កាលពីល្ងាចថ្ងៃទី២៤ ខែកញ្ញា គាត់បានទៅរាយមងដាក់ត្រី នៅចំណុចខាងលើ រួចក៏ទៅសម្រាកនៅផ្ទះ ។
លុះព្រលឹមឡើង រូបគាត់ក៏ភ្ញាក់ពីដំណេកដូចធម្មតាទៅដោះមង ស្រាប់តែឃើញមងញ័ររញ្ជួយខ្លាំង ក៏លើកទាញឡើងគោកប្រទះឃើញជាប់ក្រពើដ៏ធំមួយក្បាល ទម្ងន់ប្រហែលជាង១០០គីឡូក្រាម ។ ភ្លាមៗនោះ រូបគាត់បានរាយការណ៍ទៅសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ចាប់ក្រពើមួយក្បាលនេះ ។
បុរសជាកសិកររូបនេះនិយាយទៀតថា តាំងពីរូបគាត់ដាក់មងរកត្រីនៅស្ទឹងខាងលើមក មិនដែលប្រទះឃើញក្រពើនោះឡើយ តែធ្លាប់ឮតៗគ្នាថា ស្ទឹងមេទឹកនេះ មានធនធានជីវចម្រុះជាច្រើនរាប់ទាំងក្រពើ ត្រី កន្ធាយ…ផងដែរ ។ ក្រោយពីការចាប់ចងស្រួលបួលហើយ ក្រពើ១ក្បាលនេះ ត្រូវបានដឹកយកទៅរក្សាទុកនៅបញ្ជាការដ្ឋានវរៈការពារព្រំដែនគោកលេខ៨២៥ រង់ចាំបញ្ជាពីថ្នាក់លើ ។ ពុំទាន់មានការសន្និដ្ឋានឱ្យដឹងនៅឡើយទេថា ក្រពើនេះជាក្រពើធម្មជាតិរស់នៅក្នុងស្ទឹងនោះឬក៏រួចមកពីណាទេ តែបើតាមព័ត៌មានថា ក្រពើនេះជាពូជក្រពើភ្នំ ជាសត្វកម្របំផុតនិងស្ទើរតែផុតពូជទៅហើយ ។
ព័ត៌មានទាក់ទិននឹងក្រពើភ្នំនេះត្រូវបានគេដឹងថា ក្រពើភ្នំមួយចំនួនត្រូវបានអង្គការរុក្ខជាតិនិងសត្វព្រៃអន្តរជាតិ(FFI) ជម្លៀសចេញពីស្ទឹងអារ៉ែង ខណៈដែលក្រុមហ៊ុនចិនមួយកំពុងកាន់កាប់គម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីមួយនៅទីនោះ ប៉ុន្តែគម្រោងនោះត្រូវបានលុបចោលវិញ ។ ក្រពើភ្នំមួយចំនួននៅក្នុងចំណោម៣០ទៅ៤០ក្បាល ត្រូវបានជម្លៀសចេញពីតំបន់ដែលមានគ្រោះថ្នាក់ទៅកាន់តំបន់ថ្មី ដើម្បីអភិរក្ស តែក្រុមមន្ត្រីបានលាក់បាំងដើម្បីសុវត្ថិភាពសត្វកម្រទាំងនេះ ។
មន្ត្រីអង្គការរុក្ខជាតិ និងសត្វព្រៃអន្តរជាតិ បាននិយាយប្រាប់កាសែតក្នុងស្រុក កាលពីពេលកន្លងទៅនេះថា ដើម្បីបញ្ចៀសផលប៉ះពាល់ ចំពោះក្រពើភ្នំដែលជាសត្វដ៏កម្រមួយនៅលើពិភពលោក អង្គការបានសម្រេចចេញប្រកាសស្វែងរកមូលនិធិដើម្បីជម្លៀសក្រពើភ្នំនេះចេញ ហើយមកដល់ពេលនេះមូលនិធិគឺមានគ្រប់គ្រាន់ ហើយ ក្រពើភ្នំមួយចំនួនក៏ត្រូវបានជម្លៀសទៅរកកន្លែងមានសុវត្ថិភាពដែរ ។ គម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីនៅស្ទឹងអារ៉ែង បើសិនជាមាននឹងអាចប៉ះពាល់ដល់ដែនជម្រកនិងកន្លែងបង្កាត់ពូជរបស់ក្រពើភ្នំប្រមាណជា៥ភាគរយ និងប៉ះពាលដល់អ្នកភូមិចំនួន៦ ។ ក្រពើភ្នំមិនអាចនឹងរស់បាននៅក្នុងដែនជម្រកដែលមានផ្ទៃទឹកធំទូលាយបានទេ ហើយវាក៏គ្មានលទ្ធភាពបង្កើតសម្បុកពងកូនផងដែរ ។
ចែករំលែកព័តមាននេះ