ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ដាំ​អំពៅ​ប្រឈម​ការ​ខាតបង់ ខណៈ​តម្លៃ​ធ្លាក់​ចុះ​ខ្លាំង

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ក្រុមហ៊ុន​ដាំ​អំពៅស្ករ​នៅ​ស្រុក​ស្វាយ​ទាប​កំពុង​ប្រឈម​នឹង​ការ​ខាតបង់​យ៉ាងធ្ងន់ធ្ងរ ខណៈ​ឆ្នាំ​នេះ​តម្លៃនៅលើទីផ្សារ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ។ នេះ​បើ​តាម​ការ​អះអាង​ពី​ប្រធាន​ក្រុមហ៊ុន​ដែល​កំពុង​វិនិយោគ​លើ​ដំណាំ​កសិកម្ម និង​កសិឧស្សាហកម្ម​លើ​ផ្ទៃដី​ជាង​២​ពាន់​ហិ​កតា​នៅ​តំបន់​នោះ ។ ដំណាំ​អំពៅស្ករ​នេះ​ត្រូវ​បាន​នាំ​ចេញ​ទៅ​ឲ្យ​ប្រទេស​វៀតណាម ដើម្បី​ផលិត​ជា​ស្ករស…

ខេត្តស្វាយរៀង ៖ ក្រុមហ៊ុន​ដាំ​អំពៅស្ករ​នៅ​ស្រុក​ស្វាយ​ទាប​កំពុង​ប្រឈម​នឹង​ការ​ខាតបង់​យ៉ាងធ្ងន់ធ្ងរ ខណៈ​ឆ្នាំ​នេះ​តម្លៃនៅលើទីផ្សារ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ។ នេះ​បើ​តាម​ការ​អះអាង​ពី​ប្រធាន​ក្រុមហ៊ុន​ដែល​កំពុង​វិនិយោគ​លើ​ដំណាំ​កសិកម្ម និង​កសិឧស្សាហកម្ម​លើ​ផ្ទៃដី​ជាង​២​ពាន់​ហិ​កតា​នៅ​តំបន់​នោះ ។

ដំណាំ​អំពៅស្ករ​នេះ​ត្រូវ​បាន​នាំ​ចេញ​ទៅ​ឲ្យ​ប្រទេស​វៀតណាម ដើម្បី​ផលិត​ជា​ស្ករស ដោយ​បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​វៀតណាម ក្នុង​១​តោន​តម្លៃ​៥០​ដុល្លារ ប៉ុន្ដែ​ដោយសារ​តែ​ស្ករស​លើ​ទីផ្សារ​អន្តរជាតិ​ចុះថោក ធ្វើ​ឲ្យ​វៀតណាម​បញ្ចុះតម្លៃ​អំពៅស្ករ​ដែរ ដោយ​ទិញ​ក្នុង​១​តោន​តម្លៃ​តែ​៣០​ដុល្លារ​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន មិន​ត្រឹមតែ​អំពៅ​ធ្លាក់​ថ្លៃ​និង​គ្មាន​ទីផ្សារ​ទេ ថែម​ទាំង​ប្រជាពលរដ្ឋ​លែងគោ​ក្របី​ឲ្យ​ចូល​ស៊ី​អស់​ជា​ច្រើន​ទៀត ។

ប្រធាន​ក្រុមហ៊ុន​អុ​ិ​ស​ធើ​ន រ៉ា​យ៍ ហ្វៀ​ល ឌី​វេឡុ​ប​មេន ខូ អិ​ល​ធី​ឌី លោក កុយ សា​រ៉េ​ន បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ កញ្ញា កន្លង​មក​ថា កាលពី​ឆ្នាំ​២០១៦ ក្រុមហ៊ុន​បាន​ចុះ​ក្រុង​ត្រា​ជាមួយ​ក្រុមហ៊ុន​សហប្រតិបត្តិការ​វៀតណាម​TTC និង​រោងចក្រ​ផលិត​ស្ករស​តៃ​និ​ញ វៀតណាម វិនិយោគ​លើ​ដំណាំ​កសិកម្ម និង​កសិឧស្សាហកម្ម​ជា​ច្រើន​ប្រភេទ​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្វាយ​ទាប ។ លោក​ថា ៖« ដំណាំ​ទាំងនោះ​រួម​មាន ស្រូវ​, ពោត​, ល្ង​, សណ្តែកខៀវ​, ល្ពៅ និង​ឪឡឹក ។ ចំណែក​ដំណាំ​កសិឧស្សាហកម្ម រួម​មាន ដំឡូង​មី និង​អំពៅស្ករ​ជាដើម សរុប​ផ្ទៃដី​វិនិយោគ​មាន​ចំនួន​២.៧១៤​ហិ​កតា ដោយ​មាន​ក្រុមហ៊ុន​ចំនួន​៩ ជា​ដៃគូ​សហការ​អនុវត្ត​គម្រោង​នេះ »​។ លោក​បន្ដ​ថា ៖« ក្នុង​ចំណោម​ផ្ទៃដី​វិនិយោគ​នេះ យើង​បាន​ដាំ​អំពៅស្ករ​ច្រើន​ជាងគេ គឺ​មាន​រហូត​ដល់​២.៥០១​ហិ​កតា ដែល​នឹង​ប្រមូល​ផល​នៅ​ខែវិច្ឆិកា និង​ខែធ្នូ ខាង​មុខ​នេះ ប៉ុន្ដែ​គួរ​ឲ្យ​សោកស្ដាយ មិន​ទាន់​ទាំង​ដល់​ពេល​ប្រមូល​ផល​ផង តម្លៃ​ចាប់ផ្ដើម​ធ្លាក់​ចុះ ហើយ​រង​ការ​បំផ្លិច​បំ​ផ្លា​យ​ពី​សត្វពាហៈនៈ​របស់​អ្នកស្រុក​ទៀត »​។ លោក​បញ្ជាក់​ថា ៖« កាលពី​ឆ្នាំ​២០១៦-២០១៧ អំពៅស្ករ​ក្នុង​១​ហិ​កតា​ទទួល​បាន​ទិន្នផល​១០០​តោន ដោយ​ក្នុង​១​តោន​តម្លៃ​៥០​ដុល្លារ តែ​នៅ​ឆ្នាំ​នេះ តម្លៃ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង គឺ​ក្នុង​១​តោន​នៅ​សល់​ត្រឹមតែ​៣០​ដុល្លា​ប៉ុណ្ណោះ​។ ដូច្នេះ បើ​គិត​ទាំង​កម្លាំង​ពលកម្ម និង​ការ​ចំណាយ​ផ្សេង​ៗ ក្រុមហ៊ុន​ប្រឈម​នឹង​ការ​ខាតបង់​ធ្ងន់ធ្ងរ »​។ លោក​បន្ថែម​ថា ៖« សព្វ​ថ្ងៃនេះ មិន​ត្រឹម​ប្រឈម​នឹង​ការ​ខាតបង់​ប៉ុណ្ណោះ ប្រជាពលរដ្ឋ​ថែម​ទាំង​បាន​យក​គោក្របី​ទៅ​ឃ្វាល​ក្បែរ​ចម្ការ ហើយ​បណ្តោយ​ឲ្យ​ចូល​ស៊ី​អំពៅ​ថែម​ទៀត ។ ចំណែក​អ្នកខ្លះ​ទៀត ចូល​ទៅ​កាត់​ស្លឹក​អំពៅ​យក​ទៅ​ឲ្យ​គោក្របី​ស៊ី បណ្តាល​ឲ្យ​ខូច​អំពៅ​ទៀត​ផង » ។

លោក​អភិបាលរង​ស្រុក​ស្វាយ​ទាប បាន​ឲ្យ​ដឹង​ដែរ​ថា អាជ្ញាធរ​បានដឹង​ពី​ព័ត៌មាន​នេះ ហើយ​បាន​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​ចុះ​ទៅ​ប្រជុំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ដែល​យក​គោក្របី​ទៅ​ឃ្វាល​នៅ​ជិត​ចម្ការ​អំពៅ​របស់​ក្រុមហ៊ុន​នោះ​ជា​ច្រើន​លើក​ច្រើន​សា តែ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​នោះ ប្រជាពលរដ្ឋ​បណ្តោយ​ឲ្យ​កូន​តូច​ៗ​យក​គោក្របី​ទៅ​ឃ្វាល ហើយ​ក្មេង​ៗ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​ចូល​ស៊ី​អំពៅ​ក្រុមហ៊ុន​បែប​នេះ ។

លោក កុយ សា​រ៉េ​ន ក៏​បាន​សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច មេត្តា​ជួយ​ការពារ​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​ផង ព្រោះថា​កាលពីដើម​ឆ្នាំ​នេះ ចម្ការ​អំពៅ​របស់​ក្រុមហ៊ុន ក៏​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​ដុត​ឆេះ​អស់​ជាង​៥០​ហិ​កតា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ