ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ស្រុក​បន្ទាយស្រី​ដាំ​ស្លឹកគ្រៃ​ចម្រាញ់​ជា​ប្រេង

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ដោយ​មានការ​គាំទ្រ​ពី​អង្គការ​អា​គ្រី​ស៊ុត ប្រចាំ​នៅ​ស្រុក​បន្ទាយស្រី ប្រជា​កសិករ​នៅ​តំបន់​នោះ​បាន​នាំ​គ្នា​ដាំ​ស្លឹកគ្រៃ ដើម្បី​ផ្គត់ផ្គង់​លើ​ទីផ្សារ និង​ចម្រាញ់​ជា​ផលិតផល​ប្រេង ដែល​អាច​បង្កើត​ប្រាក់​ចំណូល​ប្រចាំ​គ្រួសារ ។ បើ​តាម​អ្នកស្រី​ម៉ៅ…

ខេត្តសៀមរាប ៖ ដោយ​មានការ​គាំទ្រ​ពី​អង្គការ​អា​គ្រី​ស៊ុត ប្រចាំ​នៅ​ស្រុក​បន្ទាយស្រី ប្រជា​កសិករ​នៅ​តំបន់​នោះ​បាន​នាំ​គ្នា​ដាំ​ស្លឹកគ្រៃ ដើម្បី​ផ្គត់ផ្គង់​លើ​ទីផ្សារ និង​ចម្រាញ់​ជា​ផលិតផល​ប្រេង ដែល​អាច​បង្កើត​ប្រាក់​ចំណូល​ប្រចាំ​គ្រួសារ ។

បើ​តាម​អ្នកស្រី​ម៉ៅ រស់នៅ​ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី បាន​ប្រាប់​កោះសន្តិភាព​ថា បច្ចុប្បន្ន​នេះ មាន​កសិករ​ច្រើន​គ្រួសារ​ហើយ​ដែល​កំពុង​ដាំ​ស្លឹកគ្រៃ​សម្រាប់​លក់​ជូន​សហគមន៍ ដើម្បី​យក​ទៅ​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ក្រុង​សៀមរាប និង​ចម្រាញ់​ជា​ប្រេង​ស្លឹកគ្រៃ ។ អ្នកស្រី​បន្ដ​ថា ៖« ដោយ​មានការ​គាំទ្រ​ពី​អង្គការ​អា​គ្រី​ស៊ុត ពួក​យើង​ចងក្រង​ជា​ក្រុម​ៗ​ដើម្បី​ដាំ​ស្លឹកគ្រៃ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ និង​ផលិត​ជា​ប្រេង ដោយ​អង្គការ​នេះ​សម្លឹង​ឃើញ​ទីផ្សារ​នា​ពេល​អនាគត ផលិតផល​នេះ​នឹង​មាន​តម្រូវការ​ខ្ពស់ ហើយ​បច្ចុប្បន្ន​ក៏​បាន​រៀបចំ​ឲ្យ​មាន​ទីតាំង​សម្រាប់​ចម្រាញ់​ប្រេង​ស្លឹកគ្រៃ​នេះ​ផង​ដែរ »​។

កញ្ញា គង់ រ​ដ្ឋា អ្នក​ទទួល​បន្ទុក​ផ្នែក​ទីផ្សារ​នៃ​អង្គការ​អា​គ្រី​ស៊ុត បាន​ឲ្យ​ដឹង​ថា ហេតុផល​ដែល​អង្គការ​រៀបចំ​ការ​ផលិត​ប្រេង​ស្លឹកគ្រៃ​នេះ​ដោយសារ​ត​ដំណាំ​នេះ​កំពុង​ជួប​បញ្ហា​ទីផ្សារ និង​មាន​តម្លៃ​ទាប ហើយ​យើង​ចង់​ស្រោចស្រង់​ទីផ្សារ​មួយ​នេះ​។ ម្យ៉ាងទៀត នៅ​តំបន់​នេះ ឆ្ងាយ​ដាច់​ស្រយាល​ពី​ទីប្រជុំជន ផលដំណាំ​ផ្សេង​ៗ​ដែល​កសិករ​ផលិត​បាន​មិនសូវ​មាន​ទីផ្សារ ដូច្នេះ​ហើយ​ទើប​អង្គការ​អា​គ្រី​ស៊ុត បង្កើត​ឲ្យ​មាន​ទីតាំង​សម្រាប់​ចម្រាញ់​ប្រេង​ស្លឹកគ្រៃ ដើម្បី​បង្កើត​ចំណូល​ដល់​ប្រជា​សហគមន៍​ក្នុង​តំបន់ ។ កញ្ញា​បញ្ជាក់​ថា ៖« សម្រាប់​គម្រោង​ចម្រាញ់​ប្រេង​ស្លឹកគ្រៃ​នេះ បាន​ចាប់ផ្តើម​ដំណើរការ​សាកល្បង​នៅ​ដើមឆ្នាំ​២០១៨ ជាមួយនឹង​ក្រុម​កសិករ​ចំនួន​២០​គ្រួសារ ។ ចំណែក​ប្រេង​ដែល​ចម្រាញ់​បាន ត្រូវ​លក់​ឱ្យ​សហគមន៍​ធំ​ដើម្បី​យក​ទៅ​ផ្គត់ផ្គង់​លើ​ទីផ្សារ​។ ទោះបី​យ៉ាងណា បច្ចុប្បន្ន​ប្រេង​ស្លឹកគ្រៃ​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សាកល្បង​ពី​អតិថិជន​នៅឡើយ »​។

យ៉ាងនេះ​ក្ដី កញ្ញា​អះអាង​ថា ៖« ផលិតផល​នេះ​នឹង​ទទួល​បានការ​គាំទ្រ​លើ​ទីផ្សារ ដោយសារ​តែ​វា​ជា​ប្រេង​ធម្មជាតិ​សុទ្ធ និង​មានគុណ​ភាព​ខ្ពស់ »​។ ចំពោះ​តម្លៃ​វិញ អ្នក​ទទួល​បន្ទុក​ផ្នែក​ទីផ្សារ​រូប​នេះ​បញ្ជាក់​ថា ៖« អង្គការ​អា​គ្រី​ស៊ុត​មិន​ទាន់​កំណត់​ជាក់លាក់​នោះ​ទេ ប៉ុន្ដែ​អាច​ខ្ពស់​ជាង​ផលិតផល​នាំ​ចូល​ពី​ខាងក្រៅ ដែល​សព្វថ្ងៃ​លក់​លើ​ទីផ្សារ​ក្នុង​១​គីឡូក្រាម​តម្លៃ​៦០​ដុល្លារ »​។

ប្រធាន​ក្រុម​កសិករ​ផលិត​ប្រេង​ស្លឹកគ្រៃ លោក ខឹ​ម សម្រេច បានឱ្យ​ដឹង​ថា ដោយសារ​តែ​វា​ជា​ដំណាក់កាល​ចាប់ផ្ដើម ដូច្នេះ​ដំបូង​ការ​ចងក្រង​ជា​ក្រុម​មាន​តែ​២០​នាក់​ប៉ុណ្ណោះ ព្រោះ​ទីផ្សារ​មិន​ទាន់​ដំណើរការ​ល្អ ប៉ុន្ដែ​ប្រសិនបើ​ទីផ្សារ​មានការ​គាំទ្រ​ច្រើន លោក​នឹង​បង្កើន​សមាជិក​បន្ថែម និង​បង្កើន​ការ​ផលិត​ដើម្បី​បំពេញតម្រូវការ​ទីផ្សារ ។

លោក​ក៏​ស្នើ​ឲ្យ​សមាជិក​ក្រុម​ទាំងអស់​មានការ​អត់ធ្មត់ និង​រង់ចាំ​ទទួលផល​ទាំងអស់​គ្នា​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ព្រោះ​ប្រសិនបើ​ទីផ្សារ​ប្រេង​ស្លឹកគ្រៃ និង​ដំណាំ​ស្លឹកគ្រៃ​ដូច​អ្វី​ដែល​អង្គការ​អា​គ្រី​ស៊ុត​បាន​រំពឹង​ទុក​នោះ យើង​មិន​ត្រឹមតែ​ដាំ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ