ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​SME ត្រូវ​ផ្ដោត​លើ​គុណភាព​និង​តម្លៃ ជា​ជាង​ផលិតភាព

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ទីផ្សារ​កំពុង​បើក​ទូលាយ​សម្រាប់​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ការ​ចរាចរ​ទំនិញ ការ​ប្រកួតប្រជែង និង​គុណភាព​នៃ​ទំនិញ កំពុង​ចោទ​ជា​បញ្ហា​មួយ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ក្នុង​នោះ វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​របស់​កម្ពុជា​ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​ប្រកួតប្រជែង​នឹង​លំហូរ​ទំនិញ​ពី​ក្នុង​តំបន់​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ទីផ្សារ​កំពុង​បើក​ទូលាយ​សម្រាប់​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ការ​ចរាចរ​ទំនិញ ការ​ប្រកួតប្រជែង និង​គុណភាព​នៃ​ទំនិញ កំពុង​ចោទ​ជា​បញ្ហា​មួយ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ក្នុង​នោះ វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​របស់​កម្ពុជា​ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​ប្រកួតប្រជែង​នឹង​លំហូរ​ទំនិញ​ពី​ក្នុង​តំបន់​ផង​ដែរ ។

លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ថ្លែង​ថា បច្ចុប្បន្ន​នេះ សហគ្រាស​ធុន​តូច និង​ធ​ម្យ​ម​ក្នុង​ប្រទេស​កម្ពុជា​មាន​រាប់​សែន​សហគ្រាស ហើយ​បើ​តាម​ធនាគារជាតិ​នៃ​កម្ពុជា​ថា SME​នៅ​ក្នុងស្រុក​មាន​ជាង​១៥២.០០០​សហគ្រាស ក៏​ប៉ុន្តែ​ភាគច្រើន​នៃ​សហគ្រាស​ទាំងនោះ មិន​ទាន់​ជាប់​ឈ្មោះ​ជា​សហគ្រាស​ពេញ​សិទ្ធិ​នៅឡើយ​ទេ មាន​ន័យ​ថា នៅ​ក្រៅ​ប្រព័ន្ធ​ច្បាប់​នៅឡើយ ដូចនេះ ដល់​ដំណាក់កាល​នេះ សហគ្រាស​ទាំងអស់​ត្រូវ​តែ​ពង្រឹងគុណភាព និង​ផលិតភាព​របស់​ខ្លួន ត្រូវធ្វើ​អ្វី​ឲ្យ​ទៅ​តាម​ច្បាប់ ។

លោក​មាន​ប្រសាសន៍​ថា ៖« បើសិនជា​សហគ្រាស​ទាំងនោះ​នៅ​តែ​មិន​ទាន់​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ ឬ​មិន​ទាន់​ស្ថិត​នៅ​ក្រោម​ច្បាប់​គ្រប់គ្រង​របស់​ក្រសួង​សាមី​នោះ ការ​ពង្រឹងគុណភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​សហគ្រាស​នោះ ក៏​មិនដឹង​ថា​ចាប់ផ្ដើម​ពី​ត្រង់​ណា​មុន​ដែរ ព្រោះ​នៅ​លើ​ពិភពលោក​នេះ ការ​ប្រកួតប្រជែង​ក្នុង​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម កាន់តែ​ខ្លាំង មិន​អាច​នៅ​តែ​ដដែល​បាន​ទេ » ។ លោក​បាន​លើក​ឡើង​ថា កាលពី​ជាង​៣០​ឆ្នាំ​មុន សហគ្រាស​មួយ​អាច​នឹង​ដំណើរការ​បាន​ល្អ ហើយ​មាន​ប្រាក់​ចំណេញ មិន​ចាំបាច់​ស្មុគស្មាញ​ច្រើន​នោះ​ទេ ឲ្យ​តែ​មាន​លុយ មានគំនិត​ក្នុង​ការ​គ្រប់គ្រង ដោយ​មិនបាច់​មាន​បញ្ជីស្នាម​ត្រឹមត្រូវ​ក៏​បាន ព្រោះ​ជំនាន់​នោះ រាល់​ទំនិញ​ពី​បរទេស​ចូល​មក​ត្រូវ​បង់ពន្ធ​ថ្លៃ ដូចនេះ​វា​មិន​អាច​ប្រកួតប្រជែង​ជាមួយ​ផលិតផល​ក្នុងស្រុក​បាន​ទេ ក៏​ប៉ុន្តែ​នៅ​ពេល​កម្ពុជា​បាន​ចូល​ក្នុង​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន លែង​មាន​របាំង​ពន្ធគយ​ទៀត​ហើយ ដូចនេះ​គេ​អាច​នាំ​ទំនិញ​ចូល​មក​ក្នុង​ប្រទេស​ដោយ​មិនបាច់​បង់ពន្ធ​គយ​ទៀត​ទេ ហើយ​កម្ពុជា​ក៏​អាច​នាំ​ទំនិញ​ទៅ​កាន់​បណ្ដា​ប្រទេស​ក្នុង​អាស៊ាន ដោយ​មិនបាច់​បង់ពន្ធ​គយ​ដែរ ។ លោក​បន្ថែម​ថា ដើម្បី​ប្រកួតប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ទាំងនោះ រាល់​ផលិតផល​របស់​ខ្លួន ត្រូវ​តែ​មានគុណ​ភាព និង​តម្លៃ​សមរម្យ ព្រោះ​បើកាលណា​តម្លៃ​ខ្ពស់ ពលរដ្ឋ​នឹង​ទិញ​ទំនិញ​ពី​ប្រទេស​ណា​ដែល​មាន​តម្លៃ​ទាប និង​មានគុណ​ភាព​ដូច​គ្នា ។

លោក​បញ្ជាក់​ថា ដើម្បី​ឲ្យ​SME​របស់​កម្ពុជា​អាចរ​ស់បាន ត្រូវ​រៀនសូត្រ​ពី​បណ្ដា​ប្រទេស​ជឿនលឿន​និង​ដើរ​មុន ដូច​ជា​រៀន​ពី​ប្រទេស​កូរ៉េ ប្រទេស​ជប៉ុន​ជាដើម ។ មិនតែប៉ុណ្ណោះ យើង​ត្រូវ​ចងក្រង​ពួក​គាត់​ជា​បណ្ដុំ ជាក់ស្ដែង​អ្នក​ផលិត​ចំណីអាហារ​ត្រូវ​ចងក្រង​មួយ​ក្រុម ហើយ​បើសិនជា​ពួក​គាត់​នៅ​ម្នាក់ឯង​ពិបាក​នឹង​រក​ទីផ្សារ សម្រាប់​ផ្គត់ផ្គង់​ណាស់ ហើយ​មិនយូរ​មិនឆាប់​អាច​នឹង​បិទ​ក្រុមហ៊ុន​ចោល​ក៏​មាន​ដែរ ។
លោក​ថ្លែង​ថា ៖« បើ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម រីក​ចម្រើន មិនមែន​បាន​ផល​តែ​ចំពោះ​ម្ចាស់​សហគ្រាស​ទេ គឺ​វា​នឹង​ផ្ដល់​ផល​ដល់​ប្រទេស​ជាតិ ជា​ពិសេស​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល ក្នុង​នោះ​ដូច​ជា ផ្ដល់​ការងារ​កាន់តែ​ច្រើន ផ្ដល់​ប្រាក់​ចំណូល​ដល់​ពួក​គាត់​កាន់តែ​ច្រើន ដោយ​មិន​ចាំបាច់​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ជាដើម » ។

វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម (SME) និង​សិប្បកម្ម បាន​ទាក់ទាញ​លំហូរ​ទុន​វិនិយោគ​ប្រមាណ​ជាង​៤.៧០០​លាន​ដុល្លារ​អា​មេ​រិ​ក និង​នាំ​មក​នូវ​ផលរបរ​ប្រចាំឆ្នាំ​ប្រមាណ​ជាង​៩៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។
យោង​តាម​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​រយៈពេល​៥​ឆ្នាំ (២០១៣-២០១៧) បាន​បង្ហាញ​ថា សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម​ឆ្នាំ​២០១៧ មាន​សរុប​ប្រមាណ​ជាង​១៥​ម៉ឺន​មូលដ្ឋាន ស្មើ​ជាង​២៩%​នៃ​ចំនួន​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម​ទាំងអស់ និង​បាន​បង្កើត​ការងារ​សរុប​ចំនួន​ជាង​១​លាន​កន្លែង ព្រមទាំង​​ប្រើប្រាស់​ទុន​សម​មូល​សរុប​សម្រាប់វិនិ យោគ ​ប្រមាណ​ជា​៤.៧០០​លាន​ដុល្លារ និង​នាំ​មក​នូវ​ផលរបរ​ប្រចាំឆ្នាំ​ប្រមាណ​ជាង​៩៣ ​ពាន់​លាន​ដុល្លារ ។

លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​សម្ព័​ន្ឋ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​បាន​ទទួលស្គាល់​ថា វិស័យ​នេះ​ពិតជា​មានការ​រីក​ចម្រើន​ដោយសារ​ការ​យកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល ពិសេស​ការ​ប្រកាស​បើក​នូវ​ធនាគារ​ថ្មី​មួយ ដើម្បី​ជួយ​ដល់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម ។ លោក​បន្ត​ថា ទោះជា​យ៉ាងណា វិស័យ​នេះ​ក៏​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ផង​ដែរ ទាក់ទង​នឹង​ការ​ប្រកួតប្រជែង​ពី​ផលិតផល​ពី​ប្រទេស​ជិតខាង ដែល​ចូល​មក​សម្លាប់​ផលិតផល​ក្នុងស្រុក ។ លោក​បន្ត​ថា ៖« ទោះ​យ៉ាងនេះ​ក្ដី យើង​លើកទឹកចិត្ត​ឲ្យ​អ្នក​ផលិត​ក្នុងស្រុក​បង្កើន​ផលិតភាព និង​ពង្រឹងគុណភាព​ផលិតផល​របស់​ខ្លួន ដើម្បី​បង្កើន​ការ​ប្រកួតប្រជែង ខណៈ​ប្រជាជន​ខ្មែរ​បាន​និង​កំពុង​គាំទ្រ​ផលិតផល​ក្នុងស្រុក​កើនឡើង » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ