ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាពដ៏​ក្ដៅ​គគុកបាន​កើត​​ឡើង ​ក្នុងវេទិកាសាធារណៈ​បន្ទាន់​មួយ…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែនជ័យ​និង​ខណ្ឌដង្កោ បាន​បើក​ធ្វើ​វេទិកាសាធារណៈជា​បន្ទាន់​មួយ ដើម្បី​ទទួលយក​សំណូមពរ ​និង​ផល​លំបាក​នានា​របស់​ប្រជាពលរដ្ឋ​ នៅ​ក្នុង​សហគមន៍បុរី​សន្តិភាព​២ និង​ដោះស្រាយ​រាល់​បញ្ហា​ព្រមទាំង​សំណូមពរ​ទាំងឡាយ​ជូន​ពួក​គាត់ ។ វេទិកាសាធារណៈ​នេះ…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែនជ័យ​និង​ខណ្ឌដង្កោ បាន​បើក​ធ្វើ​វេទិកាសាធារណៈជា​បន្ទាន់​មួយ ដើម្បី​ទទួលយក​សំណូមពរ ​និង​ផល​លំបាក​នានា​របស់​ប្រជាពលរដ្ឋ​ នៅ​ក្នុង​សហគមន៍បុរី​សន្តិភាព​២ និង​ដោះស្រាយ​រាល់​បញ្ហា​ព្រមទាំង​សំណូមពរ​ទាំងឡាយ​ជូន​ពួក​គាត់ ។ វេទិកាសាធារណៈ​នេះ បាន​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៤ ​កញ្ញា នៅ​ក្នុង​បុរីសន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ វេទិកា​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពេល​១​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ​ជាង​៣០០គ្រួសារ​នាំ​គ្នា​ធ្វើ​ការ​ទាមទារ​សុំ​ឲ្យ​ក្រសួងមហាផ្ទៃ កាត់​តំបន់​គាត់​រស់នៅ​ចេញពី​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចូល​ទៅ​ខណ្ឌដង្កោ
​វិញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ខាង​អាជ្ញា​ធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក​អភិបាល​ខណ្ឌ ហែម ដា​រិ​ទ្ធិ និង​មានការ​អញ្ជើញ​ចូលរួម​ដោយ​លោក​វរសេនីយ៍ឯក យឹ​ម សា​រ៉ា​ន់ អធិការ​នគរបាល​ខណ្ឌ និង​លោក សើន កែវ​វណ្ណ​ធី មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខណ្ឌ ព្រម​ទាំ​មន្ត្រី​ក្រោម​ឱវាទ អាជ្ញាធរ​សង្កាត់ និង​នាយ​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ​២​ផង​ដែរ ។ ដោយឡែក​ ខាង​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក អភិបាល​ខណ្ឌ
នុ​ត ពុធ​ដា​រ៉ា និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ លោក ស សុ​ភ័​ណ្ឌ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ ព្រមទាំង​មន្ត្រី​ក្រោម​ឱវាទ រួម​នឹង​អាជ្ញាធរ​សង្កាត់ និង​នាយ​ប៉ុស្តិ៍​នគរបាល​ពងទឹក ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ខណៈនោះ​ ស្ថានភាព​ក្ដៅ​បាន​កើត​មាន​ឡើង​យ៉ាង​ខ្លាំង ដោយសារ​តែ​ប្រជាពលរដ្ឋ​មាន​២​ភាគី គឺ​ភាគីទី​១​ ដឹកនាំ​ដោយ​ប្រធាន​សហគមន៍​ទាំង​៧​របស់​បុរី​សន្តិភាព​២ ដែល​មិន​ចង់​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​ពី​ខណ្ឌ​មួយ ​ទៅ​ខណ្ឌ​មួយ ។ រីឯ​ភាគី​ទី​២ គឺប្រជាពលរដ្ឋ​ដែល​ធ្វើការ​ទាមទារ​សុំ​ឲ្យ​កាត់​ពួក​គាត់​ចេញពី​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចូល​ទៅ​ក្រោម ការ​គ្រប់គ្រង​របស់​ខណ្ឌដង្កោ​វិញ ។ ភាគី​ទាំង​២ បាន​ផ្ទុះ​ពាក្យ​សម្ដី​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ​និង​បាន​លើក​ពី​ហេតុផល​លំបាក និង​ងាយស្រួល​តែ​រៀង​ៗ​ខ្លួន ។

ប្រភព​ខាងលើ​បន្ត​ថា ភាគី​ខាង​ប្រជា​ពលរដ្ឋ​ដែល​ចង់​ប្ដូរ​ការ​គ្រប់គ្រង​ថ្មី​នោះ បាន​ចោទប្រកាន់​ទៅ​លើ​ប្រធាន​សហគមន៍​ទាំង​៧​របស់​បុរី​សន្តិភាព​២​ថា មិន​ចង់​ផ្លាស់​ប្ដូរ​ចេញពី​ខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រោះតែ​ខ្លាច​បាត់បង់​លាភសក្ការៈ​ដោយ​មិន​បាន​គិតគូរ​ពី​ទុក្ខ​លំបាក​របស់​ពួក​គាត់​ដែល​កំពុង​រស់នៅ​ដោយ​ការ​លំបាក​គ្រប់​បែប​យ៉ាងនោះ ។ មិនតែប៉ុណ្ណោះ ពួក​គាត់​ទាំងនោះ​ក៏​បាន​ធ្វើការ​ចោទប្រកាន់​ទៅ​លើ​អាជ្ញាធរ និង​សមត្ថ​កិ​ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ថា អសមត្ថភាព​ក្នុង​ការ​បង្ក្រាប​ចោរលួច ចោរ​គាស់​ផ្ទះ គ្រឿងញៀន និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ កន្ទុយលេខ​ជាដើម ជា​ពិសេស​បញ្ហា​សេវា​សាធារណៈ​មិន​បាន​ល្អ​តែ​ម្ដង មិន​មើលផ្លូវ​ថ្នល់ និង​មិន​គិតគូរ​ពី​បញ្ហា​អនាម័យ​នៅ​ក្នុង​មូលដ្ឋាន​ឡើយ ។ សូ​ម្បី​តែ​បាត់​លិខិត​ស្នាម​ឬ​អត្ត​សញ្ញាណ​ប័ណ្ណ ចង់​បើក​ថ្មី​នគរបាល​ទារ​លុយ​៥០​ដុល្លារ ចំណែក​មេ​ភូមិ​ប្រធាន​សហគមន៍ នៅ​ពេល​ពួក​គាត់​ត្រូវ​ការ​ម្ដង​ៗគឺ​ដឹង​តែ​ពី​លុយ​ប៉ុណ្ណោះ ។ ដោយសារ​តែ​បែប​នេះ ទើប​ពួក​គាត់​ចង់​សុំ​ឲ្យ​កាត់​ចេញពី​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចូល​ទៅ​ខណ្ឌដង្កោ​វិញ ព្រោះ​រស់នៅ​ក្នុង​ខណ្ឌដង្កោ​មាន​សេចក្ដីសុខ​ជាង ។

ប្រភព​ដដែល​បាន​បន្ត​ថា ចំណែក​ខាង​ភាគី​ប្រធាន​សហគមន៍ និង​អ្នកគាំទ្រ បាន​លើក​ឡើង​តប​វិញ​ថា ការ​រស់នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សព្វថ្ងៃ​គឺមាន​សេចក្តីសុខ​គ្រប់​បែប​យ៉ាង​ទាំងអស់ មិន​ដែល​មាន​បញ្ហា​អ្វី​ឡើយ ទាំង​ផ្នែក​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សេវា​សាធារណៈ​ជាដើម ហើយ
គ្មាន​ចោរលួច ចោរប្លន់ ចោរ​គាស់​ផ្ទះ​នោះ​ឡើយរីឯ​បញ្ហា​គ្រឿងញៀន​ក៏​មិន​មាន​ច្រើន​ដែរ ។ ពួក​គាត់​សូម​ប្រឆាំង​មិន​ឲ្យ​ផ្ទេរ​ចេញពី​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឡើយ នៅ​ទីណា​បាន​សុខ ពួក​គាត់​ចង់​នៅ​ទីនោះ​រហូត ។

បន្ទាប់​ពី​មានការ​ជជែក​ជះ​ដាក់​គ្នា​ទៅ​វិញ​ទៅមករ​ហូត​ប៉​ពាល់​យ៉ាង​ខ្លាំង​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រួច​មក បាន​បង្ក​ឲ្យ​វេទិកាសាធារណៈ​នោះ មាន​ភាព​ក្ដៅ​គគុក ហើយ​នៅ​ក្នុង​ខណៈនោះ ស្ទើរតែ​ផ្ទុះ​ហិង្សា​ទៀតផង ។ ភ្លាម​ៗ​នោះ លោក ហែម ដា​រិ​ទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ថ្លែង​ប្ដេជ្ញា​ថា​នឹង​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ និង​ទទួលយក​នូវ​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​ដោះស្រាយ​ជូន ហើយ​ក៏​កែ​លម្អ​រាល់​ចំណុច​ខ្វះខាត​ទាំងឡាយ​ផង​ដែរ ។ដោយឡែក​លោក យឹ​ម សា​រ៉ា​ន់ អធិការ​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សំណូមពរ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​និយាយ​អ្វី​តាម​ត្រង់​កុំ​ភូត​កុហក និង​បំផ្លើស​ឲ្យ​សោះ ជា​ពិសេស​កុំ​យក​កំហឹង ឬ​គំនុំ​ផ្ទាល់ខ្លួន​មក​និយាយ​ខ្វះ​ការ​ពិត ។

ដូច​ជា​ចោទ​ថា នគរបាល​អសមត្ថភាព​ក្នុង​ការ​បង្ក្រាប​បទល្មើស​នោះ​មិន​ត្រឹមត្រូវ​ទេ កន្លង​មក​កម្លាំង​នគរបាល​របស់​អធិការដ្ឋាន ធ្លាប់​បង្ក្រាប​ក្រុម​ចោរ​គាស់​ផ្ទះ​បានជា​បន្តបន្ទាប់​៥​ករណី​ដោយ​ឃាត់ខ្លួន​ប្រមាណ​៤០​នាក់​មក​ហើយ ។ ចំណុច​មួយទៀត​គឺ​បញ្ហា​ដែល​ថា នគរបាល​យក​លុយ​៥០​ដុល្លារ រឿង​បើក​អត្ត​សញ្ញាញ​ណ​ប័ណ្ណ​ថ្មី​នោះ ក៏​សូម​បងប្អូន​និយាយ​ចុច​ឲ្យ​ចំ​ឈ្មោះ​បុគ្គល​តែ​ម្ដង​ទៅ តើ​មន្ត្រី​ម្នាក់​ណា ឈ្មោះ​អ្វី អត្តលេខ​ប៉ុន្មាន ព្រោះ​នគរបាល​ក៏​មាន​កិត្តិយស​ដែរ មិន​អាច​ថា​ទាំងអស់​បាន​ឡើយ ។

ទោះបីជា​បែប​ណា លោក​អធិការ​បាន​សន្យា​ថា​នឹង​ពង្រឹងកម្លាំង​ការពារ​សន្តិសុខ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​និង​បាន​ចែកលេខ​ទូរស័ព្ទ​ជូន​ពួក​គាត់ សម្រាប់​ផ្ដល់​ព័ត៌មាន​នៅ​ពេល​មានរឿង​អ្វី​កើតឡើង ។នៅ​ក្នុង​ឱកាស​នោះ លោក នុ​ត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ បាន​ថ្លែង​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​សុំ​ផ្លាស់​ប្ដូរ​ខណ្ឌ សុំ​កុំ​ផ្លាស់​អី ព្រោះ​ទាំង​អាជ្ញាធរ​និង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្ដេជ្ញា​ពង្រឹង​ការងារ​ជូន​បងប្អូន​គ្រប់​ផ្នែក​ទាំងអស់​ទៅ​ហើយ ។ ដូច្នេះ គួរតែ​បោះបង់​ចោលការ​តវ៉ា ហើយ​ចូលរួម​ចំណែក​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ខាងលើ​ក្នុង​ភាព​ជឿជាក់​វិញ ។ ទោះបីជា​បែប​ណា ប្រជាពលរដ្ឋ​ខាងលើមិន​ទាន់​យល់ព្រម​នៅឡើយ​ទេ ប៉ុ​ន្ត​ពួក​គាត់​រង់ចាំ​មើល​ការ​សន្យា​របស់​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំពោះ​ពួក​គាត់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ