ការងារសុចរិតមានច្រើនណាស់ដែលយើងត្រូវធ្វើ ត្រូវសន្សំទុករាល់ថ្ងៃ ដើម្បីសុខចម្រើនក្នុងលោកទាំងពីរពិសេសគឺបុណ្យកុសលហ្នឹងហើយជាស្ពានចម្លងដំណើរជីវិតរបស់យើងទៅកាន់សុគតិភពផុតអស់គ្រោះភ័យទាំងឡាយ ។ យល់សភាពពិតបែបនេះបុគ្គលគួរធ្វើល្អគ្រប់ពេលមិនមែនក្រៅតែពីការងាររកទទួលទានហើយក៏ត្រូវចប់ដែរនោះទេ គឺនៅតែមានការងារដែលត្រូវធ្វើ ឬត្រូវបង្កើតឡើងតាមដួងចិត្តជាច្រើនទៀតដែលយើងត្រូវអនុវត្ត ត្រូវធ្វើ ត្រូវអប់រំរាល់ថ្ងៃដោយគ្មានពេលសម្រាកឡើយ។ តែមិនដូច្នោះទេមនុស្សពួកខ្លះពេលទំនេរមិនគិតសន្សំបុណ្យកុសល បែរជាទៅអង្គុយនិយាយដើមគេ ពិតជាមិនល្អសោះ ។
មែនហើយការងារអាក្រក់ច្រើនណាស់ ដែលអ្នកធ្វើហើយតែមិនបានគិតថា វាជាអំពើបាបនោះឧទាហរណ៍ដូចជា ការមានចិត្តបៀតបៀនគេ ការឈ្នានីសគេ ការនិយាយដើមគេ ការច្រណែនគេ ដែលទាំងអស់នេះមានមនុស្សជាច្រើន ពេលទំនេរក៏ទៅអង្គុយនិយាយពីនេះខ្លះ ពីនោះខ្លះ អ្នកនេះមិនល្អយ៉ាងនេះ អ្នកនោះអាក្រក់យ៉ាងនេះ យ៉ាងនោះជាដើម នេះគឺជាការងារដ៏អាក្រក់មួយ តែបុគ្គលមិនបានគិតថាវាជាអំពើបាបទេ ព្រោះអ្នកគិតថាមិនបានទៅធ្វើផ្ទាល់ដៃ ឬទៅសម្លាប់គេ ។
តាមពិតទៅអំពើបាបមិនមែនទាល់តែអ្នកទៅសម្លាប់ជីវិតគេនោះទេ មិនបានសម្លាប់គេក៏មានបាបដូចគ្នាដូចជា យើងមានគំនិតមិនល្អ ការទៅនិយាយដើមគេ ការបៀតបៀនគេ ច្រណែនឈ្នានីសគេ ព្យាបាទគេ…ទាំងនេះសុទ្ធតែជាអំពើបាបពិតៗ ពោលគឺនរណានៅមានអកុសលមូល លោភៈ ទោសៈ មោហៈ បាបនឹងមាននៅក្នុងបុគ្គលនោះ ហើយអពមង្គលក៏កើតឡើងក្នុងពេលដំណាលគ្នាដែរ ។
ព្រះអង្គលោកមិនសរសើរការងារណា ដែលជាការងារមិនប្រក្រតី ការងារមានទោសនាំមកនូវសេចក្តីវិនាស នាំមកនូវអពមង្គលនោះឡើយ ។
ចែករំលែកព័តមាននេះ