ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខួប​ប៉ុនប៉ង​ធ្វើឃាត សម្តេច​តេ​ជោ​អហោសិកម្ម​ដល់​អ្នក​ចង់​សម្លា.ប់​កាលពី​29​ឆ្នាំ​មុន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​សន្យា​យ៉ាង​ដាច់​ណាត់​ថា ទោះបី​ស្ថិត​នៅ​ក្នុង​តម្លៃ​ណា​ក៏​ដោយ ត្រូវ​តែ​ការពារ​សន្តិភាព និង​ការពារ​ជាតិ ជីវិត​ប្រជាជន​កម្ពុជា​ឲ្យ​ខាង​តែ​បាន…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​សន្យា​យ៉ាង​ដាច់​ណាត់​ថា ទោះបី​ស្ថិត​នៅ​ក្នុង​តម្លៃ​ណា​ក៏​ដោយ ត្រូវ​តែ​ការពារ​សន្តិភាព និង​ការពារ​ជាតិ ជីវិត​ប្រជាជន​កម្ពុជា​ឲ្យ​ខាង​តែ​បាន ។ ការ​ប្រកាស​ជំហរ​របស់​សម្តេច​តេ​ជោ​នេះ គឺ​ស្រប​នឹង​ខួប​២០​នៃ​ការ​ប៉ុនប៉ង​ធ្វើឃាត​សម្តេច​នៅ​ក្នុង​ទឹកដី​ខេត្តសៀមរាប ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​លើ​បណ្តាញ​សង្គម​ផ្លូវការ​ថា «​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨​នេះ គឺជា​ខួប​២០​ឆ្នាំ​នៃ​ការ​ប៉ុនប៉ង​ធ្វើឃាត​លើ​រូប​ខ្ញុំ​នៅ​ខេត្តសៀមរាប​(២៤ ខែកញ្ញា ១៩៩៨-២៤ ខែកញ្ញា ២០១៨) នៅ​ម៉ោង​៨​និង​៥២​នាទី មាន​គ្រាប់​រ៉ុក្កែត​បេ​៤០​មួយ​គ្រាប់​ក្នុង​ចំណោម​៤​គ្រាប់ បាន​ហោះ​សំដៅ​រថយន្ត​ខ្ញុំ តែ​មិន​បាន​ត្រូវ​រថយន្ត​ខ្ញុំ​ទេ ហើយ​ជា​អកុសល​វា​បាន​ទៅ​បុក​ផ្ទះ​ប្រជាជន​នៅ​ម្ខាង​ផ្លូវ​ធ្វើ​ឲ្យ​ប្រជាជន​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​ត្រូវ​របួស​ជា​ទម្ងន់​» ។

សម្តេច​តេ​ជោ​បាន​បន្ថែម​ថា ការ​រៀបចំ​ធ្វើឃាត​លើ​រូប​ខ្ញុំ​នា​ពេល​នោះ ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​ពេល​នៃ​ការ​ប្រជុំ​សភា​នីតិកាល​ទី​២ ដែល​ត្រូវ​ប្រជុំ​នៅ​ព្រះរាជ​ដំណាក់​នាទី​ក្រុង​សៀមរាប ក្រោម​ព្រះ​រាជាធិបតី​ភាព​សម្តេចព្រះ នរោត្តម សីហ​នុ ។ ប្រសិនបើ​ពេល​នោះ​គ្រាប់​បេ​៤០ ទាំង​៤​គ្រាប់​ផ្ទុះ​ព្រម​គ្នា​ទាំងអស់ ឬ​ព្រឹក​នោះ​មិន​មាន​ភ្លៀង​ធំ​ស្ទើរ​បាក់​មេឃ ដែល​ធ្វើ​ឲ្យ​ខ្សែភ្លើង​បញ្ជា​គ្រាប់​ទាំងនេះ​ឆ្លង​ទឹក គឺ​ប្រហែល​ជីវិត​ខ្ញុំ​ត្រូវ​ចប់​តាំងពី​ពេល​នោះ​មក ។

សម្តេច​តេ​ជោ​បញ្ជាក់​ថា «​ប្រសិនបើ​ខ្ញុំ​ស្លាប់នា​ពេល​នោះ តើ​នឹង​មានរឿង​អ្វី​កើតឡើង ក្រោយពេល​ខ្ញុំ​ស្លាប់​នៅ​ក្នុង​ក្រុង​សៀមរាប ? បន្ទាប់​មក​តើ​សង្គ្រាម​អាច​បញ្ចប់​បាន​តាម​រយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ​ដូច​ពេល ហ៊ុន សែន នៅ​រស់​ឬទេ ? នេះ​ជា​ចម្លើយ​ដែល​ត្រូវ​ឆ្លើយ​សម្រាប់​សំណួរ​ទាំង​ពីរ​ខាងលើ​នេះ​» ។ ជាមួយ​គ្នា​នេះ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​អរ​ព្រះ​គុណ​ទេវតា​ថែរក្សា​អង្គរវត្ត ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម និង​បារមី​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងអស់​ដែល​ជួយ​ការពារ​សម្តេច​នា​ពេល​នោះ​ផង​ដែរ ។

សម្តេច​តេ​ជោ​គូសបញ្ជាក់​ថា «​ខ្ញុំ​ជឿ​ច្បាស់​ណាស់​ថា អ្នក​ជួយ​ជីវិត​ខ្ញុំ​នា​ពេល​នោះ​គឺ​តាម​ផ្លូវ​ងងឹត គឺ​គុណបុណ្យ​ទេវតា ទាំង​ភូមិ​ទេវតា រុក្ខទេវតា អាកាស​ទេវតា បារមី​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម បារមី​ដែល​តាម​ថែរក្សា​ខ្ញុំ​ជា​ប្រចាំ​កន្លងមក​បាន​ជួយ​ជីវិត​ខ្ញុំ​ឲ្យ​ខ្ញុំរ​ស់បាន​២០​ឆ្នាំ​កន្លង​មកនេះ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បាន​ដឹកនាំ​ប្រទេស​ចេញពី​សង្គ្រាម​មក​កាន់​សន្តិភាព និង​ការ​អភិវឌ្ឍ​ដូច​សព្វថ្ងៃ​» ។ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា «​ខ្ញុំ​បាន​អហោសិកម្ម​ឲ្យ​អ្នក​ដែល​ចង់​សម្លាប់​ខ្ញុំ​នៅ​ខេត្តសៀមរាប​រួច​ហើយ បើ​ទោះជា​ខ្ញុំ​មាន​ពន្លឺ​ក្នុង​ការ​ស្រាវជ្រាវ​ក៏​ដោយ តែ​អ្នក​ត្រូវ​ដឹង​ថា ពេល​ណា​ខ្ញុំ​នៅ​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី ខ្ញុំ​មិន​ឲ្យពួក​អ្នក​សម្លាប់​ខ្ញុំ​បាន​ទេ មិន​ឲ្យ​ពួក​អ្នក​ធ្វើ​រដ្ឋ​ប្រហារ​ឬ​ធ្វើ​បដិវត្ត​ពណ៌​បាន​ទេ​» ។ សម្តេច​តេ​ជោ​បន្ត​ថា «​ទោះ​ដោយ​តម្លៃ​ណា​ក៏​ដោយ ខ្ញុំ​ត្រូវ​ការពារ​សន្តិភាព និង​ការពារ​ជីវិត​ប្រជាជន​កម្ពុជា​ឲ្យ​ខាង​តែ​បាន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ