ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី ថោ​ង ខុន​៖​ពិភពលោក​កំពុង​លើក​ស្ទួយ​ទេសចរណ៍​សហគមន៍

5 ឆ្នាំ មុន

ទីក្រុង​តូ​ក្យូ ៖ វិស័យ​ទេសចរណ៍​សហគមន៍ ពិតជា​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ កាត់​ការ​បន្ថយ​ចំណាកស្រុក​ពី​ជនបទ​មក​ទីក្រុង និង​រួមចំណែក​ដល់​កិច្ចការពារបរិស្ថាន ទើប​បានជា​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​ជប៉ុន ឆ្នាំ​២០១៨ (Japan Tourism…

ទីក្រុង​តូ​ក្យូ ៖ វិស័យ​ទេសចរណ៍​សហគមន៍ ពិតជា​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ កាត់​ការ​បន្ថយ​ចំណាកស្រុក​ពី​ជនបទ​មក​ទីក្រុង និង​រួមចំណែក​ដល់​កិច្ចការពារបរិស្ថាន ទើប​បានជា​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​ជប៉ុន ឆ្នាំ​២០១៨ (Japan Tourism Expo 2018) នៅ​ទីក្រុង​តូ​ត្យូ ប្រទេស​ជប៉ុន និង​កិច្ចប្រជុំ​តុមូលរ​ដ្ន​មន្ត្រី​ទេសចរណ៍​លើក​ទី​២ បាន​លើកយក​ប្រធានបទ​តែ​មួយ​គត់​មក​ពិភាក្សា​គ្នា​យ៉ាង​ល្អិតល្អន់​ស៊ីជម្រៅ គឺ « និរន្តរភាព​ទេសចរណ៍ ដើម្បី​អភិវឌ្ឍន៍​សហគមន៍​» ឬ​ហៅ​ថា (Sustainable Tourism for Community Development) ។

កិច្ចប្រជុំ​តុមូល​រដ្ឋមន្ត្រី​ទេសចរណ៍​លើក​ទី​២​នេះ បាន​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ ក្នុង​នោះ​ក៏​មានការ​ចូលរួម​ពី​រដ្ឋមន្ត្រី​មក​ពី​១៩​ប្រទេស និង​ដោយ​មានការ​ចូលរួម​ពី​តំណាង​អង្គការ​អន្តរជាតិ​ធំ​ៗ រួម​មាន លោក Zurab Pololikashvili អគ្គលេខាធិការ​នៃ​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) , លោកស្រី Gloria Guevara ប្រធាន​អង្គការ​ទេសចរណ៍ និង​ធ្វើ​ដំណើរ​ពិភពលោក (WTTC) និង​លោក Mario HARDY អគ្គនាយក​នៃ​សមាគម Pacific Association of Travel Agents (PATA) និង​លោក Shannon Stowell ប្រធាន​សមាគម​ទេសចរណ៍​ផ្សងព្រេង (Adventure Tourism Association= ATA) ដោយ​ចែករំលែក​បទ​ពិសោធន៍ ពិភាក្សា​គ្នា​រិះរក​យន្តការ និង​យុទ្ធសាស្ត្រ ដើម្បី​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព សម្រាប់​ប្រទេស និង​តំបន់ ។

ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​គូសបញ្ជាក់​ពី​រូបមន្ត​គំរូ 4Ps ដែល​បាន​រក​ឃើញ​នៅ​កម្ពុជា ហើយ​ត្រូវ​បាន​ទទួលស្គាល់​ជា​សាកល រួម​មាន ៖

– P1= Public (​ផ្នែក​សាធារណៈ​) ៖ រដ្ឋាភិបាល​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ត្រូវ​យកចិត្តទុកដាក់​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ (​ផ្លូវ​ចូល​ទស្សនា​) រៀបចំ​គោលនយោបាយ បទដ្ឋាន​គតិ​យុ​ត្ត​នានា និង​ច្បាប់ ដើម្បី​គាំទ្រ និង​ការពារ​សហគមន៍​។​ល​។
– P2 = Partnership (​ដៃគូ​អភិវឌ្ឍន៍​)៖ ដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ ដូច​ជា អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) ធនាគា​អភិវឌ្ឍន៍​អាស៊ី (ADB), សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វី​ក (PATA) wild life Alliance និង​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ត្រូវ​ផ្តល់​ហិរញ្ញប្បទាន និង​ជំនួយ​បច្ចេកទេស​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស ការ​គ្រប់គ្រង​អភិវឌ្ឍន៍​សហគមន៍ ការ​បណ្តុះបណ្តាល​ព័ត៌មានវិទ្យា និង​ការ​ផ្សព្វផ្សាយ​ពី​សហគមន៍​ដែល​មានការ​ទទួលខុសត្រូវ តាម​រយៈ​បណ្តាញ​សហគមន៍​អន្តរជាតិ ។
– P3= Private (​ផ្នែក​ឯកជន​)៖ ការី​ទេសចរណ៍ ទីភ្នាក់ងារ​ទេសចរណ៍ និង​ធុរជន​ទេសចរណ៍​ត្រូវ​ជួយ​ផ្សព្វផ្សាយ ព្រមទាំង​រៀបចំ​កញ្ចប់​ទស្សនកិច្ច ដែល​មានការ​ទទួលខុសត្រូវ​ទៅ​កាន់​សហគមន៍​ទេសចរណ៍ និង​អាច​ជួយ​ពិចារណា​នាំ​គម្រោង​វិនិយោគ​ខ្នាត​តូច (Small Scale)​ដូច​ជា Eco-lodges​មក​កាន់​សហគមន៍ ។
– P4= People (​ប្រជា​សហគមន៍ និង​ទេសចរ​)៖ ប្រជា​សហគមន៍​ជា​បញ្ហា​គន្លឹះ ពួក​គាត់​ត្រូវ​ឆ្លងកាត់​ការ​អប់រំ បណ្តុះបណ្តាល ដើម្បី​ឱ្យ​ពួក​គាត់​យល់​អំពី​គុណ​តម្លៃ និង​អត្ថប្រយោជន៍ ពិសេស​ចំណូល​ថវិកា​ដែល​បាន​ពី​សកម្មភាព​ទេសចរណ៍ ជា​ជាង​ចំណូល​ដែល​បាន​មក​ពី​ការ​ប្រមាញ់​សត្វព្រៃ និង​ការ​កាប់​បំផ្លាញ់​ព្រៃឈើ ។

អត្ថប្រយោជន៍​ពី​សកម្មភាព​ទេសចរណ៍ រួម​មាន ៖ ចំណូល​ពី​សេវាកម្ម​ផ្ទះ​ស្នាក់ ការ​ធ្វើ​មគ្គទ្ទេសក៍​ទេសចរណ៍ សេវាកម្ម​ម្ហូបអាហារ និង​ការ​ផ្គត់ផ្គង់​ភេសជ្ជៈ និង​សេវាកម្ម​ដឹក​ជញ្ជូន ។​ល​។ ចំពោះ​ទេសចរ​ក្នុងស្រុក និង​ទេសចរ​អន្តរជាតិ ពួក​គេ​ក៏​ត្រូវ​ឆ្លងកាត់​ការ​អប់រំ​ឱ្យ​បាន​ល្អ​អំពី​ដំណើរ​ទេសចរណ៍ ប្រកបដោយ​ការ​ទទួល​ការ​ខុស​ត្រូវ គោរព​ប្រពៃណី​ទំនៀមទម្លាប់​របស់​ប្រជា​សហគមន៍​មូលដ្ឋាន ក៏​ដូច​ជា​កិច្ចការពារបរិស្ថាន និង​ធម្មជាតិ ។

គួរ​រំលឹក​ថា គន្លឹះ​នៃ​និរន្តរភាព​ទេសចរណ៍ ដើម្បី​អភិវឌ្ឍន៍​សហគមន៍ គឺ​ការ​បែងចែក​អត្ថប្រយោជន៍​ដល់​ប្រជា​សហគមន៍ ប្រកបដោយ​សមធម៌ (équitable benefit sharing)​។ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា អាស៊ាន​ក៏​បាន​ដាក់​ចេញ​ស្តង់ដា​ទេសចរណ៍​ជា​ច្រើន សំដៅ​ធានា​បាន​នូវ​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​ប្រកបដោយ​គុណភាព ដូច​ជា ស្តង់ដា​សហគមន៍​ទេសចរណ៍​អាស៊ាន និង​ស្តង់ដា​ផ្ទះ​ស្នាក់​អាស៊ាន​ជាដើម ។ ដោយឡែក ក្នុង​ចំណោម​ស្តង់ដា​ទាំងនោះ កម្ពុជា​មាន​កិត្តិយស​ក្នុង​នាម​ជា​ប្រទេស​នាំមុខ​ក្នុង​ការ​រៀបចំ​ស្តង់ដា​សហគមន៍​ទេសចរណ៍​អាស៊ាន និង​ស្តង់ដា​ទីក្រុង​ស្អាត​អាស៊ាន​។ ស្រប​ជាមួយ​គ្នា​នោះ កម្ពុជា​ក៏​បាន​រៀបចំ​ឱ្យ​មាន​ស្តង់ដា​របស់​ខ្លួន ដើម្បី​ធានា​គុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍ សំដៅ​ធានា​ឱ្យ​បាន​នូវ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព ។

ម្យ៉ាងទៀត លោក​រដ្ឋមន្ត្រី​បាន​ជម្រាប​អង្គ​វេទិកា​ថា ដោយ​កម្ពុជា​មាន​សហគមន៍​ជាង​២​ពាន់​កន្លែង ដែល​បាន​ចុះបញ្ជី​ក្នុង​ស្ថាប័ន​ផ្សេង​គ្នា ដូច​ជា ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួង​ធនធានទឹក និង​ឧតុនិយម​ជាដើម និង​ដោយ​ពិនិត្យ​ឃើញ​ថា ក្នុង​ចំណោម​សហគមន៍​ទាំង​ជាង​២​ពាន់​នោះ ក៏​អាច​មាន​សហ​គម៍​ខ្លះ​មាន​សក្តានុពល​អាច​អភិវឌ្ឍន៍​បន្ថែម​ជា​សហគមន៍​ទេសចរណ៍ ដែល​អាច​រក​ចំណូល​បន្ថែម​ពី​សកម្មភាព​ទេសចរណ៍​ជូន​សហគមន៍​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ