ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ចាប់ផ្ដើម​ពង្រឹង​សន្តិសុខ និង​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​បាន​ចេញ​នូវ​សេចក្តីណែនាំ​មួយ​ទៅ​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ទាំងអស់ ស្តី​ពី​ការ​ពង្រឹង​ការពារ​សន្តិសុខ សុវត្ថិភាព​ដល់​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​កម្សាន្ត​នៅ​ព្រះ រាជាណាចក្រ​កម្ពុជា ។ យោង​តាម​សេចក្តីណែនាំ​នេះ ក្រសួង​បាន​កត់​សម្គាល់ថា វិស័យ​ទេសចរណ៍​គឺជា​វិស័យ​អាទិភាព​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​-​សង្គម…

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​បាន​ចេញ​នូវ​សេចក្តីណែនាំ​មួយ​ទៅ​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ទាំងអស់ ស្តី​ពី​ការ​ពង្រឹង​ការពារ​សន្តិសុខ សុវត្ថិភាព​ដល់​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​កម្សាន្ត​នៅ​ព្រះ រាជាណាចក្រ​កម្ពុជា ។

យោង​តាម​សេចក្តីណែនាំ​នេះ ក្រសួង​បាន​កត់​សម្គាល់ថា វិស័យ​ទេសចរណ៍​គឺជា​វិស័យ​អាទិភាព​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​-​សង្គម ដោយ​បាន​នាំ​មក​នូវ​ចំណូល​ដល់​ជាតិ ផ្តល់​ឱកាស​ការងារ និង​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព ។ ជាក់ស្តែង ក្នុង​ឆ្នាំ​២០១៧​កន្លង​មកនេះ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ចំនួន​៥,៦​លាន​នាក់ កើនឡើង​១១,៨% និង​ទទួល​បាន​ចំណូល​ជូន​ជាតិ​ជាង​៣,៦​ពាន់​លាន​ដុល្លារ រួមចំណែក​ប្រមាណ​១២%​នៃ​ផលិតផល​ក្នុងស្រុក​សរុប និង​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ ដោយ​ផ្ទាល់​ចំនួន​៦៥​ម៉ឺន​នាក់ ។

ក្រសួងទេសចរណ៍​បាន​បញ្ជាក់​ថា នៅ​ក្នុង រយៈពេល​៦​ខែ​ដើមឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​កម្សាន្ត​ក្នុង​ប្រទេស​កម្ពុជា​មាន​ប្រមាណ​ជាង​៣​លាន​នាក់ កើនឡើង​១៣% បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​ឆ្នាំ​២០១៧ ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរ​ចិន​ច្រើន​ជាងគេ ឈរ​នៅ​លំដាប់​ខ្ពស់​ក្នុង​ចំណោម​ភ្ញៀវ​ទាំង​១០​ប្រទេស (Top ១០ ) ។ អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លោក​ហោ សា​រុន បាន​ថ្លែង​ថា ដើម្បី​បង្ការ និង​ធានា​សន្តិសុខ និង​សុវត្ថិភាព​ភ្ញៀវ​ទេសចរ ជា​ពិសេស​ភ្ញៀវ​ទេសចរ​ចិន ក្រសួងទេសចរណ៍​បាន​ណែនាំ​ដល់​គ្រប់​មន្ទីរ​ទេសចរណ៍ រាជធានី​-​ខេត្ត ឲ្យ​ខិតខំ​យកចិត្តទុកដាក់​ខ្ពស់​លើ​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព​ភ្ញៀវ​ទេសចរ ដែល​មក​ទស្សនា​កម្សាន្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​បន្ដ​ថា ចំណុច​សំខាន់​ៗ​នៃ​សេចក្តីណែនាំ​របស់​ក្រសួង រួម​មាន ត្រូវ​តាមដាន​រាល់​ព័ត៌មាន និង​សេចក្តីជូនដំណឹង​ពី​អាកាសធាតុ ក្នុង​ករណី​មាន​ខ្យល់ព្យុះ ខ្យល់​ក​ន្ទ្រា​ក់ ភ្ញៀវ​ធ្លាក់​ខ្លាំង ទឹកជំនន់ ឬ​គ្រោះ​ធម្មជាតិ​ផ្សេង​ៗ ដែល​អាច​បង្ក​គ្រោះថ្នាក់ ដល់​ភ្ញៀវ​ទេសចរ និង​ជា​ពិសេស​ម្ចាស់​ទូក​ម៉ាស៊ីន​ដឹក​ភ្ញៀវ​ទេសចរ ។ ទន្ទឹម​នោះ ត្រូវ​យកចិត្តទុកដាក់​ត្រួតពិនិត្យ​មធ្យោបាយ​ដឹក​ជញ្ជូន​ទេសចរណ៍ (​ផ្លូវទឹក ផ្លូវគោក ផ្លូវដែក ) ត្រូវ​មាន​សោភ័ណ​ភាព គុណភាព ផាសុកភាព និង​មាន​សម្ភារ​សង្គ្រោះ​ពេល មាន​គ្រោះថ្នាក់ ។ ត្រូវ​មាន​ស្លាក​សញ្ញា​សុវត្ថិភាព និង​សញ្ញា​គ្រោះថ្នាក់​ផ្សេង​ៗ​ទៀត នៅ​តាម​តំបន់ រមណី​ដ្ឋា​ន​នានា​ជា​ភាសា​ខ្មែរ អង់គ្លេស និង​ភាសា​ទី​៣( យោង​សារាចរ​ណែនាំ​លេខ​០០៤ សរណ​ន ចុះ​ថ្ងៃ​ទី​២៩ ខែ​មិ​នា ឆ្នាំ​២០១៨)​។ ចំណែក​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ ត្រូវ​មាន​បំពាក់​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​កម្រិតស្តង់ដា (​បំពង់​ពន្លត់​អគ្គិភ័យ កាមេរ៉ា​សុវត្ថិភាព ច្រក​សុវត្ថិភាព ជាដើម​) ។ ត្រូវ​មាន​វិធានការ​ការពារ និង​ត្រៀម​ទុកជា​មុន​នូវ​សម្ភារ​បឋម ដើម្បី​ជួយ​ដល់​ភ្ញៀវ​ទេសចរ​នៅ​ពេល​ជួប​នូវ​គ្រោះថ្នាក់​ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ។

មន្ទីរ​ទេសចរណ៍​ត្រូវ​ធ្វើការ​ណែនាំ​ដល់ទី​ភ្នាក់ងារ និង​ការី​ទេសចរណ៍​មិន​ត្រូវ​រៀបចំ​ខ្សែ ទស្សនកិច្ច​ទៅ​កាន់​ទីកន្លែង​ណា ដែល​មាន​ហានិភ័យ​ខ្ពស់ ជា​ពិសេស​សម្រាប់​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន ។ ត្រូវ​មាន​លេខ​ទូរស័ព្ទ​សម្រាប់​ទំនាក់ទំនង​បន្ទាន់​នៅ​ពេល​ដែល​ភ្ញៀវ​ទេសចរ​ជួប​គ្រោះថ្នាក់​ផ្សេង​ៗ ។

ដោយឡែក​ចំពោះ​អ្នក​វិនិយោគ​បរទេស​ដែល​មក​រកស៊ី​ទទួលទាន​រយៈពេល​វែង​នៅ​កម្ពុជា​មាន​បំណង​ចង់​បើកបរ​រថយន្ត​ដោយ​ខ្លួនឯង​លើ​ផ្លូវថ្នល់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​មាន​ប័ណ្ណបើកបរ​កម្ពុជា​តាម​មធ្យោបាយ​ពីរ​យ៉ាង គឺ​ត្រូវ​ប្រឡង​យក​ប័ណ្ណបើកបរ​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​ដែរ ហើយ​ត្រូវ​យក​ប័ណ្ណបើកបរ​របស់​ប្រទេស​ខ្លួន​មក​ប្តូរ​យក​ប័ណ្ណបើកបរ​កម្ពុជា ដោយ​ដាក់​ពាក្យសុំ​នៅ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ។ ក្នុង​ករណី ប័ណ្ណបើកបរ​មិន​សរសេរ​ជា​ភាសា​អង់គ្លេស ឬ​ភាសា​បារាំង​ត្រូវ​បកប្រែ​ជា​ភាសា​ខ្មែរ ឬ​ភាសា​អង់គ្លេស ឬ​ភាសា​បារាំង ដោយ​មានការ​បញ្ជាក់​ទទួលស្គាល់​ពី​ស្ថានទូត ឬ​ទី​ស្ថាន​កុងស៊ុល ឬ​ស្ថាន​របស់​បេសកកម្ម​របស់​ខ្លួន ។

ចំពោះ​ជនបរទេស​ដែល​កាន់​ប័ណ្ណបើកបរ​អន្តរជាតិ « International Driving Permit» ដោយ​អនុលោម​តាម​អនុសញ្ញា​ទីក្រុង​វី​យ៉ែ​ន ឆ្នាំ​១៩៤៩ ឬ​ឆ្នាំ​១៩៦៨ អាច​បើកបរ​រថយន្ត​នៅ​លើ ផ្លូវថ្នល់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បាន ប៉ុន្តែ​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ប័ណ្ណបើកបរ​ជាតិ​របស់​ជន បរទេស​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ