ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ចាប់ផ្ដើម​មក​វិនិយោគ​សង់រោង​ចក្រ​កែ​ច្នៃ​សំរាម​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ខណៈ​ពេល​ដែល​កាក​សំណល់ និង​សំរាម​កំពុង​ក្លាយជា​បញ្ហា​ចោទ​មួយ នៅ​កម្ពុជា វិនិយោគិន​បរទេស​ជា​បន្ដបន្ទាប់​បាន​មក​សិក្សា និង​បោះទុន​វិនិយោគ​សាងសង់​រោងចក្រ​កែ​ច្នៃ​កាក​សំណល់ និង​សំរាម​នេះ​ឲ្យ​ទៅ​ជា​ផលិតផល​សម្រាប់​បម្រើ​ឲ្យ​សេចក្ដី​ត្រូវការ​ក្នុងស្រុក ។ ជាក់ស្ដែង…

ខេត្តស្វាយរៀង ៖ ខណៈ​ពេល​ដែល​កាក​សំណល់ និង​សំរាម​កំពុង​ក្លាយជា​បញ្ហា​ចោទ​មួយ នៅ​កម្ពុជា វិនិយោគិន​បរទេស​ជា​បន្ដបន្ទាប់​បាន​មក​សិក្សា និង​បោះទុន​វិនិយោគ​សាងសង់​រោងចក្រ​កែ​ច្នៃ​កាក​សំណល់ និង​សំរាម​នេះ​ឲ្យ​ទៅ​ជា​ផលិតផល​សម្រាប់​បម្រើ​ឲ្យ​សេចក្ដី​ត្រូវការ​ក្នុងស្រុក ។ ជាក់ស្ដែង ក្រុមហ៊ុន​ដែល​មានបទពិសោធន៍​លើ​ការ​កែ​ច្នៃ​សំរាម​របស់​ប្រទេស​ជប៉ុន បាន​ប្រកាស​បោះទុន​វិនិយោគ​សាងសង់​រោងចក្រ​នៅ​ខេត្តស្វាយរៀង ។

នៅ​ក្នុង​ជំនួប​ជាមួយ​លោក ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​២០ កញ្ញា កន្លង​មក លោក YUSUKE OKUMURA នាយក​ក្រុមហ៊ុន GOMI RECYCLE 110 CO.,LTD និង​លោក Yasuhara តំណាង​អង្គការ JICA បាន​លើក​ឡើង​ថា ដោយ​មានការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​រដ្ឋបាល​ខេត្ត បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​បាន​ត្រៀម​នាំ​ចូល​រថយន្ត​ដឹក​សំរាម និង​សង់រោង​ចក្រ​នៅ​ទីតាំង​ដែល​ក្រុមហ៊ុន និង​រដ្ឋបាល​ខេត្តស្វាយរៀង បាន​ជ្រើសរើស​រួច​មក​ហើយ​នោះ ។

លោក YUSUKE OKUMURA នាយក​ក្រុមហ៊ុន GOMI RECYCLE 110 CO.,LTD បាន​លើក​ឡើង​ពី​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​គម្រោង​នេះ និង​ស្នើ​សូម​ឲ្យ​រដ្ឋបាល​ខេត្ត​បន្ដ​ជួយ​សហការ​ដើម្បី​អនុវត្ត​កិច្ចការ​ដែល​នៅ​សេសសល់​ឲ្យ​សម្រេច​បាន​លទ្ធផល​ស្ថាពរ​នា​ពេល​ខាង​មុខ ។ ជាមួយ​នេះ លោក​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​គាំទ្រ និង​សហការ​ជាមួយ​ក្រុមហ៊ុន​ពី​ថ្នាក់ដឹកនាំ​ខេត្ត ទើប​ធ្វើ​ឲ្យ​ក្រុមហ៊ុន​របស់​លោក​ឈាន​មក​ដល់​សម្រេច​លទ្ធផល​គួរ​ជាទី​មោ​ទ​នៈ នា​ពេល​នេះ ។

លោក ម៉ែ​ន វិបុល អភិបាលខេត្ត ក្នុង​ឱកាស​នោះ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​ដែល​បាន​ជ្រើសរើស​ការ​វិនិយោគ​នៅ​ក្នុង​ខេត្តស្វាយរៀង ហើយ​លោក​បាន​ប្ដេជ្ញា​បន្ត​គាំទ្រ និង​សហការ​តទៅ​ទៀត ដើម្បី​ឲ្យ​គម្រោង​នេះ​សម្រេច​បាន​លទ្ធផល​ជោគជ័យ​១០០% ។

លោក​អភិបាលខេត្ត​មាន​ប្រសា​សស​ន៍​ថា ៖« ការ​បង្កើត​រោងចក្រ​កែ​ច្នៃ​សំរាម​ទៅ​ជា​ផលិតផល សម្ភារ​សំណង់​និង​គ្រឿងសង្ហារិម​នេះ មិន​ត្រឹមតែ​បាន​ផ្ដល់​ការងារ​ធ្វើ​បន្ថែម​ជូន​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ចូលរួម​លើកកម្ពស់​អនាម័យ​បរិស្ថាន និង​សោភ័ណ​ទីក្រុង គាំទ្រ​ទៅ​ដល់​ផែនការ​របស់​រដ្ឋបាល​ខេត្ត​ក្នុង​ការ​ជំរុញ​លទ្ធភាព​នៃ​ការ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​នា​ពេល​ខាង​មុខ​ផង​ដែរ »​។
ជាមួយ​នេះ ដើម្បី​សម្របសម្រួល​កិច្ចការ​នានា​ដែល​នៅ​សេសសល់ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​រថយន្ត​ដឹក​សំរាម និង​ការ​សាងសង់​រោងចក្រ​របស់​ក្រុមហ៊ុន​នេះ លោក​អភិបាលខេត្ត​បាន​ចាត់​ឲ្យ​មាន​មន្ត្រី​ទទួល​ធ្វើការ​ពិភាក្សា និង​សហការ​ជាមួយ​ក្រុមហ៊ុន​បន្ត​ទៀត​ទៅ​លើ​ចំណុច​លម្អិត​នានា​ដែល​គាំទ្រ និង​ជំរុញ​កិច្ចការ​នេះ​ឲ្យ​សម្រេច​លទ្ធផល​ជោគជ័យ​ល្អ​ប្រសើរ​តាម​ការ​គ្រោងទុក​។

គួរ​កត់សម្គាល់​ផង​ដែរ កាលពី​ថ្ងៃ​ទី​១៣ សីហា កន្លង​មក វិនិយោគិន​ចិន​បាន​បោះទុន​ប្រមាណ​៣០០​លាន​ដុល្លារ ដើម្បី​សាងសង់​រោងចក្រ​កែ​ច្នៃ​សំរាម​លើ​ផ្ទៃដី​ជាង​៣០​ហិ​កតា នៅ​ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។
បើ​តាម​តំណាង​ក្រុមហ៊ុន​វិនិយោគ​ចិន លោក សុំ ពិសិដ្ឋ បាន​លើក​ឡើង​ថា កិច្ចការ​មួយ​នេះ ប្រសិនជា​គ្មាន​ការ​រាំងស្ទះ​ណាមួយ​ទេ ក្រុមការងារ​នឹង​ចាប់ផ្ដើម​ដំណើរការ​សាងសង់​រោងចក្រ​នៅ​ចុងឆ្នាំ​នេះ ដោយ​ត្រូវ​ចំណាយពេល​សាងសង់​ចំនួន​២​ឆ្នាំ និង​ចាប់ផ្តើម​ដំណើរការ​សាកល្បង​ជំហាន​ដំបូង​នៅ​ឆ្នាំ​២០២១ ។
លោក​បាន​អះអាង​ថា ៖« ចំពោះ​ប្រភព​សំណល់​ដែល​យក​មក​កែ​ច្នៃ គឺ​មាន​ក្រុមហ៊ុន​ដៃគូ​មួយ​ជា​អ្នក​ទទួល​ប្រមូល​ពី​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា​ដោយ​មិន​មានការ​នាំ​ចូល​សំណល់​ពី​ប្រទេស​ក្រៅ​ឡើយ »​។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន លោក ហេង ណា​រ៉េ​ត បាន​មាន​ប្រសាសន៍​ថា បើសិនជា​គម្រោង​នេះ​ប្រមូល​យក​សំរាម​តែ​នៅ​ក្នុងស្រុក​សម្រាប់​កែ​ច្នៃ ខាង​ក្រសួង​សូម​ស្វាគមន៍​និង​សាទរ​ចំពោះ​កិច្ចការ​នេះ តែ​ហាម​ដាច់ខាត​នូវ​ការ​នាំ​ចូល​កាក​សំណល់​ពី​ក្រៅប្រទេស​មក​កែ​ច្នៃ​ក្នុងស្រុក ។
លោក​ថ្លែង​ថា ៖« យើង​សាទរ​ចំពោះ គម្រោង​បង្កើត​រោងចក្រ​កែ​ច្នៃ​នៅ​ទីនោះ តែ​សូម​ឲ្យ​ប្រមូល​សំរាម​ក្នុងស្រុក​កែ​ច្នៃ ព្រោះ​បច្ចុប្បន្ន​នេះ​យើង​ក៏​កំពុង​តែ​មាន​បញ្ហា​ប្រឈម​រឿង​សំរាម​នេះ​ដែរ ។ ដូច​យើង​ឃើញ​ស្រាប់ សំរាម​ក្នុងស្រុក​យើង​ត្រូវ​បាន​យក​ចាក់ចោល និង​មិន​ទាន់​មានការ​កែ​ច្នៃ​ណាមួយ​ឡើយ » ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ