ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមខ្លួន​ទៅ​ជួប​ប្រេត​ហើយឬ​នៅ ?

5 ឆ្នាំ មុន

ជឿ​ថា​មាន​ប្រេត​ទេ? ប្រាកដជា​មាន នេះ​បើ​អាង​លើ​គម្ពីរ​ពុទ្ធសាសនា​ដែល​មាន​ជា​អនេកបរិយាយ​ស្រាយ​បំភ្លឺ​ពី​បញ្ហា​ក្រុម​ប្រេត​នេះ​យា​៉​ង​ពិស្តារ​ក្រៃ​ណាស់ ដូច​ក្នុង​តិ​រោ​កុ​ឌ្ឌេ​សូត្រ​បង្ហាញ​ជា​សក្ខីកម្ម​ថា តិ​រោ​កុ​ឌ្ឌេ​សុ តិ​ត្ថ​ន្តិ សន្ធិ​…​ពួក​ប្រេត​ទាំងឡាយ​មក​ហើយ កាន់​ផ្ទះ​នៃ​ញាតិ​ដោយ​គិត​ថា​ជា​ផ្ទះ​របស់​ខ្លួន រមែង​ឈរ​នៅ​ត្រង់​ផ្លូវបែក​ជា​ពីរ បែក​ជា​បី…

ជឿ​ថា​មាន​ប្រេត​ទេ?
ប្រាកដជា​មាន នេះ​បើ​អាង​លើ​គម្ពីរ​ពុទ្ធសាសនា​ដែល​មាន​ជា​អនេកបរិយាយ​ស្រាយ​បំភ្លឺ​ពី​បញ្ហា​ក្រុម​ប្រេត​នេះ​យា​៉​ង​ពិស្តារ​ក្រៃ​ណាស់ ដូច​ក្នុង​តិ​រោ​កុ​ឌ្ឌេ​សូត្រ​បង្ហាញ​ជា​សក្ខីកម្ម​ថា តិ​រោ​កុ​ឌ្ឌេ​សុ តិ​ត្ថ​ន្តិ សន្ធិ​…​ពួក​ប្រេត​ទាំងឡាយ​មក​ហើយ កាន់​ផ្ទះ​នៃ​ញាតិ​ដោយ​គិត​ថា​ជា​ផ្ទះ​របស់​ខ្លួន រមែង​ឈរ​នៅ​ត្រង់​ផ្លូវបែក​ជា​ពីរ បែក​ជា​បី ផ្លូវបែក​ជា​បួន ខ្លះ​ឈរ​នៅ​ក្បែរ​ជញ្ជាំង​ផ្ទះ ខ្លះ​ឈរ​នៅ​នឹង​ក្បាល​ជណ្តើរ ខ្លះ​ស្ថិត​នៅ​ក្បែរ​បង្អួច ខ្លះ​ឈរ​ចាំ​នៅ​ក្នុង​របង​វត្ត​…​រង់ចាំ​ទទួល​អាហារ​ពី​ញាតិ ។ ព្រោះតែ​វត្ថុ​តាង​ទាំង​អស់នោះ​ហើយ បានជា​ក្នុង​ពិធី​កម្ម​ផ្សេង​ៗ សូ​ម្បី​តែ​យួរ​ចង្ហាន់​មួយ​ស្រាក់​ទៅ​ប្រគេន​លោក ក៏​សាមីទាន​ឧទ្ទិស​កុសល​ទៅ​ប្រេត​ជា​ញាតិ​របស់​ខ្លួន​ដែរ ។ ព្រោះហេតុនោះ គួរ​បរិស័ទ​ទាំងឡាយ​ចេញដំណើរ​ទៅ​ជួប​ប្រេត​ជា​ញាតិ​ដែល​កំពុង​រង់ចាំ​នៅ​វត្ត​អារាម​ក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ ពិសេស​នៅ​ថ្ងៃ​វេន​ដាក់​បិណ្ឌ​ទី​១​នេះ ដែល​ជា​ថ្ងៃ​ពិសេស​នៃ​បុណ្យកាន់បិណ្ឌ​ដំបូង ។

តាមចំណាំនៅ​ថ្ងៃ​កាន់បិណ្ឌ​វេន​ទី​១​​ឃើញ​ប្រជា​ពុទ្ធបរិស័ទ​តាម​ចំណុះ​ជើងវត្ត​នីមួយ​ៗ​មូល​មីរដេរដាស​យក​ចង្ហាន់ និង​គ្រឿង​សក្ការៈ​គ្រប់​សារពើ​មានមុខ​ឆ្ពោះទៅ​ទី​អារាម​រៀង​ៗ​ខ្លួន​ដោយ​ទម្លាក់​ចោលការ​ងារ​មួយអន្លើ​សិន​ឆ្លៀតឱកាស​ទៅ​ធ្វើបុណ្យ​ទាន​យា​៉​ង​សស្រាក់សស្រាំ​ដើម្បី​ឧទ្ទិស​កង​ការ​មហាកុសល​ទៅ​បុព្វការី​ជន​ដែល​បាន​ស្លាប់​ទៅ ព្រោះ​មាន​ជំនឿ​ថា ប្រេត​ជា​ញាតិ​របស់​ខ្លួន​កំពុង​រង់ចាំ​ទទួល​អាហារ​នៅ​ទីនោះ​ទាំង​ការ​ស្រេកឃ្លាន​បំផុត ។

បិណ្ឌ​ភ្ជុំ​មាន​រយៈពេល​១៥​ថ្ងៃ ដែល​អាច​ចាត់​ថា​ជា​ពិធី​ធំ និង​មាន​វេលា​យូរ​ជាង​បណ្តា​បុណ្យ​នានា​លើកលែងតែ​កឋិនទាន ។ នៅ​ក្នុង​អំឡុង​បិណ្ឌ​ភ្ជុំ​នេះ​ដែរ គេ​ឃើញ​មាន​ពិធី​មួយទៀត​លេចធ្លោ​ផង​ដែរ គឺ​ការ​បោះ​បាយបិណ្ឌ ដែល​ជាទី​ពេញ​និយម​សម្រាប់​ក្រុម​យុវវ័យ​ច្រើន​ជាង​មនុស្ស​ចាស់​ពេល​ម៉ោង​ប្រហែល​៣​រំលង​អធ្រាត្រ បាន​បណ្តើរគ្នា​ទាំង​ក្រុម​ទាំង​ហ្វូង​ទៅ​បោះ​បាយបិណ្ឌ​ដោយ​គំនិត​ថា នឹង​បាន​ដល់​ប្រេត​ជា​ញាតិ​របស់​ខ្លួន​កំពុង​ចាំ​ទទួល​។ តែ​ថា​ការ​ធ្វើ​ទាន​ក្នុង​ទី​ងងឹត​របៀប​នេះ​ប្រឈម​នឹង​ហានិភ័យ​ច្រើន ព្រោះ​បើ​ប្រេត​មែន​ទែន​​នោះ​មិន​ថ្វី​ទេ មិន​ចេះ​ធ្វើបាប​មនុស្ស តែ​គួរ​ឱ្យ​ខ្លាច​បំផុត​ចំពោះ​ក្រុម​មនុស្ស​ធ្វើ​ប្រេត ឬ​មនុស្ស​មានចិត្ត​គំនិត​ដូច​ប្រេត ឬ​ក៏​និយាយ​ឱ្យ​ចំ​គឺ​ក្រុម​សង្គម​ងងឹត​តែ​ម្តង ដែល​នៅ​ច្របូកច្របល់​ក្នុង​ហ្វូង​មនុស្ស​នោះ​ដែរ ។ ក្រុម​នេះ​ហើយ​ដែល​ច្រើន​បង្ក​បញ្ហា​ទាញ​ទឹកចិត្ត​ម្ចាស់​ទាន​ឱ្យ​ល្អក់កករ តាម​រយៈ​ការ​លួច ឆក់ ឬ​កេង​ចំណេញ​…​ធ្វើ​ឱ្យ​ម្ចាស់​ទាន​ក្តៅ​ឆេវ​មួយ​រំពេច ខ្ពុ​ប​បុណ្យ​អស់ ដូច្នេះ​គួរ​ប្រយ័ត្ន​ផង ។

ទាក់ទង​នឹង​បញ្ហា​នេះ មានការ​ចោទសួរ​ថា តើ​ពិធី​បោះ​បាយបិណ្ឌ​នេះ​ធ្វើ​ឡើង​ទៅ​តាម​លំ​អាន​អ្វី តាម​បែប​លិ​ទ្ធិ​សាសនា ឬ​ធ្វើ​ទៅ​តាម​ទម្លាប់ ? មាន​មតិ​លើក​ឡើង​ដ៏​ចម្រូងចម្រាស​ជា​ច្រើន​ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ មាន​ទាំង​សរសើរ​ផង និន្ទា​ផង​។ ខ្លះ​ថា បោះ​បាយបិណ្ឌ​ជា​ការ​ខ្ជះខ្ជាយ​ស្បៀងអាហារ ខ្លះ​ថា​ដឹកនាំ​បុណ្យ​បញ្ច្រាសទិស ខ្លះ​ថា​ជា​ការ​ថែរក្សា​ប្រពៃណី​វប្បធម៌​ឱ្យ​គង់វង្ស ខ្លះ​ថា​ធ្វើ​ទៅ​តាម​ទិដ្ឋិ​របស់​អាចារ្យ​ដើម្បី​ច្បាម​យក​លាភ​…​នេះ​គ្រាន់តែ​ជា​មតិ​មជ្ឈដ្ឋាន តែបើ​តាម​ការ​ពិនិត្យ​ជាក់ស្តែង ពិធី​នេះ​ធ្វើ​ឡើង​តាម​របៀប​ពុទ្ធសាសនា​ខ្លះ និង​តាម​បែប​ទម្លាប់​ខ្លះ ។

 

 

ហេតុផល​ត្រង់​ថា ពេល​ទៀប​ភ្លឺ​ឃើញ​បរិស័ទ​យក​ពំនូត​បាយបិណ្ឌ​លាយ​ដោយ​វត្ថុ​ច្រើន​មុខ​ប្រកបដោយរ​សយា​៉​ង​ពិសេស​ទាំង​ថាស ទាំង​ល្អី និង​គ្រឿង​បរិក្ខារ​ផ្សេង​ៗ​មាន​ធូប ទៀន ផ្កា​ភ្ញី​ជាដើម​ទៅ​តម្កល់​នៅ​ចំពោះ​មុខ​សង្ឃ ហើយ​អាចារ្យ​ដឹកនាំ​សូត្រធម៌​វេរ​ឧទ្ទិសផលបុណ្យ​ផ្សាយ​ទៅ​ប្រេត​ជា​ញាតិ​…​ការ​រៀបចំ​ចាត់ចែង​ពិធី​កម្ម​បែប​នេះ​គឺ​ធ្វើ​ត្រូវ​តាម​លំ​អាន​ពុទ្ធសាសនា​ហើយ ។ បន្ទាប់​ពី​នោះ​មក អាចារ្យ​ពីរ​បី​នាក់​ដឹកនាំ​បរិវារ​មួយអន្លើ​ដោយ​ពំនូត​បាយ​ខ្លះ​ប៉ុនកដៃ ខ្លះ​ប៉ុន​កជើង​តាម​បំណង​របស់​អ្នក​ធ្វើ ដែល​គេ​និយម​ហៅ​ថា​បាយបិណ្ឌ​ទៅ​ជាមួយ​ផង​មានមុខ​ឆ្ពោះទៅ​ព្រះ​វិហារ ហើយ​ដើរ​ប្រទក្សិណ និង​បោះ​ដុំ​បាយ​ទាំងនោះ​ទៅ​ក្នុង​ទី​ផ្សេង​ៗ​ដែល​អារាម​ខ្លះ​មាន​ធ្វើ​កន្លែង​សម្រាប់​បោះ​ដុំ​បាយ តែ​អារាម​ខ្លះ​បោះ​ពាស​វាល​ពាស​កាល​ពេញ​ខឿនវិហារ​គួរ​ឱ្យ​ល្អើ​ម​បំផុត​ពេល​ដុំ​បាយ​ទាំងនោះ​ត្រូវ​ទឹកភ្លៀង​រីក​ពព្រៀក ។ ខ្លះ​បោះ​ទៅ​ក្នុង​ទី​ងងឹត​ដោយ​គំនិត​ថា ពួក​ប្រេត​នៅ​ឈរ​ចាំ​ទទួល​អាហារ​ក្នុង​ទីនោះ ខ្លះ​គប់​ដាក់​គ្នា​យា​៉​ង​រញ៉េរញ៉ៃ​ទៅ​ជា​រឿង​លេង​សេ​ី​ច​ក៏​មាន​…​ពិធី​របៀប​នេះ​ធ្វើ​ឡើង​ទៅ​តាម​ទម្លាប់ ។

ជា​រួម​មក​បើ​ទោះជា​តាម​ទម្លាប់​ក្តី ឬ​តាម​របៀប​សាសនា​ក្តី ក៏​សុទ្ធតែ​ជា​ប្រយោជន៍​ដល់​មនុស្សជាតិ ប្រសិនបើ​អ្នកដឹកនាំ​ពិធី​ឆ្លាត​ឈ្លាសវៃ​ក្នុង​ការ​ដឹកនាំ មិន​គិត​ពី​ប្រយោជន៍​ខ្លួន​ជា​ធំ ព្រោះ​បរិស័ទ​ទាំងនោះ​ជឿ​បុណ្យ​បាប​ណាស់ សម្តី​អាចារ្យ​ថា​យា​៉ា​ង​មេ​៉​ច ប្រាកដជា​ធ្វើ​តាម​យ៉ាងនោះ​ហើយ​។

ពិត​ណាស់ ពិធី​កម្ម​ទាំងឡាយ​បើ​ចាត់ចែង​ទៅ​តាម​របៀប​ពុទ្ធសាសនា​មិន​បង្ក​ការ​លំបាក​សោះ គ្រាន់តែ​សប្បុរស​យក​ចង្ហាន់ ឬ​ទេយ្យវត្ថុ​ដែល​នាំ​ទៅ​នោះ​តម្កល់​នៅ​ចំពោះ​មុខ​ព្រះសង្ឃ និង​ប្រគេន​លោក​ដោយ​សេចក្ដី​គោរព ហើយ​ស្របគ្នា​នឹង​ការ​ប្រគេន​នោះ​ក៏​ត្រូវ​ឧទ្ទិសផលបុណ្យ​ចំពោះ​សាច់ញាតិ​ដែល​ស្លាប់​ទៅ​ឱ្យ​ចំ​ៗ​ឈ្មោះ ឬថា​ញាតកា​ទាំង​៧​សន្តាន​រួម​តែ​ម្តង​ក៏​បាន ផល​ទាន​នេះ​នឹង​ទៅ​ដល់​ពួក​ញាតិ​ជា​ប្រេត ហើយ​រួច​ចាក​អត្តភាព​ជា​ប្រេត​ក្នុង​ខណៈនោះ​ភ្លាម ។

ទស្សនៈ​នេះ​មិនមែន​ជា​ការ​រារាំង ឬ​ហាមឃាត់​សប្បុរស​ទាំងឡាយ ដែល​និយម​គប់​បាយបិណ្ឌ​ទេ ធ្វើ​ក៏​ធ្វើ​ចុះ​មិន​អត់​ប្រយោជន៍​ឡើយ ព្រោះថា​ជា​កុសល​ទាន​មួយ​ដែល​សង្គ្រោះ​ដល់​សត្វ​តិរច្ឆាន​គ្រប់​ប្រភេទ​រាប់​តាំង​ឆ្កែ ឆ្មា ស្រមោច សង្អារ​ទៅ ដែល​តា​មទ្រី​ស្តី​ពុទ្ធសាសនា​ថា ធ្វើ​ទាន​ចំពោះ​សត្វ​តិរច្ឆានបាន​បុណ្យ​មួយ​រយ​អត្តភាព ។ ប៉ុន្ដែ​ការ​ធ្វើ​ទាន​ក្នុង​ទី​ងងឹត​បែប​បោះ​បាយបិណ្ឌ​នេះ​ប្រឈម​នឹង​ហានិភ័យ​ច្រើន​ណាស់​ពិសេស​យុវតី​គួរ​ប្រយ័ត្ន​ផង ។ ក្នុង​សកម្មភាព​ដ៏​ច្របូកច្របល់​បែប​នេះ ចៀស​មិន​ផុត​ពី​វត្តមាន​ក្រុម​មនុស្ស​ទុច្ចរិត​នៅ​ជាមួយ​ដែរ​ទេ ពួក​នេះ​សម្លឹង​រំពៃមើល​របស់ទ្រព្យ​ដែល​នៅ​ជាប់​នឹង​ខ្លួន​អ្នក​ទាំងឡាយ ឱ្យ​តែ​ហ៊ាន​ធ្វេស​តែ​បន្តិច​បើ​មិន​បាត់​ទូរស័ព្ទ ក៏​ហិន​កាបូប​លុយ​ដែរ ដែល​ករណី​បែប​នេះ​កើត​មាន​ជា​ច្រើន​មក​ហើយ ៕