ខេត្តព្រះសីហនុ ៖ ក្លិបកម្សាន្តមួយយីហោ «ដុងហ្វាងអុិនធើធេនមិន KTV» របស់ថៅកែចិន ស្ថិតនៅតាមវិថីឯករាជ្យ ជាប់នឹងកាសុីណូ «ជីងបុី» ក្បែររង្វង់មូលតោ២ ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានត្រូវព្រះអគ្គីលេបត្របាក់គ្រឿងក្នុង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៣ ខែកញ្ញា ។
មន្ត្រីសមត្ថកិច្ចដែលទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ បានធ្វើការសន្និដ្ឋានជាជំហានដំបូងថា ករណីខាងលើអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយរថយន្តបង្ការនិងពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត និងរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនគ្រឿង បានទៅជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយ ប្រើប្រាស់រយ:ពេលប្រមាណ២ម៉ោង ទើបភ្លើងដែលឆេះខាងក្នុងក្លិបរលត់ទៅវិញ នៅវេលាម៉ោង១២ថ្ងៃត្រង់ ។
នៅក្នុងហេតុការណ៍ខាងលើ មិនបណ្តាលឲ្យមានរងរបួស ឬបាត់បង់អាយុជីវិតមនុស្សទេ ប៉ុន្តែចំពោះការខូចខាតទ្រព្យសម្បត្តិ សមត្ថកិច្ចមិនទាន់អាចធ្វើការសន្និដ្ឋានបាននៅឡើយ ដោយហេតុថានៅខាងក្នុងក្លិបមានសភាពស្មុគស្មាញ និងងងឹតសូន្យសុង ដោយសារចរន្តភ្លើងត្រូវបានកាត់ផ្តាច់ ដើម្បីការពារមិនឱ្យឆ្លងចរន្តឆក់មន្ត្រីសមត្ថកិច្ចដែលចូលទៅបាញ់ទឹកពន្លត់ភ្លើង ។
ករណីអគ្គិភ័យឆាបឆេះគ្រឿងក្នុងក្លិបកម្សាន្តនេះ គឺជាលើកទី២ហើយ បន្ទាប់ពីមានករណីអគ្គិភ័យឆេះគ្រឿងក្នុងក្លិបកម្សាន្ត«L.V»នាពេលកន្លងមក ដែលបណ្តាលឲ្យអ្នកចម្រៀងបុរសសម្បូរស្នេហ៍ម្នាក់ ត្រូវព្រះអគ្គីឆក់យកជីវិត ក្រោយពេលក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅឯប្រទេសវៀតណាមបន្ទាប់ពីកើតហេតុ ។
អ្នកទៅចោមរោមមើលភ្លើងឆេះក្លិប«ដុងហ្វាងអុិនធើធេនមិន KTV» ទាំងព្រឹកនេះនិយាយថា សំណាងហើយដែលឆេះថ្ងៃមិនមានមនុស្ស បើនៅវេលាយប់វិញប្រហែលរត់ចេញមិនទាន់អាចមានគ្រោះថ្នាក់ ព្រោះតែឆេះសន្ធោសន្ធៅនៅខាងក្នុង ផ្សែងខ្មួលពីខាងក្នុងជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរសម្រាប់អ្នករត់ចេញមិនទាន់ ។ មុននេះ ក្លិបកម្សាន្ត«2ND» នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏ត្រូវភ្លើងឆេះដែរ កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា គឺឆេះរហូតហ្មត់តែម្តង ទោះបីរថយន្តពន្លត់អគ្គិភ័យរាប់សិបគ្រឿងព្យាយាមបាញ់ពន្លត់យ៉ាងណាក្តី ៕
ចែករំលែកព័តមាននេះ