ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​កន្ធាយ​ក្បាល​កង្កែប​565​ក្បាល​ត្រឡប់​ទៅ​រស់នៅ​ក្នុង​ធម្មជាតិ​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តក្រចេះ ថ្ងៃ​ទី​១៩ កញ្ញា ២០១៨ ៖ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS) សហការ​ជាមួយ​រដ្ឋបាល​ជលផល Wildlife Reserve Singapore…

ខេត្តក្រចេះ ថ្ងៃ​ទី​១៩ កញ្ញា ២០១៨ ៖ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS) សហការ​ជាមួយ​រដ្ឋបាល​ជលផល Wildlife Reserve Singapore និង​សម្ព័ន្ធ​ដើម្បី​ការ​រស់រាន​ប្រភេទ​​សត្វ​អណ្តើក​(Turtle Survival Alliance) បាន​លែង​កូន​សត្វ​កន្ធាយ​ក្បាល​កង្កែប​ (ឬរ​មិច​) ដែល​ជា​ប្រភេទ​រង​គ្រោះ​ជិត​ផុត​ពូជ​នៅ​លើ​សាកលលោក​ចំនួន​៥៦៥​ក្បាល​ឱ្យទៅ​រស់នៅ​ក្នុង​ទីជម្រក​ធម្មជាតិ​នៅ​តាម​ដង​ទន្លេមេគង្គ​វិញ ។ បាន​ប្រមូល​កូន​ក​ន្ទា​យ​ក្បាល​កង្កែប​ដែល​លែង​នោះ​ពី​សំបុក​ការពារ​ដោយ​សហគមន៍​ដែល​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​គម្រោង ។

ក​ន្ទា​យ​ក្បាល​កង្កែប​ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ LUCN ដែល​ជា​ប្រភេទ​រង​គ្រោះ​​ជិត​ផុត​ពូជ​នៅ​លើ​សាកលលោក ខណៈ​ចំនួន​របស់​វា​នៅ​តែ​បន្ត​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ យើង​បាន​គិត​ថា កន្ធាយ​ក្បាល​កង្កែប​បាន​ផុត​ពូជ​ពី​កម្ពុជា​ទៅ​ហើយ រហូត​ដល់​ឆ្នាំ​២០០៧ គេ​បាន​រក​ឃើញ​វត្តមាន​ពួក​វា​ម្តង​ទៀត​នៅ​ក្នុង​បរិវេណ​៤៨​គីឡូម៉ែត្រ នៅ​ដង​ទន្លេមេគង្គ​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង ។

លោក​ញូ​ន ចន្ទី អ្នកសម្របសម្រួល​គម្រោង​អភិរក្ស​សត្វ​កន្ធាយ​ក្បាល​កង្កែប​នៃ​អង្គការ WCS​បាន​និយាយ​ថា ៖​ការ​លែង​កូន​កន្ធាយ​ក្បាល​កង្កែប​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ចំនួន​សត្វ​កន្ធាយ​ក្បាល​កង្កែប​រស់នៅ​ក្នុង​ធម្មជាតិ ។

លោក​ញូ​ន ចន្ទីរ បាន​បន្ត​ថា​៖«​ការ​លែង​កូន​កន្ធាយ​ក្បាល​កង្កែប​នេះ​ក៏​នឹង​ជួយ​បង្កើន​ប្រាក់​ចំណូល​សម្រាប់​សហគមន៍ និង​លើកទឹកចិត្ត​ឱ្យ​ពួក​គាត់​គាំទ្រ និង​ចូលរួម​ក្នុង​ការ​អភិរក្ស​ប្រភេទ​សត្វ​នេះ ពីព្រោះ​គម្រោង​នឹង​បង់ប្រាក់​ឱ្យ​សហគមន៍​សម្រាប់​ការ​យាម ថែរក្សា និង​ការពារ​សំបុក​ពង​កូន​សត្វ​កន្ធាយ​ក្បាល​កង្កែប ។

ចាប់តាំងពី​ឆ្នាំ​២០០៧​មក អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS) បាន​អនុវត្ត​គម្រោង​អភិរក្ស​កន្ធាយ​ក្បាល​កង្កែប​(​កន្លង​មក​អនុវត្ត​ដោយ​អង្គការ​អភិរក្ស​អន្តរជាតិ​) ដោយ​សហ​ការ​ជាមួយ​រដ្ឋបាល​ជលផល និង​សម្ព័ន្ធ​ដើម្បី​ការ​រស់រាន​ប្រភេទ​សត្វ​អណ្តើក ។ កម្មវិធី​ការពារ​សំបុក​បាន​លើកទឹកចិត្ត​ឱ្យ​ប្រជា​សហគមន៍​រស់នៅ​ខេត្តក្រចេះ និង​ស្ទឹង​ត្រែង​ចូល​​រួមការ​ពារ​សត្វ​កន្ធាយ​ក្បាល​កង្កែប ដោយ​បាន​ជ្រើសរើស​អតីត​អ្នក​ប្រមូល​ពង និង​មេ​ពូជ​កន្ធាយ​ក្បាល​កង្កែប​ឱ្យមក​ធ្វើ​ការងារ​ជា​បុគ្គលិក​របស់​គម្រោង​ដើម្បី​ស្វែងរក និង​ការពារ​សំបុក​សត្វ​កន្ធាយ​ក្បាល​កង្កែប​ជំនួស​ឱ្យ​ការ​ប្រមូល​យក​ពង និង​មេ​ពូជ​សម្រាប់​ហូប និង​លក់ ។ ចាប់តាំងពី​ពេល​នោះ​មក យើង​បានការ​ពារ​សំបុក​ពង​កូន​បាន​ចំនួន​៤០២​សំបុក និង​បាន​លែង​កូន​កន្ធាយ​ក្បាល​កង្កែប​ចំនួន​៩០៤៧​កូន ។

លោក​អ៊ុ​ក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល​នៃ​រដ្ឋបាល​ជលផល​បាន​និយាយ​ថា​៖«​ការ​ការពារ​ដោយ​មានការ​ចូលរួម​ពី​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ពិតជា​ចាំបាច់​ណាស់ ដើម្បី​​ថែរក្សា​កន្ធាយ​ក្បាល​កង្កែប​កុំឱ្យ​បាត់បង់​ពីលើ​លោក​យើង​នេះ ។ ការ​ប្រមូល​យក​ពង​កូន ឬ​ចាប់​យក​មេ​បូ​ជ​កន្ធាយ​ក្បាល​កង្កែប​មក​លក់ ឬ​ធ្វើ​ជា​ម្ហូប​គឺជា​អំពើ​ខុសច្បាប់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​អ៊ុ​ក វិបុល បាន​បន្ត​ថា​៖ សាធារណជន​ទាំងអស់​អាច​ចូលរួម​អភិរក្ស​សត្វ​កន្ធាយ​ក្បាល​កង្កែប​កុំឱ្យ​បាត់បង់​បាន​តាម​រយៈ​ការ​មិន​ទិញ និង​បរិភោគ​សាច់ ឬ​ពង​សត្វ​កន្ធាយ​ក្បាល​កង្កែប ។

ការងារ​អភិរក្ស​សត្វ​កន្ធាយ​ក្បាល​កង្កែប​ទទួល​បានការ​គាំទ្រ​ពី​ម្ចាស់​ជំនួយ​ដូច​ជា Critical Ecosystem Partnership Fund (CEPF) អង្គការ​អភិរក្ស​អន្តរជាតិ Wildlife Reserve Singapore និង​សម្ព័ន្ធ​ដើម្បី​ការ​រស់រាន​ប្រភេទ​សត្វ​អណ្តើក (Turtle Survival Alliance) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ