ទ្រឹស្តីព្រះពុទ្ធសាសនាបានលើតម្កើងកូនប្រុសស្រីទាំងឡាយណាដែលមានធម៌ពីរប្រការនៅក្នុងខ្លួនហើយកំពុងបំពេញដោយបរិបូណ៌គឺ កតញ្ញូ ដឹងគុណឪពុកម្តាយដែលលោកបានបីបាច់ថែរក្សាចិញ្ចឹម និងស្រឡាញ់កូនជាងខ្លួនឯង។ ឪពុកម្តាយជាខ្ញុំបម្រើរបស់កូនតាំងពីតូចដល់ធំ ដូច្នេះកូនត្រូវពិចារណាឲ្យបានជាក់ច្បាស់ដោយស្មារតីថា គាត់ចិញ្ចឹមខ្ញុំ គាត់នឿយហត់ណាស់ ខ្ញុំត្រូវតែចិញ្ចឹមលោកវិញ និងមួយចំណុចទៀតកតវេទី ត្រូវធ្វើតបគុណលោកវិញគឺពេលណាបានដឹងថា ឪពុកម្តាយ មានមហាករុណាទិគុណដ៏លើសលប់មកលើយើងហើយ យើងជាកូនត្រូវទំនុកបម្រុងបម្រើលោកវិញឲ្យអស់ពីចិត្ត បំពេញតួនាទីជាកូនល្អឲ្យបានហ្មត់ចត់ ជាពិសេសនៅពេលរដូវកាលបុណ្យទានធំៗដូចជា បុណ្យភ្ជុំបិណ្ឌ រដូវកឋិន ចូលឆ្នាំ…ចូលមកដល់ត្រូវជូនបាយ ទឹក នំ ចំណី ត្រីសាច់ លុយកាក់ សម្លៀកបំពាក់ជាដើម ។
ខាងក្រោមនេះជាកិច្ចដែលកូនល្អត្រូវបំពេញឲ្យបានខ្ជាប់ខ្ជួនគឺៈ កូនល្អត្រូវចិញ្ចឹមបីបាច់ថែរក្សាមាតាបិតាឱ្យបានម៉ត់ចត់, កូនល្អត្រូវជួយធ្វើការងាររបស់មាតាបិតា កុំគេចវេះ ឬខ្ជិលច្រអូស, កូនល្អត្រូវចេះថែរក្សាពូជពង្ស វង្សត្រកូលឱ្យបានខ្ពស់ឡើង, កូនល្អត្រូវចេះប្រតិបត្តិខ្លួនឲ្យបានល្អ ដើម្បីទទួលកេរមរតករបស់ឪពុកម្តាយ និងនៅពេលឪពុកម្តាយស្លាប់ទៅ ត្រូវធ្វើបុណ្យឧទិ្ទសមគ្គផលជូនគាត់ ។
ទាំង៥ចំណុចនេះកាលបើកូនប្រុសស្រីណាបានបំពេញតួនាទីដោយបរិបូណ៌ហើយ អំណោយដែលទទួលបានអំពីអ្នកស្រុក ដែលហៅថាអានិសង្សនៃការបម្រើមាតាបិតាគឺ ឈ្មោះថា ជាសប្បុរស, មានគេស្រឡាញ់ចូលចិត្តច្រើន, មានកិត្តិយស កេរ្តិ៍ឈ្មោះល្អ, មានសេចក្តីរុងរឿងរីកចម្រើនក្នុងសង្គមគ្រួសារ, ជាគំរូល្អដល់ជនទូទៅ, ស្លាប់ទៅហើយបានទៅកើតក្នុងឋានទេវតាគឺសុគតិភព ។
ចែករំលែកព័តមាននេះ