ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ហូរ​ចូល​ជនជាតិ​ចិន អ្នកវិភាគ​មួយ​រូប​បង្ហាញ​ពី​ផល​វិជ្ជមាន និង​អវិជ្ជមាន​សម្រាប់​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកវិភាគ​នយោបាយ​នៅ​ក្រៅប្រទេស​បាន​អះអាង​ថា ការ​ហូរ​ចូល​នូវ​ជនជាតិ​ចិន​មក​រស់នៅ​លើ​ទឹកដី​កម្ពុ​ជានា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​បង្ហាញ​ពី​ផល​វិជ្ជមាន និង​អវិជ្ជមាន​សម្រាប់​ប្រជាជន​កម្ពុជា​ផ្ទាល់ ។ ការ​លើក​ឡើង​របស់​អ្នកវិភាគ​នយោបាយ​រូប​នេះ ខណៈ​ដែល​កម្ពុជា​នឹង​មាន​ជនជាតិ​ចិន​មក​រស់នៅ​ចំនួន​៥​ម៉ឺន​នាក់​បន្ថែម​ទៀត​នៅ​ចុងឆ្នាំ​២០១៨​នេះ ដែល​បច្ចុប្បន្ន​ត្រូវ​បានដឹង​ថា​មានជាង​២១​ម៉ឺន​នាក់​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​។…

រាជធានី​ភ្នំពេញ ៖ អ្នកវិភាគ​នយោបាយ​នៅ​ក្រៅប្រទេស​បាន​អះអាង​ថា ការ​ហូរ​ចូល​នូវ​ជនជាតិ​ចិន​មក​រស់នៅ​លើ​ទឹកដី​កម្ពុ​ជានា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​បង្ហាញ​ពី​ផល​វិជ្ជមាន និង​អវិជ្ជមាន​សម្រាប់​ប្រជាជន​កម្ពុជា​ផ្ទាល់ ។

ការ​លើក​ឡើង​របស់​អ្នកវិភាគ​នយោបាយ​រូប​នេះ ខណៈ​ដែល​កម្ពុជា​នឹង​មាន​ជនជាតិ​ចិន​មក​រស់នៅ​ចំនួន​៥​ម៉ឺន​នាក់​បន្ថែម​ទៀត​នៅ​ចុងឆ្នាំ​២០១៨​នេះ ដែល​បច្ចុប្បន្ន​ត្រូវ​បានដឹង​ថា​មានជាង​២១​ម៉ឺន​នាក់​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក សុខ សុគន្ធ ហៅ​ជេ​ម សុខ អ្នកវិភាគ​នយោបាយ​គួរ​ឱ្យ​កត់សម្គាល់​ម្នាក់​រស់នៅ​សហរដ្ឋអាមេរិក បាន​លើក​ឡើង​លើ​បណ្តាញ សង្គម​ផ្លូវការ​របស់​លោក​នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា​ថា «​ខ្ញុំ​គិត​ថា ការ​ហូរ​ចូល​នៃ​ជនជាតិ​ចិន​អាច​មាន​ផល​វិជ្ជមាន​ផង និង​អវិជ្ជមាន​ផង​ចំពោះ​ខ្មែរ​» ។ លោក​បាន​បង្ហាញ​ពី​ផល​វិជ្ជមាន​យ៉ាង​ដូច្នេះ​ថា ផល​វិជ្ជមាន​ដល់​ខ្មែរ គឺ​ជនជាតិ​ចិន​អស់នោះ​នាំ​មក​នូវ​គំនិត​និង​របៀបរបប​កិរិយា​ថ្មី ធ្វើ​ឲ្យ​ខ្មែរ​រហ័សរហួន​ជាង​មុន ចេះ​ហ៊ានស៊ី​ហ៊ាន​សង និង​ចេះ​តស៊ូ​ប្រឈម​មុខ​នឹង​ទុក្ខ​កង្វល់​ថ្មី​ៗ ដែល​ចិន​អស់នោះ​នាំ​មក​ដល់​កម្ពុជា​។ វា​ធ្វើ​ឲ្យ​ខ្មែរ​ចេះ ប្រណាំងប្រជែង​នឹង​ជនជាតិ​មួយ​ខ្លាំងក្លា ។ បូក​នឹង​យួន​ផង លើក​នេះ​ខ្មែរ​រកបាន​ឱកាស​ប្រកួត​ឡូយ​មួយ​មិន​ខាន​ដែល​មិន​ដែល​ធ្លាប់​បាន​កើត​ក្នុង​កម្ពុជា​សម័យ​ទំនើប ។

ចំណែក​ផល​អវិជ្ជមាន​វិញ លោក​ជេ​ម សុខ បាន​លើក​ឡើង​ថា គឺ​ចិន​អស់នោះ​ហ៊ាន​ជាន់​ក្បាល​ខ្មែរ ហ៊ាន​កាប់​ក្បាល​ជើង​អ្នកលេង​ខ្មែរ ហ៊ាន​លុក​ទីផ្សារ​ការងារ​ខ្មែរ ហ៊ាន​ទាត់​ធាក់​ក្នុង​បារ​និង​ទី​ស៊ីផឹក​នានា ហ៊ាន​បើក ឡាន​បុក​ខ្មែរ ដែល​បណ្ដាល​ឲ្យ​ប៉ូលិស​ខ្មែរ​និង​ប្រជាជន​ខ្មែរ​រវល់​គ្មាន​បាន​ដេក​ពួន​ឡើយ ។ លោក​បញ្ជាក់​ថា «​ដូច្នេះ​ខ្មែរ​ដែល​ខ្ជិល​ត្រូវ​ចិន​យួន​ធាក់​ជាន់​ក្បាល​។ ខ្មែរ​ណា​ប្រឹងរៀន​រក​សន្សំ និង​ប្រណាំង​យ៉ាង​សប្បាយ​នឹង​ចិន​យួន ។ ចំណុច​វិជ្ជមាន​និង​អវិជ្ជមាន​នេះ ជា​មេរៀន​ធំ​ក្នុង​ជីវិត​ខ្មែរ​សម័យ​ថ្មី​នេះ​មិន​ខាន​ឡើយ​» ។

សូម​ជម្រាប​ថា កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​លោកនាយ​ឧត្តមសេនីយ៍ សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​លើក​ឡើង​ថា នៅ​ចុងឆ្នាំ​២០១៨​នេះ ជនជាតិ​ចិន​នឹង​មក​កម្ពុជា​ប្រមាណ​ជាង​៥​ម៉ឺន​នាក់ ដើម្បី​ប្រកប​អាជីវកម្ម​ផ្សេង​ៗ ខណៈ​កម្ពុជា​មាន​ថៅកែ​ចិន​កំពុង​សាង សង់​អគារ​ធំ​ៗ​ជា​ច្រើន ហើយ​គោលដៅ​សំខាន់​ៗ​ដែល​ចិន​ឆ្ពោះ​មក​នោះ គឺ​នៅ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តសៀមរាប ។

លោក សុខ ផល បាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០១៧ ចិន​នៅ​កម្ពុជា​មាន​ជាង​១០​ម៉ឺន​នាក់ ក៏​ប៉ុន្ដែ​ឆមាស​ទី​២ ឆ្នាំ​២០១៨ ចិន​បាន​កើនឡើង​ដល់​២១​ម៉ឺន​នាក់ ហើយ​ក្នុង​ចំណោម​២១​ម៉ឺន​នាក់​នោះ ខេត្ត​ព្រះ​សីហ​នុ មាន​ជនជាតិ​ចិន​ជាង​៨​ម៉ឺន​នាក់ ខណៈ​ចិន​មាន​ប័ណ្ណ​ការងារ​នៅ​ខេត្ត​ព្រះ​សីហ​នុ ជាង​២​ម៉ឺន​នាក់ ។

លោកនាយ​ឧត្តមសេនីយ៍​បញ្ជាក់​ថា «​ពី​នេះ​ទៅ​ដល់​ដាច់​ឆ្នាំ​២០១៨ គឺ​អ្នក​ធ្វើ​មុខរបរ​៥​ម៉ឺន​នាក់​ទៀត នឹង​មក​ដល់​កម្ពុជា​(​ជនជាតិ​ចិន​) អុ​ី​ចឹ​ងត្រៀមខ្លួន​ឲ្យ​ហើយ​ទៅ ៥​ម៉ឺន​នាក់​ទៀត ចែក​ទៅ​កំពង់សោម​(​ព្រះ​សីហ​នុ​)៥០​ភាគរយ ។ គាត់​មាន​ផែនការ​ច្បាស់លាស់​ណាស់ ព្រោះ​សំណង់​ឥឡូវ​កំពុង​ធ្វើ​ច្រើន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ