ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភាពការណ៍​នៅតែ​​គ្រោះថ្នាក់​​​​ឯ​មជ្ឈ​មណ្ឌល​​​នុយក្លេអ៊ែរ​ហ្វូគូស៊ីម៉ា​​ តែវិទ្យុ​សកម្ម​​​ចុះ​ថយ

15 ឆ្នាំ មុន

ប្រឈមមុខនឹង​ការ​គ្មាន​​លទ្ធភាព​បញ្ឈប់​​គ្រោះ​មហន្តរាយ​​ដែលកំពុង​កើតមាននៅ​​ឯ​មជ្ឈ​មណ្ឌល​​នុយក្លេ​អ៊ែរ​​ភាគខាងជើង​ជប៉ុន មនុស្ស​ប្រមាណ​​ជា​​១៤០.០០០​នាក់ ត្រូវ​បង្ខំ​ចិត្ត​​រស់​នៅ​​ជាប់​​តែ​​ក្នុងផ្ទះ ។ ​ម្យ៉ាង​ទៀត​​វាជា​ប្រវត្តិសាស្ត្រ​​​ដែល​ព្រះចៅ​​អធិរាជ​​ជប៉ុន អាគីហ៊ី​តូ ទ្រង់​ថ្លែង​​ទៅ​កាន់​​​ប្រជាជន​​ជប៉ុន​​​ដែលនោះ​បញ្ជាក់ពី​ទំហំ​​ធំធេង​​នៃគ្រោះ​មហន្តរាយ​​លើក​នេះ ព្រោះ​ព្រះអង្គ​​​កម្រធ្វើ​​អន្តរាគមន៍​​បែបនេះណាស់ ។​
យោង​តាមទីភ្នាក់ងារ​​សន្តិសុខ​​នុយ​ក្លេអ៊ែរ​​ជប៉ុន​ថា កម្រិត​វិទ្យុ​សកម្ម​​បានថយ​ចុះ​​​បន្តិច​ម្តងៗ ​នៅ​ឯ​​មជ្ឈមណ្ឌល​​នុយ​ក្លេអ៊ែរ​​​ហ្វូគូស៊ីម៉ា ដាយអ៊ី​ជី។ ​កម្រិត​វិទ្យុ​​សកម្ម​​បានធ្លាក់​ចុះ​ពី​​ 752 MICROSTEVETRS ​ក្នុង​​​មួយម៉ោង​​កាលពីថ្ងៃទី​​​១៦ មីនា ​មក​នៅ​​ត្រឹម​​​​ 338 MICROSIE-VERTS ​នាព្រឹក​ថ្ងៃទី​​១៧ មីនា ។ នេះជា​កម្រិត​​​មួយខ្ពស់​​ជា​ងធម្មតា ​ក៏ប៉ុន្តែ​ពុំ​មាន​គ្រោះថ្នាក់​ឡើយ ។​
វិបត្តិ​នុយ​ក្លេអ៊ែរ​​​គំរាម​​កំហែង​​ដល់ការ​បាត់​បង់​​ការត្រួត​​ត្រា​នៅ​​ជប៉ុន ។ ​ភ្លើង​ឆេះ​ថ្មី​កើត​មាន​​នៅ​រេអាក់ទ័រ​ទី​​៤​នៃមជ្ឈមណ្ឌល​​​ហ្វូគូ​ស៊ីម៉ា ​ដាយ​​អ៊ីជី ​ដែលរង​ការ​​​បំផ្លាញ​​កាលពី​​៥ថ្ងៃ​​មុន ដោយ​​ការ​រញ្ជួយដី​ និងស៊ូណាមី ។ ​បុគ្គលិក​មជ្ឈមណ្ឌល​​នេះត្រូវ​ជម្លៀស​ចេញពីទីតាំង​រយៈ​ពេល​​១ម៉ោង​​នាព្រឹក​​​​ថ្ងៃទី​១៦ មីនា ​មកពី​កម្រិត​វិទ្យុស​កកម្ម​​ឡើងខ្ពស់ ។ វិទ្យុស​កម្ម​នេះ​មាន​ខ្ពស់​​បំផុត​រហូត​ដល់​​ឧទ្ធម្ភាគចក្រ​​របស់​កង​ទ័ព​​ពុំ​អាច​ហោះ​ពីលើ ដើម្បី​​ស្រោចទឹក​​លើ​​រេអាក់ទ័រ​ទី​៣ ដែលជាការ​ព្រួយបារម្ភ​​របស់អាជ្ញាធរ ។ ​ប៉ូលិស​​ចង់ប្រើ​ប្រាស់​​​កាណុង​​បាញ់ទឹក​​ ដើម្បី​​​ធ្វើ​ឱ្យ​​​ទីតាំង​​ត្រជាក់។ ​នាយប់ថ្ងៃទី​​​១៦ មីនា ​សភាពការណ៍​​នៅតែគ្រោះថ្នាក់​ ទឹកក្នុងអាង​ស្តុក​របស់​រេអាក់​ទ័រ​​​ទី​​៤ត្រូវ​ហួតអស់ ហើយ​​​ញ៉ាំង​ឱ្យវិទ្យុស​កម្ម​កាន់តែ​​​ឡើងខ្ពស់ ។ ​និយោជិត​​​១៨០​នាក់ ​នៅ​ធ្វើ​ការ​ក្នុង​ទីតាំង​​​មានគ្រោះ​​​មហន្តរាយ​​នៅឡើយ ។ ក្នុង​តំបន់​​​ក្បែ​រទីតាំង​​នេះ ​ប្រជាជនប្រមាណ​ជា​​​១៤០.០០០​នាក់ ត្រូវស្នើ​​ឱ្យស្ថិត​នៅ​​​តែក្នុងផ្ទះ​​កុំ​ចេញ​​ក្រៅ ។
ជាព័ត៌​មាន​​​ល្អ​មួយ​ ព្រោះ​​រហូតមក​ទល់ពេល​នេះ ខ្យល់​នៅ​ពីលើ​​​មជ្ឈមណ្ឌល​ហ្វូគូស៊ីម៉ា ​បាន​រុញ​ធូលី​​វិទ្យុ​សកម្ម​​ឆ្ពោះ​ទៅ​កាន់​មហា​សមុទ្រ​ប៉ា​ស៊ី​ហ្វិក​ ហើយ​កម្រិត​​វិទ្យុសកម្ម​​​នៅក្រុងតូក្យូ​​បាន​ធ្លាក់​​​មក​នៅស្ទើរ​​តែ​​ដល់​កម្រិត​ធម្មតា​​វិញ ។​
ក្នុងព្រះ​រាជ​​​សង្កថា​មួយតាមទូរទស្សន៍​​ ព្រះចៅ​​អធិរា​ជ​​ជប៉ុនទ្រង់​​សម្តែង​​​ព្រះ​រាជ​ហឫទ័យ​ព្រួយបារម្ភ​​​យ៉ាងខ្លាំង​​ចំពោះ​សភាពការណ៍​​ដែល​នឹកស្មានមិន​ដល់​​ ៕