ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីផ្កាមាស​កើតជា​ប្រេត​ញី

5 ឆ្នាំ មុន

នៅ​ក្នុង​ថ្ងៃសីល​ពួក​ភិក្ខុសង្ឃ​បាន​ប្រជុំ​គ្នា​ធ្វើ​ឧបោសថកម្ម ឧបាសក ឧបាសិកា​ទាំងឡាយ មាន​សេចក្តី​ជ្រះថ្លា ក៏​នាំ​គ្នា​យក​ភេសជ្ជៈ​មាន ស្ករស ទឹកដោះគោ ទឹកឃ្មុំ ទឹកអំពៅ​ដើម្បី​រៀប​ចាត់ចែង​ក្នុង​សាលា​ភត្ត​ចាំ​ប្រគេន​ព្រះសង្ឃ ដែល​ចេញពី​រោង​ឧបោសថ…

នៅ​ក្នុង​ថ្ងៃសីល​ពួក​ភិក្ខុសង្ឃ​បាន​ប្រជុំ​គ្នា​ធ្វើ​ឧបោសថកម្ម ឧបាសក ឧបាសិកា​ទាំងឡាយ មាន​សេចក្តី​ជ្រះថ្លា ក៏​នាំ​គ្នា​យក​ភេសជ្ជៈ​មាន ស្ករស ទឹកដោះគោ ទឹកឃ្មុំ ទឹកអំពៅ​ដើម្បី​រៀប​ចាត់ចែង​ក្នុង​សាលា​ភត្ត​ចាំ​ប្រគេន​ព្រះសង្ឃ ដែល​ចេញពី​រោង​ឧបោសថ ។

ជួន​ជា​ពេល​នោះ​ពួក​បរិស័ទ​ទាំងឡាយ​បានឃើញ​នាង​សិរិ​នី​ជា​ស្រីផ្កាមាស​ដើរទៅ​ក្បែរ​ទីនោះ​ក៏​ហៅ​ឱ្យ​ចូល​ទៅ​ដើម្បី​អនុមោទនា​យក​ចំណែក​បុណ្យ តែ​បែរជា​ស្ត្រី​ផ្កាមាស​នោះ​មានចិត្ត​ក្រោធ​ខឹង ឆ្លើយ​តប​ទៅ​វិញ​ថា យើង​មិន​ចង់បាន​បុណ្យ​ស្អី​ទេ គ្មាន​បុណ្យ​អ្វី​កើត​ពី​ពួក​សមណៈ​ត្រងោល​នោះ​ទេ ពួក​អ្នក​រាល់គ្នា​សុទ្ធតែ​ចាញ់បោក​សមណៈ​ត្រងោល​ទាំងនេះ និយាយ​រួច​ក៏​ដើរ​ហួស​ទៅ ។

ពេល​ក្រោយមក​នាង​បាន​ធ្វើ​មរណកាល​ទៅ​កើតជា​ប្រេត​ញី​នៅ​ក្បែរ​កំពែង​នគរ មាន​កាយ​អាក្រក់ ធុំក្លិន​ស្អុយ​អសោចិ៍ចេញពី​មាត់ ដូច​សាកសព​ស្អុយរលួយ មិន​ដែល​មាន​អាហារ​បរិភោគ​ទេ ។

ថ្ងៃមួយ​មាន​ឈ្មួញ​ម្នាក់​បររទេះ​ទៅ​លក់​អីវ៉ាន់​ដល់​ពេល​យប់ ក៏​ដាក់រទេះ​ដេក​ក្បែរ​កំពែង​នគរ​នោះ ។ ប្រេត​ញី​ឃើញ​បុរស​នោះ​ស្គាល់​ថា​ជា​អ្នក​មក​ពី​ស្រុក​កំណើត​ខ្លួន ក៏​ទៅ​បង្ហាញខ្លួន​ឱ្យ​ឃើញច្បាស់​នឹង​ភ្នែក ។ ឈ្មួញ​បានឃើញ​ហើយ​ភិតភ័យ​ស្រឡាំងកាំង ព្រោះ​រូប​នោះ​អាក្រក់​គួរ​ខ្លាច​ខ្លាំង​ណាស់ ក៏​សួរ​ទាំង​ញ័រ​មាត់​ថា នាង​ជា​អ្វី ? យើង​មិន​ដែល​ឃើញ​មនុស្ស​បែប​នេះ​សោះ នាង​ប្រេត​ប្រាប់​តាម​ដំណើររឿង​របស់​នាង ហើយ​ផ្តាំ​នឹង​បុរស​នោះ​ទៅ​ឪពុក​ម្តាយ​របស់​នាង​ថា នាង​សិរិ​នី​ជា​កូន ដែល​បាន​ស្លាប់​ទៅ​បាន​ទៅ​កើតជា​ប្រេត​មាន​សេចក្តី​លំបាក ស្រេកឃ្លាន​ខ្លាំង​ណាស់ សុំ​ឱ្យ​មាតា​ធ្វើ​បុណ្យឧទ្ទិសកុសល​ឱ្យ​នាង​ផង ។

ឈ្មួញ​ពេល​ត្រលប់​ទៅ​ដល់​ស្រុក​កំណើត​វិញ ប្រាប់​ឪពុក​ម្តាយ​នាង​ប្រេត​នោះ​តាម​បណ្តាំ ឪពុក​ម្តាយ​ក៏​បាន​ចាត់ចែង​ធ្វើបុណ្យ​ទាន​ឧទ្ទិស​ផល​ឱ្យ​កូន ប្រេត​នោះ​ក៏​បាន​រួច​កម្ម​ពៀរ ក្លាយ​ខ្លួន​ជា​រុក្ខទេវតា សោយ​សម្បត្តិទ្រព្យ​មាន​រូប​កាយ​ល្អ​ប្រិមប្រិយ ។

ក្រោយ​រួច​ពី​កំណើត​ប្រេត រុក្ខទេវតា​បង្ហាញខ្លួន​ឱ្យ​ឪពុក​ម្តាយ​ឃើញ ហើយ​រៀបរាប់​ពី​ទុក្ខ​លំបាក​របស់​ខ្លួន​កាល​កើតជា​ប្រេត ទើប​រំលឹក​មាតាបិតា​ឱ្យ​ខំ​ធ្វើ​ទាន រក្សាសីល កុំបី​ធ្វេសប្រហែស​ឡើយ ។