ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចឹង​ផង​លោក​ឧកញ៉ា​សឹ​ង្ហ សំ​អុល?…

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​ពី​ស្រុក​កោះ​ញែក បាន​ឲ្យ​ដឹង​ថា សកម្មជន​ការពារ​ព្រៃឈើ​៣​នាក់ និង​អ្នក​យក​ព័ត៌មាន​២​នាក់ បាន​រង​នូវ​ការ​គំរាមកំហែង​ពី​ឧកញ៉ា សឹ​ង្ហ សំ​អុល ក្រោយ​ពេល​ពួក​គេ​ព្យាយាម​ផ្តិត​យក​រូបភាព​ពី​ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ក្នុង​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​ពី​ស្រុក​កោះ​ញែក បាន​ឲ្យ​ដឹង​ថា សកម្មជន​ការពារ​ព្រៃឈើ​៣​នាក់ និង​អ្នក​យក​ព័ត៌មាន​២​នាក់ បាន​រង​នូវ​ការ​គំរាមកំហែង​ពី​ឧកញ៉ា សឹ​ង្ហ សំ​អុល ក្រោយ​ពេល​ពួក​គេ​ព្យាយាម​ផ្តិត​យក​រូបភាព​ពី​ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ក្នុង​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ ស្រប​ពេល​ដែល​គេ​ឃើញ​មាន​រថយន្ត​ធុន​ធំ​ចំនួន​២០​គ្រឿង បាន​ផ្ទុក​ឈើ​ពេញ​រួច​ជា​ស្រេច​ក្នុង​ដី​ក្រុមហ៊ុន​។ ករណី​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២២ កញ្ញា ២០១៨ នៅ​ភូមិសាស្ត្រ​ឃុំ សុខសាន្ត ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។

លោក ណាប់ ពិសី ចាងហ្វាង​គេហទំព័រ ពន្លឺ​ខ្មែរ បាន​ប្រាប់​កោះសន្តិភាព​នៅ​ថ្ងៃ​ទី​២៣ កញ្ញា ២០១៨ ថា «​លោក​បាន​ចូល​ទៅ​តំបន់​កើតហេតុ​តាំងពី​យប់​ថ្ងៃ​ទី​២១ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២២ ទើប​ជួប​ប្រទះ​បញ្ហា ដោយ​ក្រុម​របស់​លោក​មាន​ចំនួន​៥​នាក់ ៣​នាក់​ជា​មន្ត្រី​អង្គការ​ខាង​ការពារ​ព្រៃឈើ និង​២​នាក់​ទៀត (​រួម​នឹង​លោក ណាប់ ពិសី​) ជា​អ្នក​យក​ព័ត៌មាន​»​។

លោករ​រៀបរាប់​សាច់​រឿង​ថា «​លោក​ឧកញ៉ា​សឹ​ង្ហ សំ​អុល និង​បក្ខពួក​បាន​ដឹកនាំ​សន្តិ​សុខ​ប្រមាណ​ជិត​២០​នាក់ ជិះ​រថយន្ត​ចំនួន​២​គ្រឿង និង​ម៉ូតូ​ចំនួន​១២​គ្រឿង មក​ស្ទាក់​ឃាត់​រថយន្ត​អ្នក​ឃ្លាំមើល​បទល្មើស​ព្រៃឈើ និង​អ្នក​សារព័ត៌មាន​ដែល​កំពុង​ធ្វើ​សកម្ម​ភាព​​ផ្តិត​យក​រូបភាព​នៅ​ចំណុច​ក្បែរ​ខ្ទម​អ្នកតា​ជ័យ ក្នុងភូមិ​សាស្ត្រ​ក្រុមហ៊ុន​មា​ស្ទ័​រ​ខេ​សាន់ ដែល​មាន​ទីតាំង​ក្នុងភូមិ​ល្ហក ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​» ។

លោក ណាប់ ពិសី បន្ត​ថា «​ខណៈនោះ​ឧកញ៉ា​សឹ​ង្ហ សំ​អុល បាន​បញ្ជា​កូនចៅ​ខ្លួន​ឲ្យ​ឆែក​ឆេរ​រក​កូន​យន្តហោះ (​ដ្រូ​ន​) ក្នុង​រថយន្ត​ដូ​ច​ចោរប្លន់ ហើយ​ចាប់​បោក​ទៅ​លើ​ដី​ធ្វើ​ឲ្យ​ខូច​ខាត​ប្រើ​ការ​លែង​កើត ព្រមទាំង​ប្រើ​ពាក្យ​គំរាមកំហែង​ថា នឹង​ឲ្យ​ស្នងការ និង​អភិ​បាល​ខេត្ត​ឃាត់ខ្លួន​ទៀត​ផង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ឧកញ៉ា​ម្នាក់​នេះ​នៅ​បាន​គំរាម​ដុត​រថយន្ត​របស់​ក្រុមការងារ​អ្នក​ឃ្លាំមើល​បទល្មើស​ព្រៃឈើ​ចោល​ថែម​ទៀត ប៉ុន្តែ​ទំនង​ឧកញ៉ា សឹ​ង្ហ សំ​អុល បារម្ភ​ក្រែង​បញ្ហា​នេះ កាន់តែ​រីក​ធំ​ក៏​ស្រុះស្រួល​ប្រគល់​កូន​យន្ត​ហោះ​មក​វិញ ដើម្បី​បញ្ចប់​បញ្ហា​»​។

ក្នុង​កិច្ច​សម្ភាសន៍​ដដែល​នោះ​លោក​ចាងហ្វាង​គេហទំព័រ​ពន្លឺ​ខ្មែរ និង​ក្រុម​អ្នក​ឃ្លាំមើល​បទ​ល្មើស​ព្រៃឈើ​លើក​ឡើង​ថា «​បើ​ឧកញ៉ា សឹ​ង្ហ សំ​អុល ពិតជា​រកស៊ី​ត្រឹមត្រូវ​មែន​នោះ ហេតុ​អ្វី​បានជា​ដាក់​កម្លាំងប្រដាប់អាវុធ​ឲ្យ​យាម​ការពារ​តាម​ដង​ផ្ល្លូ​វ​ច្រក​-​ចូល និង​ដាក់​កម្លាំង​​សន្តិសុខ​ច្រើន​សន្ធឹក​បែប​នេះ​»​។ ម្យ៉ាងទៀត​បើ​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ មិន​រកស៊ី​ឈើ​ខុសច្បាប់ រឿង​អី​ខ្លាច​គេ​ថតរូប​យក​ទៅ​ផ្សាយ ហើយ​មិន​បង្ហាញ​ឯកសារ​ច្បាប់​ឲ្យ​អ្នក​ព័ត៌មាន​បានដឹង​ផង​»​។

ជុំវិញ​វត្តមាន​រថយន្ត​ធុន​ធំ​ដឹកឈើ​ក្នុង​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​មណ្ឌលគិរី លោក អុំ វណ្ណ​សុភៈ ប្រាប់​អ្នកកាសែត​យ៉ាង​ខ្លី​ថា «​រាល់​ការ​ដឹក​ជញ្ជូន​ឈើ​របស់​ឧកញ៉ា សឹ​ង្ហ សំ​អុល ត្រូវ​តែ​វាស់វែង​សិន ទើប​អាច​លើក​ឡើង​ឡាន​បាន​» តែ​កាលពី​ថ្ងៃ​ទី​២២ សីហា បែរជា​ឈើ​លើក​ឡើង​ឡាន​រួច​២០​គ្រឿង ដោយ​មិន​មានការ​វាស់​វែង​ទៅ​វិញ​។

លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី​ក៏​បាន​និយាយ​ខ្លី​ថា «​និយាយ​ជា​រួម​រាល់​ការ​ដឹកឈើ​ទាំងនោះ សុទ្ធតែ​មានច្បាប់ ទើប​គេ​ហ៊ាន​ធ្វើ​»​។

ទោះជា​យ៉ាងណា​គិត​ត្រឹម​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២៣ កញ្ញា ២០១៨ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ឧកញ៉ា សឹ​ង្ហ សំ​អុល ឬ​តំណាង​ក្រុមហ៊ុន​របស់​លោក​ទេ​។

ក្រោយ​មានការ​ស្នើរ​សុំ​របស់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន អនុញ្ញាត​ឲ្យ​មានការ​ឈូស​ឆាយដី​ព្រៃ និង​ប្រមូល​ផល​អនុ​ផល​ព្រៃឈើ​ឡើង​វិញ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គេ​សង្កេត​ឃើញ​ថា នៅ​ខេត្តមណ្ឌលគិរី មាន​សកម្មភាព​ដឹកឈើ​តាម​រយៈ​រថយន្ត​ធុន​យក្ស​របស់​ក្រុម​ឧកញ៉ា​ៗ​ចេញ​ទៅ​តំបន់​ផ្សេង​ៗ​រាប់​សិប​គ្រឿង​។ ដោយ​ការ​ដឹក​ជញ្ជូន​ឈើ​ទាំងនោះ ត្រូវ​បាន​មហាជន​និយាយ​ថា មួយ​ភាគ​ធំ​អាច​ជា​កន្ទេល​ធំ​បន្លំ​ដេក ព្រោះ​រាល់​សកម្មភាព​របស់​ក្រុម​ឈ្មួញ​ទាំងនោះ តែង​លាក់កំបាំង​ច្បាប់​អនុញ្ញាត​ដឹក​ជញ្ជូន​ជា​និច្ច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ