ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​អឹ​ម​៣​រូប​ត្រូវ​ឡើង​ទៅ​បំភ្លឺ​ឱ្យច្បាស់​រឿង​ទារប្រាក់​១​ម៉ឺន​ដុល្លារ​…​ថ្នូរ​នឹង​ការ​ដោះ​លែង​វិញ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​៣​រូប ដែល​ទើប​បែកធ្លាយ​នូវ​រឿងរ៉ាវ​ដ៏​អាស្រូវ​បំផុត​ កាលពី​​ពេល​ថ្មី​ៗ​នេះ នឹង​ត្រូវ​ចូលខ្លួន​មក​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​ជា​បន្តបន្ទាប់ ​ក្នុង​អំឡុង​ពាក់កណ្ដាល​ខែតុលា​ខាង​មុខ​នេះ តាម​រយៈ​ដីកាកោះ​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ដែល​គេ​សង្ស័យ​ថា ការ​ចូលខ្លួន​បំភ្លឺ​នេះ​ អាច​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ចាប់​អ្នក​ដឹក​ជញ្ជូន​សត្វព្រៃ​បង្ខាំង​ក្នុង​រថយន្ត…

ខេត្តបាត់ដំបង​៖ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​៣​រូប ដែល​ទើប​បែកធ្លាយ​នូវ​រឿងរ៉ាវ​ដ៏​អាស្រូវ​បំផុត​ កាលពី​​ពេល​ថ្មី​ៗ​នេះ នឹង​ត្រូវ​ចូលខ្លួន​មក​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​ជា​បន្តបន្ទាប់ ​ក្នុង​អំឡុង​ពាក់កណ្ដាល​ខែតុលា​ខាង​មុខ​នេះ តាម​រយៈ​ដីកាកោះ​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ដែល​គេ​សង្ស័យ​ថា ការ​ចូលខ្លួន​បំភ្លឺ​នេះ​ អាច​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ចាប់​អ្នក​ដឹក​ជញ្ជូន​សត្វព្រៃ​បង្ខាំង​ក្នុង​រថយន្ត ហើយ​ជំរិត​ទា​រ​ប្រាក់​រាប់​លាន​រៀល​មិន​បាន​សម្រេច កាលពី​ចុងខែ​សីហា​កន្លង​ទៅ​ថ្មី​ៗ​នេះ​ នៅ​ឯ​តំបន់​ទន្លេសាប​។

យោង​តាម​ដីកាកោះ​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ដែល​កោះសន្តិភាព​ទ​ទូល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​២១​ កញ្ញា បាន​ឱ្យ​ដឹង​ថា មន្ត្រី​កងរាជអាវុធហត្ថ​ទាំង​៣​រូប​ ដែល​ត្រូវ​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​ក្នុង​បន្ទប់​អយ្យ​ការ​នោះ​មាន ១-ឈ្មោះ​ពៅ ទុំ អាយុ​៤៥​ឆ្នាំ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត មាន​ភារកិច្ច​ប្រចាំ​ស្នាក់​ការ​សន្តិ​សុខ​៥០៨​ទិស​ទន្លេសាប ត្រូវ​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៦​ តុលា​ ២០១៨ ។ ២-​ឈ្មោះ​ទ្រី តិច​សែ អាយុ​៥០​ឆ្នាំ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត ត្រូវ​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៧​ តុលា​ ២០១៨ និង​៣-​ឈ្មោះ​ប៊ុត សុ​ភ័​ក្រ អាយុ​៤៩​ឆ្នាំ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ ។

ដីកាកោះ​ទាំង​៣​នេះ​ បាន​ចេញ​នៅ​ថ្ងៃ​ទី​២០ ​កញ្ញា ​២០១៨ ដោយ​លោក​ប៉ង់ ចាន់​សុ​យុ​ទ្ធា​រា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តបាត់ដំបង ដែល​បាន​កោះហៅ​ឱ្យ​​មន្ត្រី​ដែល​ពោរពេញ​ទៅ​ដោយ​រឿងអាស្រូវ​ទាំង​៣​រូប​នេះ ចូលខ្លួន​ទៅ​បំភ្លឺ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៦២០ ចុះ​ថ្ងៃ​ទី​០៤​កញ្ញា​២០១៨ ក្នុង​ដំណើររឿង
​«​ដឹក​ជញ្ជូន​សត្វព្រៃ​ដោយ​គ្មាន​ការ​អនុញាតិ​» ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៨​សីហា​២០១៨​។ បើ​យោង​
លើ​សំណុំរឿង​ដឹក​ជញ្ជូន​សត្វព្រៃ​នេះ គេ​សង្ស័យ​ថា តំណាង​អយ្យការ​នឹង​ផ្ដោត​សំនួរ​ខ្លាំង​ទៅ​លើ​មន្ត្រី​ទាំង​៣​រូប​នេះ អំពី​សកម្មភាព​ចាប់​អ្នក​ដឹក​សត្វព្រៃ​បង្ខាំង​ក្នុង​រថយន្ត រួច​ជំរិត​ទារ​ប្រាក់​ខ្ទង់​២០​លាន​រៀល​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​វិញ តែ​មិន​បាន​សម្រេច​។

បើ​តាម​ប្រភព​ព័ត៌​​មានបាន​ឱ្យ​ដឹង​ថា អ្នក​ដឹក​ជញ្ជូន​សត្វព្រៃ​ម្នាក់ ​ឈ្មោះ​តី តុលា អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ថ្វាង ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ និង​ម្នាក់​ទៀត​ ឈ្មោះ​តី រស្មី ជា​បង​បង្កើត​របស់​ឈ្មោះ​តុលា ដែល​ស្ថិត​ក្នុង​សំណុំរឿង​ជំរិត​ទារ​​ប្រាក់​នេះ​ដែរ និង​អាច​ជា​សាក្សី​ដ៏​សំខាន់​ផង ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ចេញ​ដី​កោះ​ឲ្យ​ចូល​បំភ្លឺ​រួច​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ​កញ្ញា ​កន្លង​ទៅ​ថ្មី​ៗ​នេះ​។

គួ​រំលឹក​ថា ឈ្មោះ​តី តុលា ត្រូវ​មន្ត្រី​កងរាជអាវុធហត្ថ​ឈ្មោះ​ពៅ ទុំ និង​បក្សពួក​មួយ​ចំនួន​ប្រចាំ​ស្នាក់​ការ​៥០៨ តាម​ស្ទាក់​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​២៨​ សីហា​ កន្លង​ទៅ​ថ្មី​ៗ​នេះ​ នៅ​តំបន់​ទន្លេសាប ខណៈ​ដែល​ជន​នេះ​ កំពុង​ដឹក​ជញ្ជូន​សត្វព្រៃ​ដែល​មាន​ទម្ងន់​ជាង​៥០គី​ឡូ​ក្រាម​តាម​កាណូ​ត ​។ បើ​តាម​ការ​បំភ្លឺ​ពី​សាមីខ្លួន​ឈ្មោះ​តី តុលា បាន​ប្រាប់​ថា ខ្លួន​ត្រូវ​មន្ត្រី​ឈ្មោះ​ទុំ តាម​ស្ទាក់​ឃាត់ខ្លួន​ នៅ​ក្នុង​ទឹកដី​ស្រុក​ពួក ខេត្តសៀមរាប ពេល​កំពុង​ដឹក​សត្វព្រៃ ​តាម​កា​​ណូ​ត​ចេញពី​ទឹកដី​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ឆ្ពោះទៅ​កាន់​ស្រុក​ពួក​ (​កន្លែង​កើតហេតុ​)​។

ឈ្មោះ​តី តុលា បាន​បញ្ជាក់​ថា ក្រោយ​ពេល​ត្រូវ​ឃាត់ខ្លួន​មន្ត្រី​ឈ្មោះ​ទុំ បាន​បញ្ជូន​ខ្លួន​ និង​វត្ថុ​តាង​ត្រឡប់​មក​កាន់​ស្នាក់​ការ​៥០៨ នៅ​ក្នុងភូមិ​ព្រែក​ចាស់ ឃុំ​កោះ​ជី​វាំង វិញ​ ហើយ​បង្ខំ​ឱ្យខ្លួន​បង់ប្រាក់​ចំនួន​១​ម៉ឺន​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​មិន​ដាក់គុក​ ។ ប៉ុន្តែ​ពេល​ចរ​ចា​មិន​ត្រូវរ៉ូវ​គ្នា ទើប​មន្ត្រី​ឈ្មោះ​ទុំ និង​ឈ្មោះ​សែ ចាប់​បញ្ជូន​ខ្លួន​តាម​កា​ណូ​តទៅ​កាន់​ចំណុច​មេទឹក​ ឬ​មេ​ជ្រៃ ដែល​ស្ថិត​ក្នុង​ភួ​មិ​សាស្ត្រស្រុក​ពួក ខេត្តសៀមរាប វិញ ដែល​មាន​មន្ត្រី​ឈ្មោះ​សុ​ភ័​ក្រ បើករថយន្ត​មក​ចាំ​ទ​ទូល​នៅ​ទីនោះ​ ។ តី តុលា បាន​បញ្ជាក់​ថា «​ពេល​នោះ​មន្ត្រី​គេ​(​ប៉េ​អិ​ម​)​បាន​ចាប់​ខ្ញុំ​វ៉ៃ​ខ្នោះដៃ រុញ​ចូល​ក្នុងរ​ថយ​ន្ត​ ដើម្បី​បង្ខំ​ឲ្យ​ខ្ញុំ​បង់ប្រាក់ ហើយ​បងប្រុស​ខ្ញុំ​ឈ្មោះ​រស្មី ក៏​បាន​ទៅ​ដល់ ​ដើម្បី​ជួយ​ដោះស្រាយ​រឿង​លុយកាក់​នេះ​»​។

ដោយឡែក ​ឈ្មោះ​តី រស្មី ដែល​បាន​ចុះ​ទៅ​ជួយ​ដោះស្រាយ​រឿង​នេះ បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​អំពី​សកម្មភាព​មន្ត្រី​ប៉េ​អឹម​​ចាប់​ប្អូនប្រុស​ខ្លួន​ជំរិត​ទារ​ប្រាក់​ដូច្នេះ​ថា ដំបូង​ឈ្មោះ​ទុំ បាន​ទាមទា​រប្រាក់​ចំនួន​១​ម៉ឺន​ដុល្លារ​ តែ​ខ្លួន​បាន​ព្យាយាម​សុំ​ប​ន្ធូរ​បន្ថយ​ខ្លះ​ ។ រស្មីបាន​ប្រាប់​ថា ពេល​នោះ​ ខ្លួន​គ្មាន​លុយ​១​សេន​ ដើម្បី​បង់​ឱ្យ​​គេ​ទេ តែ​ខ្លួន​សុំ​បង់​៥​ពាន់​ដុល្លារ​ឬ​២០​លាន​រៀល ហើយ​បើ​លោក​ប៉េ​អិ​ម​យល់ព្រម ​ខ្លួន​នឹង​ធ្វើ​កិច្ចសន្យា​បង់​លុយ​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ ប៉ុន្តែ​លោក​ប៉េ​អិ​ម​ឈ្មោះ​ទុំ នៅ​តែ​ទាមទា​របង្ខំឱ្យ​ខ្លួន​រក​លុយ​មក​បង់​ឲ្យ​គេ​ទាំង​កណ្ដាល​យប់​ ។

សាក្សី​រូប​នេះ​បាន​បញ្ជាក់​ថា «​ប្អូនប្រុស​ខ្ញុំ​ ត្រូវ​លោក​ប៉េ​អិ​ម​ចាប់​វ៉ៃ​ខ្នោះ​បង្ខាំង​ទុក​ នៅ​ក្នុង​រថយន្ត​ឡង់​គ្រី​ស្ស័រ​​​ សូ​ម្បី​តែ​ខ្សែ​.ក​ប្លា​ទី​ន​ទម្ងន់​៣​តំឡឹង​របស់​ប្អូន​ខ្ញុំ ​ក៏​ត្រូវ​ឈ្មោះ​ទុំ ដោះ​យក​ទុក​ដែរ​ ។ មន្ត្រី​ទាំងនោះ​ បាន​គំរាមកំហែង​វាយតប់​ពេល​ប្អូន​ខ្ញុំ​សុំ​ចុះ​នោម​ម្ដង​ៗ រីឯ​ខ្ញុំ​ក៏​ត្រូវ​គេ​ឲ្យ​អង្គុយ​ក្នុង​រថយន្ត​ជាមួយ​គ្នា​ដែរ ដើម្បី​
ចរចា​លុយកាក់​»​។

តី រស្មី បាន​និយាយ​ថា សកម្មភាព​ជំរិត​ទា​រ​លុយ​របស់​លោក​ប៉េ​អិ​ម​នេះ បាន​ធ្វើ​ឡើង​តាំងពី​ដំបូង ពេល​ចាប់ខ្លួន​ប្អូនប្រុស​ខ្លួន​ បញ្ជូន​ដល់​ស្នាក់​ការ​៥០៨ និង​បញ្ជូន​ទៅ​ដល់​ចំណុច​មេ​ជ្រៃ​ក្នុងភូមិ​សាស្ត្រ ស្រុក​ពួក ខេត្តសៀមរាប​ ។ ពោល​គឺ​ចាប់​តាំង​រសៀល​ (​ចាប់ខ្លួន​ភ្លាម​)​ រហូត​ដល់​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃ​ទី​២៨​សីហា រហូត​ទាល់តែ​រឿង​នេះ​ បែកធ្លាយ​ដល់​សមត្ថកិច្ច​គ្រប់​ស្ថាប័ន ​និង​អាជ្ញាធរ​ស្រុក​ពួក ផ្អើល​ឈូឆ​មក​ចោមរោម សួរនាំ​ដល់​កន្លែង​កើត​ហេតុតែ​ម្ដង​ ទើប​ការ​ជំរិត​ទារ​​លុយ​នេះ​ ត្រូវ​បាន​ខកខាន​។

ទ​ង្វើ​របស់​ក្រុម​មន្ត្រី​ប៉េ​អឹម​​ឈ្មោះ​ទុំ បាន​រង​ការ​ស្ដីបន្ទោស​យ៉ាង​ខ្លាំង​ពី​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ស្រុក​ពួក ដោយ​បន្ទោស​ថា «​ហេតុ​អ្វី​បាន​អស់លោក​បង្ក្រាប​បទល្មើស​ក្នុង​ដែនដី​ខ្ញុំ បែរជា​មិន​រាយ​ការ​ណ៍​ឱ្យ​ខាង​ខ្ញុំ​ដឹង​ផង?​» មិនតែប៉ុណ្ណោះ ​ភាគី​ទាំង​២​​ថែម​ទាំង​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​តឹងតែង​ទៀត​ផង រហូត​មានការ​អន្តរា​គម​ន៍​​សម្រប​ស​ម្រូ​ល​ពី​ថ្នាក់ដឹកនាំ​រៀង​ៗ​​ខ្លួន ​ទើប​ខាង​អាជ្ញាធរ​និង​សមត្ថកិច្ច​ស្រុក​ពួកយល់ព្រម​ឲ្យ​បញ្ជូន​ប្អូន​ខ្លួន​មក​កាន់​ខេត្តបាត់ដំបង ​។

ឈ្មោះ​តី តុលា ក៏​បាន​បញ្ជាក់​ដែរ​ថា សកម្មភាព​ជំរិត​ទារ​លុយ​របស់​ក្រុម​​ប៉េ​អិ​ម​ឈ្មោះ​ទុំ មិន​បាន​សម្រេច​ទេ ដោយសារ​តែ​បែកការ​ណ៍​ដល់​សមត្ថកិច្ច​ និង​អាជ្ញាធរ​ស្រុក​ពួក ខេត្តសៀមរាប​ ។ ប៉ុន្តែ​បន្ទាប់​ពី​បញ្ជូន​ដល់ទី​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ស្អែក​​ឡើង មន្ត្រី​ជំនាញ​បាន​បញ្ជូន​ខ្លួនឱ្យ​​ខ​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ជា​អ្នក​ចាត់​ការ​​បន្ត​តាម​នីតិវិធី​ ។ ជន​នេះ​និយាយ​ថា ខ្លួន​មិន​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​តុលាការ​ទេ តែ​ត្រូវ​មន្ត្រី​ព្រៃឈើ​ធ្វើការ​ផាកពិន័យ​តាម​ផ្លូវច្បាប់​។ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃមុន​នេះ​ខ្លួន​និង​បងប្រុស​ខ្លួន​ឈ្មោះ​រស្មី ក៏​ត្រូវ​តុលាការ​កោះ​ហៅ​ទៅ​បំភ្លឺ​ដែរ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ខាងលើ​នេះ​។

កោះសន្តិភាព​ មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​មន​ន្ត្រី​កងរាជអាវុធហត្ថ​ឈ្មោះ​ពៅ ទុំ ឈ្មោះ​ប៊ុត សុ​ភ័​ក្រ និង​ឈ្មោះ​ទ្រី តិច​សែ ដែល​ត្រូវ​ចូល​បំភ្លឺ​នៅ​តុលាការ​ពាក់ព័ន្ធ​និង​ករណី​ខាងលើ​នេះ​បាន​ទេ ​នៅ​ព្រឹក​ថ្ងៃ​ទី​២២​កញ្ញា​ នេះ​ ។ ដោយឡែក​ លោក​ឧត្តមសេនីយត្រី មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ​ ជុំវិញ​ករណី​នេះ ​។

ទោះជា​យ៉ាងណា បើ​តាម​ប្រភព​ពី​តុលាការ​បាន​បង្ហើប​ឲ្យ​ដឹង​ថា តុលាការ​នឹង​ចាត់ការ​លើ​សំណុំរឿង​នេះ​ហើយ ខណៈ​មហាជន​និង​មន្ត្រី​នានា​នៅ​ក្នុង​ខេត្តបាត់ដំបង ក៏​កំពុង​តាមដាន​សំណុំរឿង​មន្ត្រី​កងរាជអាវុធហត្ថ​៣​រូប​នេះ​ ស្ទើរ​មិន​ចង់​ព្រិច​ភ្នែក​ដែរ​ ៕

អត្ថបទសរសេរ ដោយ