ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​គ្រឿងញៀ.ន​ពីរ​នាក់ ត្រូវ​នគរបាល​ស្រុក​ស្អាង​បង្ក្រាប

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន​ពីរ​នាក់ បាន​ត្រូវ​នគរបាល​ស្រុក​ស្អាង ដឹកនាំ​ដោយ លោក​វរសេនីយ៍ សេង សុ​ជាតិ អធិការ​នគរបាល​ស្រុក​ស្អាង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល…

ខេត្តកណ្តាល ៖ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន​ពីរ​នាក់ បាន​ត្រូវ​នគរបាល​ស្រុក​ស្អាង ដឹកនាំ​ដោយ លោក​វរសេនីយ៍ សេង សុ​ជាតិ អធិការ​នគរបាល​ស្រុក​ស្អាង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល ធ្វើការ​ចុះ​បង្ក្រាប​បាន​ភ្លាម​ៗ ខណៈ​ដែល​ក្រុម​មុខសញ្ញា​កំពុង​ជួញដូរ​គ្រឿងញៀន រួម​នឹង​ថ្នាំ​ញៀន​ជិត​៣០​កញ្ចប់​។ ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​នៅ​ថ្ងៃ​សុក្រ ១២​កើត ខែភទ្របទ ឆ្នាំច សំ​រិ​ទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​៣​រសៀល នៅ​ចំណុច​រោង ស្នាក់​នៅ​របស់​ឈ្មោះ ម៉េ​ង វិ​ចិត្ត ស្ថិត​ក្នុងភូមិ​ពោធិ៍​កណ្តាល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល​។

លោក​វរសេនីយ៍ សេង សុ​ជាតិ អធិការ​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​០២​នាក់ ទី​០១-​ឈ្មោះ ម៉េ​ង វិ​ចិត្ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​បេះ​ស្វាយ ទីលំនៅ​បច្ចុប្បន្ន​ភូមិ ពោធិ៍​កណ្តាល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ទី​០២-​ឈ្មោះ អ៊ ណា​រ៉ា ហៅ​ម៉ា​យ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រែក​ប៉ាន ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល​។ វត្ថុ​តាង​ចាប់​យក​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ថា​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន​២២​កញ្ចប់ ក្នុង​នោះ​ធំ​០១​កញ្ចប់​, មធ្យម​០៣​កញ្ចប់ និង​១៨​កញ្ចប់​តូច​។ ឧបករណ៍​សម្រាប់​ប្រើប្រាស់​មួយ​ចំនួន​។

លោក​អធិការ​បាន​បញ្ជាក់​ថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​កើតហេតុ​ខាងលើ​។ ភ្លាម​នោះ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ត្រើយ​ស្លា បាន​ចុះ​ដល់​ចំណុច​កើតហេតុ​។ ដោយ​មានការ​ចូលរួម​ពី​លោក​មេ​ភូមិ​ពោធិ៍​កណ្តាល សមត្ថកិច្ច​នគរបាល បាន​ធ្វើការ​ត្រួតពិនិត្យ រោង​ស្នាក់​នៅ​របស់​ឈ្មោះ ម៉េ​ង វិ​ចិត្ត រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​)​ចំនួន​០៧​កញ្ចប់​តូច នៅ​ក្នុង​រោង រួច​ឃាត់ខ្លួន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង បញ្ជូន​មក​ប៉ុស្តិ៍​នគរបាល រដ្ឋបាល​ត្រើយ​ស្លា ដើម្បី​សាកសួរ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ ម៉េ​ង វិ​ចិត្ត បាន​សារភាព​ថា ខ្លួន​បាន​ទិញ​គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន ០១​កញ្ចប់​ធំ តម្លៃ​១០០,០០០​រៀល (​ដប់​ម៉ឺន​រៀល​) ពី​ឈ្មោះ អ៊ ណា​រ៉ា ហៅ​ម៉ា​យ នៅ​ភូមិ​ព្រែក​ប៉ាន ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ដើម្បី​យក​មក​វេច​ខ្ចប់​លក់​បន្ត​។ នៅ​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃខែ​ឆ្នាំ​ដដែល ដោយ​ទទួល​បានការ​ឯកភាព​ពី​លោក លាវ ស្រេង ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តកណ្តាល អនុញ្ញាតិ​ឲ្យ​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង បន្ត​ទៅ​ឃាត់ខ្លួន​ឈ្មោះ អ៊ ណា​រ៉ា ហៅ​ម៉ា​យ នៅ​ភូមិ ព្រែក​ប៉ាន ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល និង​ត្រួតពិនិត្យ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​របស់​ឈ្មោះ អ៊ ណា​រ៉ា រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន​១៥​កញ្ចប់ ក្នុង​នោះ​ធំ ០១​កញ្ចប់​, មធ្យម​០៣​កញ្ចប់ និង​តូច​១១​កញ្ចប់​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ អ៊ ណា​រ៉ា ហៅ​ម៉ា​យ បាន​សារភាព​ថា ខ្លួន​បាន​ទៅ​ទិញ​គ្រឿងញៀន​(​ម៉ា​ទឹកកក​) ចំនួន​០១​កញ្ចប់​ធំ តម្លៃ ៣,២០០,០០០​រៀល (​បី​លាន​ពីរ​សែន​រៀល​) ពី​ឈ្មោះ ស្រួច ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ចំណុច​វត្ត​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដើម្បី​យក​មក​វេច​ខ្ចប់​លក់​បន្ត ហើយ​ឈ្មោះ អ៊ ណា​រ៉ា បាន​សារភាព​បន្ថែម​ទៀត​ថា ខ្លួន​ពិតជា​បាន​លក់​គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន ០១​កញ្ចប់​ធំ តម្លៃ​១៥០,០០០​រៀល ទៅ​កាន់​ឈ្មោះ ម៉េ​ង វិ​ចិត្ត ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​បន្ដ​អនុវត្ដ​តាម​នីតិ​វី​ធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ