ខេត្តមណ្ឌលគិរី ៖ វិធានការចំនួន០៨ចំណុច របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ត្រូវបានដាក់ចេញឲ្យមន្ត្រីក្រោមឱវាទអនុវត្តន៍តាមភារកិច្ចរបស់ខ្លួន ឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រង និងទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្ត មណ្ឌលគិរី។ ការដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់ខាងលើនេះ គឺបន្ទាប់ពីមន្ទីរបរិស្ថានខេត្ត ពិនិត្យឃើញថា របាយការណ៍ប្រចាំខែរបស់ការិយាល័យ ធៀបនឹងទិដ្ឋភាពជាក់ស្ដែង គឺបានបណ្ដាលឲ្យមានការថ្នាំងថ្នាក់ និងការទិតៀនពីសំណាក់មជ្ឈដ្ឋានប្រជាពលរដ្ឋ។
ទន្ទឹមគ្នានេះ មន្ទីរបរិស្ថានខេត្ត ក៏សង្កេតឃើញថា បទល្មើសលួចកាប់ និងដឹកជញ្ជូនឈើ ការឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្ទ្រាន និងកាន់កាប់ដីព្រៃធ្វើជាកម្មសិទ្ធិ បានកម្រើកឡើងនៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។ នេះបើតាមទិន្នន័យរបាយការណ៍អនុវត្តច្បាប់ប្រចាំខែ និងការចាត់វិធានការ តាមនីតិវិធីរបស់ការិយាល័យដែន។ តាមរយៈលិខិតមួយច្បាប់ ចុះហត្ថលេខានៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ដោយលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានណែនាំ និងដាក់ចេញនូវវិធានការដែលត្រូវអនុវត្តដល់ប្រធានការិយាល័យដែន និងប្រធានការិយាល័យ បរិស្ថានក្រុង ស្រុកទាំងអស់ដែលចំណុះក្រោមឱវាទមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ត្រូវបន្តពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងភារកិច្ចការងាររបស់មន្ត្រីរាជការឲ្យបានម៉ឺងម៉ាត់បំផុត។
វិធានការទាំង០៨ចំណុច និងការណែនាំរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មានដូចខាងក្រោម ៖ ១.បន្តពង្រឹងប្រសិទ្ធភាពនៃការចុះល្បាតរបស់មន្ត្រីឧទ្យានុរក្សឲ្យបានជាប្រចាំ ដើម្បីតាមដាន ស្រាវជ្រាវ និងទប់ស្កាត់ការលបលួចកាប់ឈើដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ។ ២.ពង្រឹងវិន័យការងារឲ្យម៉ឺងម៉ាត់បំផុតនៅតាមស្នាក់ការអភិរក្ស និងក្នុងការិយាល័យដែលបំពេញការងារ។ ៣.បន្តកិច្ចសហការជាមួយកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងអាជ្ញាធរមូលដ្ឋាន ដើម្បីពង្រឹងប្រសិទ្ធភាព ភាតរភាព និងការគាំទ្រពីមជ្ឈដ្ឋានទូទៅក្នុងបុព្វហេតុការពារ និងអភិរក្សធនធានធម្មជាតិរបស់មន្ត្រីបរិស្ថាន។ ៤.ទប់ស្កាត់ និងបង្ក្រាបការលួចកាប់ឈើខុសច្បាប់ ការដឹកជញ្ជូនឈើខុសច្បាប់ និងការចូលទន្ទ្រានដីព្រៃក្នុងតំបន់ការពារធម្មជាតិដោយខុសច្បាប់។
៥.បង្កើនការអប់រំ និងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ធនធានធម្មជាតិដែលទាក់ទាញវិស័យទេសចរណ៍។ ៦.រាល់ប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ ហើយរាយការណ៍ និងសុំគោលការណ៍ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។ ៧.មន្ត្រីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិជាមន្ត្រីនគរបាលយុត្តិធម៌ ពុំមានសិទ្ធិតម្កល់រឿងទុកឥតចាត់ការបានឡើយ។ នាយក និងនាយករងដែនជម្រកសត្វព្រៃដែលជាមន្ត្រីនគរបាលយុត្តិធម៌ ត្រូវអនុវត្តនីតិវិធីឲ្យស្របទៅតាមក្រមនីតិវិធីព្រហ្មទណ្ឌ និងច្បាប់ជាធរមាន ចៀសវាងនាំឲ្យមានកំហុសក្នុងការបំពេញមុខងារ ឬខុសនីតិវិធី បណ្ដាលឲ្យមានទណ្ឌកម្មខាងវិន័យ។ ទណ្ឌកម្មខាងវិន័យមិនមែនជាឧបសគ្គដល់ការធ្វើបណ្ដឹងអាជ្ញាទេ ប្រសិនបើមានបទល្មើសណាមួយត្រូវបាន ប្រព្រឹត្តដោយមន្ត្រីនគរបាលយុត្តិធម៌។
៨.ប្រធានការិយាល័យបរិស្ថានក្រុង ស្រុក ត្រូវចូលរួមតាមដាន ត្រួតពិនិត្យ និងអនុវត្តគោលការណ៍ណែនាំ របស់មន្ទីរបរិស្ថានខេត្តក្នុងរង្វង់សមត្ថកិច្ចក្រុង និងស្រុក លើការងារសម្របសម្រួលកិច្ចការងារគាំពារបរិស្ថាន និងការងារអភិរក្សធនធានជីវៈចម្រុះ ជាពិសេសការងារសម្របសម្រួលជាមួយអាជ្ញាធរក្រុង ស្រុកលើការងារបរិស្ថានឲ្យបានម៉ឺងម៉ាត់បំផុត។ វិធានការទាំង០៨ចំណុច មន្ទីរបរិស្ថានខេត្ត មណ្ឌលគិរី ក៏បានស្នើឲ្យប្រធានការិយាល័យទាំងអស់ ចាត់ចែង និងអនុវត្តនូវវិធានការដែលបានដាក់ចេញខាងលើនេះឲ្យទទួលបានប្រសិទ្ធភាពខ្ពស់៕
ចែករំលែកព័តមាននេះ