ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ម្ហូបអាហារ និង​សេវាកម្ម ជា​កត្តា​ស្លា.ប់​រស់​សម្រាប់​ទាក់ទាញ​ទេសចរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​វិស័យ​ទេសចរណ៍​កំពុង​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ដោយ​ផ្ដល់​ប្រាក់​ចំណូល​ប្រមាណ​ជាង​៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ​នោះ អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍ ក៏​បាន​ត្រៀម​ទទួល​ទេសចរ​ថ្មី​ៗ​ជា​ច្រើន​បន្ថែម​ទៀត ដែល​នឹង​មក​ដល់​កម្ពុជា​នៅ​ពេល​ខាង​មុខ ក្នុង​នោះ​វិស័យ​ម្ហូបអាហារ និង​សេវាកម្ម គឺជា​កត្តា​ស្លាប់​រស់​មួយ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​វិស័យ​ទេសចរណ៍​កំពុង​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ដោយ​ផ្ដល់​ប្រាក់​ចំណូល​ប្រមាណ​ជាង​៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ​នោះ អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍ ក៏​បាន​ត្រៀម​ទទួល​ទេសចរ​ថ្មី​ៗ​ជា​ច្រើន​បន្ថែម​ទៀត ដែល​នឹង​មក​ដល់​កម្ពុជា​នៅ​ពេល​ខាង​មុខ ក្នុង​នោះ​វិស័យ​ម្ហូបអាហារ និង​សេវាកម្ម គឺជា​កត្តា​ស្លាប់​រស់​មួយ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ។

លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​ថ្លែង​នៅ​ក្នុង​ពិព័រណ៍​ម្ហូបអាហារ​និង​សណ្ឋាគារ កាលពី​ពេល​ថ្មី​ៗ​នេះ​ថា វិស័យ​ទេសចរណ៍ អាច​រីក​ចម្រើន​ហើយ​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បន្ថែម ដោយសារ​វិស័យ​ម្ហូបអាហារ និង​សេវាកម្ម គឺជា​កត្តា​សំខាន់​មួយ ។ លោក​សង្កត់ធ្ងន់​ថា ៖« គ្មាន​ភ្ញៀវ​ទេសចរ ណាមួយ​ទៅ​លេង​ប្រទេស​ណា​ហើយ មិន​ទទួលទាន​ម្ហូប​ប្រទេស​គេ​នោះ​ទេ គឺ​ត្រូវ​តែ​ទទួលទាន ហើយ​បើ សិនជា​ម្ហូប​យើង​ល្អ សេវាកម្ម​យើង​រហ័ស គេ​ពេញចិត្ត គេ​នឹង​មក​ម្ដងទៀត ។ ទន្ទឹម​នឹង​នេះ គេ​ក៏​នឹង​ផ្សព្វផ្សាយ​ម្ហូប និង​សេវាកម្ម​យើង​ទៅ​ដល់​មិត្តភក្តិ​បងប្អូន​នៅ​ប្រទេស​របស់​គេ ហើយ​គេ​ក៏​អាច​នាំ​គ្នា​មក​សាកល្បង​ម្ដងទៀត​បាន​ដែរ ។ ផ្ទុយ​ទៅ​វិញ បើសិនជា​យើង​មាន​តែ​កន្លែង​ទេសចរណ៍​ស្អាត​ៗល្បី​ៗតែ​សេវាកម្ម​យើង​អន់ ម្ហូប​យើង​មិន​មាន​អនាម័យ ពេល​គេ​ហូប​ទៅ ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​សុខភាព នោះ​គេ​មក​តែ​ម្ដង គេ​នឹង​រាងចាល ហើយ​ផ្សព្វផ្សាយ​អ្វី​ដែល​អាក្រក់​ពី​ប្រទេស​យើង​ទៅ​កាន់​ប្រជាជន​ក្នុង​ប្រទេស​គេ​ទៀត​ » ។

លោក​បន្ត​ថា បច្ចុប្បន្ន​នេះ ក្រសួងទេសចរណ៍​ដែល​ជា​ស្ថាប័ន​សាមី បាន​ជំរុញ​ឲ្យ​ម្ចាស់​ភោជនីយដ្ឋាន និង​សណ្ឋាគារ ត្រូវ​គោរព​ឲ្យ​បាន​នូវ​ស្ដង់ដា​ម្ហូបអាហារ ដើម្បី​ផ្ដល់​ជូន​ទៅ ភ្ញៀវ​ទេសចរ ហើយ​ដើម្បី​គោរព​តាម​ស្ដង់ដា​នោះ ក្រសួង​ក៏​បាន​ឲ្យ​ម្ចាស់​ភោជនីយដ្ឋាន និង​សណ្ឋាគារ​ទាក់ទង​ជាមួយ​សហគមន៍​កសិករ ទទួល​ទិញ​បន្លែ​ធម្មជាតិ មក​ធ្វើ​ម្ហូប​សម្រាប់​ភ្ញៀវ​ទេសចរ ដោយ​ជៀសវាង​យក​បន្លែ​ដែល​មាន​គីមី​មក​ចម្អិន ។ បន្ថែម​ពី​នេះ នៅ​ពេល​ដែល​ភោជនីយដ្ឋាន និង​សណ្ឋាគារ យក​បន្លែ​ពី​សហគមន៍​កាន់តែ​ច្រើន​នោះ នឹង​ធ្វើ​កសិករ​នៅ​តាម​សហគមន៍​ទទួល​បាន​ចំណូល​បន្ថែម​សម្រាប់​លើកកម្ពស់​ជីវភាព​គ្រួសារ​ផង​ដែរ ។

ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា លោក លូ ម៉េ​ង បាន​មាន​ប្រសាសន៍​ថា វា​មាន​សារសំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​វិស័យ​ភោជនីយដ្ឋាន និង​សណ្ឋាគារ​ត្រូវ​មាន​ស្ដង់ដា​អន្តរជាតិ ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​ដែល​មក​លេង​ក្នុង​ប្រទេស​កម្ពុជា ទទួល​បាន​ដូច​អ្វី​ដែល​មាននៅ​ប្រទេស​គាត់ ក៏​ដូច​ជា​នៅ​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត​ដែល​គាត់​ធ្លាប់​បាន​ទៅ ។ លោក​បន្ត​ថា ក្នុង​វិស័យ​ទេសចរណ៍​នេះ​បាន​ផ្ដល់​ប្រយោជន៍​ច្រើន​ណាស់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ។ ជាក់ស្ដែង នឹង​ផ្ដល់​ឱ​ការងារ​រាប់​ពាន់​កន្លែង និង​ទទួល​បាន​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ហើយ​បច្ចុប្បន្ន​ក្នុង​វិស័យ​ទេសចរណ៍ ក៏​កំពុង​ខ្វះខាត​ធនធាន​ច្រើន​សម្រាប់​បម្រើ​ការ ខណៈ​ការ​បណ្ដុះបណ្ដាល​នៅ​មាន​តិចតួច​នៅឡើយ ។

លោក​មាន​ប្រសាសន៍៍​ថា ៖« ក្នុង​មួយ​ឆ្នាំ យើង​ត្រូវការ​ធនធាន​ជំនាញ​ផ្នែក​ចុងភៅ​ប្រមាណ​៤​ពាន់​ទៅ​៥​ពាន់​នាក់ ក៏​ប៉ុន្តែ​មាន​សាលា​មួយ​ដែល​បណ្ដុះបណ្ដាល​ជំនាញ​ចុងភៅ​នេះ បាន​ត្រឹមតែ​ជាង​១០០​នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ដូចនេះ យើង​ត្រូវការ​ជំនាញ​ផ្នែក​ចុងភៅ​ជា​ច្រើន​ទៀត ដើម្បី​បម្រើ​ការងារ​នៅ​តាម​ភោជនីយដ្ឋាន និង​សណ្ឋាគារ ។ ក្រៅពី​ជំនាញ​ចុងភៅ​នេះ ជំនាញ​ផ្សេង​ទៀត​ក្នុង​វិស័យ​ទេសចរណ៍​ក៏​កំពុង​ខ្វះខាត​ដែរ ហើយ​ជា​ពិសេស​នោះ គឺ​ភាសា​ក៏​ជា​កត្តា​សំខាន់​មួយ​ដែរ ។ ជាក់ស្ដែង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ខណៈ​ភ្ញៀវ​ចិន​កំពុង​ឈរ​លំដាប់​កំពូល​ជា​ភ្ញៀវ​ទេសចរ​ច្រើន​ជាងគេ​នៅ​កម្ពុជា យើង​កំពុង​ត្រូវការ​អ្នកចេះ​ភាសា​ចិន » ។

សូម​បញ្ជាក់​ថា តាម​ចក្ខុវិស័យ​របស់​ក្រសួងទេសចរណ៍​កម្ពុជា​រំពឹង​ថា កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​៦,២​លាន​នាក់​ក្នុង​ឆ្នាំ​២០១៨​នេះ និង​ប្រមាណ​៧​លាន​នាក់​ក្នុង​ឆ្នាំ​២០២០ ដែល​នឹង​នាំ​មក​នូវ​ប្រាក់​ចំណូល​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ច ព្រមទាំង​បង្កើត​ឱកាស​ការងារ​បាន​ប្រមាណ​១​លាន​នាក់​ដោយ​ផ្ទាល់ ។

ក្រសួងទេសចរណ៍​ក៏​រំពឹង​ផង​ដែរ ក្នុង​ឆ្នាំ​២០៣០ កម្ពុជា​នឹង​ទទួលភ្ញៀវ​ទេសចរ​មក​ទស្សនា​ក្នុង​តំបន់​ផ្សេង​ៗ​ប្រមាណ​១៥​លាន​នាក់​បង្កើត​ការងារ​បាន​ប្រមាណ​២​លាន​នាក់ និង​នាំ​ប្រាក់​ចំណូល​បាន​ប្រមាណ​១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ក្រសួង​បាន​ព្យាយាម​កែ​ច្នៃ​តំបន់​ទេសចរណ៍​ដែល​មាន​ស្រាប់ ដើម្បី​ធ្វើ​ឲ្យ​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ