ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​នឹង​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​នៅ​ស​ប្តា​ហ៍​ក្រោយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​ទូទៅ​លើក​ទី​៧៣ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ (UN ) និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេង​ទៀត​នៅ​ស​ប្តា​ហ៍​ក្រោយ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​ទូទៅ​លើក​ទី​៧៣ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ (UN ) និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេង​ទៀត​នៅ​ស​ប្តា​ហ៍​ក្រោយ ។

នេះ​បើ​តាម​ការ​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។ សេចក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២១ កញ្ញា​បាន​ឲ្យ​ដឹង​ថា សម្តេច​តេ​ជោ​នឹង​ដឹកនាំ​គណៈប្រតិភូ​ចេញពី​ទឹកដី​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២៥-២៩ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក ។ សម្រាប់​ដំណើរ​ចូលរួម​ប្រជុំ​នៅ​លើ​ទឹកដី​អា​មេ​រិ​ក​ដ៏​កម្រ​របស់​សម្តេច​តេ​ជោ នេះ​ក៏​មាន​បងប្អូន​ខ្មែរ​ដែល​រស់នៅ​អា​មេ​រិ​កមក​ពី​រដ្ឋ​ជា​ច្រើន​ប្រទេស​បាន​ត្រៀមលក្ខណៈ​ស្វាគមន៍​សម្តេច​តេ​ជោ​ផង​ដែរ ។ ប៉ុន្តែ​ស្រប​ពេល​នឹង​ការ​ស្វាគមន៍​ពី​សំណាក​អ្នកគាំទ្រ ក្រុមប្រឆាំង​បាន​ត្រៀមខ្លួន​ទុកជា​មុន​ដែរ សម្រាប់​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​សម្តេច ទោះបីជា​យ៉ាងណា​ក៏​ដោយ​សម្តេច​ស្វាគមន៍​វិញ​ដែរ​ចំពោះ​បាតុកម្ម​ប្រឆាំង​វត្តមាន​សម្តេច​លើ​ទឹកដី​អា​មេ​រិ​ក​នេះ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា មហាសន្និបាត​នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​មូលបទ​«​ធ្វើ​ឲ្យ​អង្គការសហប្រជាជាតិ​មាន​សារៈសំខាន់​ពាក់ព័ន្ធ​ជាមួយ​ប្រជាជន​ទាំងអស់​ក្នុង​ភាព​ជា​អ្នកដឹកនាំ​សកល និង​ការ​ទទួលខុសត្រូវ​រួម​សម្រាប់​សង្គម​ប្រកបដោយ​សន្តិភាព សមធម៌ និង​និរន្តរភាព​» ។ អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​រួម​មាន លោក​ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរ លោកស្រី អ៊ឹ​ង ក​ន្ថា​ផា​វី រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​ព្រមទាំង​ឥស្សរៈជន​សំខាន់​ៗ​មួយ​ចំនួន​ទៀត ។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា នៅ​ទីក្រុង​ញូ​វ​យ៉​ក​សម្តេច​តេ​ជោ​នឹង​ធ្វើ​សេចក្តីថ្លែងការណ៍​មួយ​ផ្តោត​លើ​កា​រវិ​វត្ត​នា​ពេល​ថ្មី​ៗ និង​សមិទ្ធិ​ផល​សំខាន់​ៗ​ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន និង​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែល​ជា​ការ​ព្រួយបារម្ភ​រួម ។ ក្នុង​ឱកាស​នៃ​ការ​អញ្ជើញ​ចូលរួម​ក្នុង​មហាសន្និបាត UN នាយក​រដ្ឋមន្ត្រី​នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ដាច់​ដោយឡែក​ពី​គ្នា​ជាមួយ​លោក អង់​តូ​នី​ញ៉ូ​ហ្គូ​តេ​រ៉េ​ស (António Guterres) អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​បូ​យ​កូ​បូ​រី​ស្សូវ (Boyko Borissov) នាយក​រដ្ឋមន្ត្រី​ប៊ុល​ហ្គា​រី លោក​ខា​ដ​ហ្កា ប្រ៉ា​សាទ ស្សា​ម៉ា អូ​លី (Khadga Prasad Sharma Oli) នាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់ និង​ជួប​ពិភាក្សា​ដោយ​មិត្តភាព​ជាមួយ​ប្រមុខរដ្ឋ និង​រដ្ឋាភិបាល​នៃ​ប្រទេស​មួយ​ចំនួន​ទៀត ។

ក្នុងអំឡុងពេល​ស្នាក់​នៅ​ទីក្រុង​ញូ​វ​យ៉​ក​សម្តេច​តេ​ជោ​នឹង​ជួប​សហគមន៍​ខ្មែរ​រស់នៅ​អា​មេ​រិ​ក និង​កា​ណា​ដា​ផង​ដែរ ។ ក្នុង​កម្រិត​ថ្នាក់​រដ្ឋមន្ត្រី​វិញ​ឧបនាយករដ្ឋមន្ត្រី​នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជា​បន្តបន្ទាប់​ជាមួយ​សម​ភាគី​មក​ពី​ប្រទេស​អូស្ត្រាលី កា​ណា​ដា ហ្ស៊​ក​ហ្ស៊ី អេ​ស្តូ​នី ហុង​ហ្គ្រី​ស៊ែ​ប៊ី និង​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​អា​មេ​រិ​ក​ក្រសួងការបរទេស​ចក្រភព​អង់គ្លេស និង​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត ។

ឧបនាយករដ្ឋមន្ត្រី​នឹង​ចុះហត្ថលេខា​ជាមួយ​លោក Zohrab Mnatsakanyan រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​អារ​មេ​នី​លើ​អនុស្សរណៈ​ស្តី​ពី​ការ​បង្កើត​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​រវាង​ក្រសួងការបរទេស​ខ្មែរ និង​ក្រសួងការបរទេស​អារ​មេ​នី ។ គណៈប្រតិភូ​កម្ពុជា​ក៏​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ក្រៅផ្លូវការ (IAMM) កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ជាមួយ​ប្រធាន​កិច្ចប្រជុំ​មហាសន្និបាត UN និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (AUMM) កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ស្តី​ពី​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៃ​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​យឺត កិច្ចប្រជុំ​ក្រុម​ប្រទេស ៧៧ និង​ចិន និង​កិច្ចប្រជុំ​ជា​ច្រើន​ទៀត ។

សូម​បញ្ជាក់​ថា សម្តេច​ក៏​បាន​ធ្លាប់​បាន​ធ្វើ​ជា​អនុប្រធាន​នៃ​មហាសន្និបាត UN លើក​ទី​៥៧​នេះ​ផង​ដែរ កាលពី​ឆ្នាំ​២០០១ ។ មាន​១៩៣​ប្រទេស​ជា​សមាជិក​អង្គការសហប្រជាជាតិ ។

គួរ​បញ្ជាក់​ថា កាលពី​ពេល​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កាល​ពេល​ថ្មី​កន្លង​មកនេះ​នៅ​ពេល​ដែរ​សម្តេច​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​នៅ UN មាន​ពលរដ្ឋ​ខ្មែរ​នៅ​អា​មេ​រិ​កមក​ពី​ច្រើន​បាន​ត្រៀមលក្ខណៈ​ទទួល​ស្វាគមន៍​សម្តេច​ជា​ច្រើន​រយ​នាក់ ប៉ុន្តែ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ក៏​មាន​ពលរដ្ឋ​ខ្មែរ​មួយទៀត​ក៏​បាន​ត្រៀមលក្ខណៈ​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​របស់​សម្តេច​តេ​ជោ​ផង​ដែរ ដែល​ដឹកនាំ​ដោយ​អតីត​បក្ស​ប្រឆាំង​ផ្ទាល់​តែ​ម្តង ។ សម្ដេច​តេ​ជោ​លើក​ឡើង​ទៀត​ថា ក្នុង​ឱកាស​សម្ដេច​នឹង​ចូលរួម​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ ដើម្បី​ចង់​និយាយ​បញ្ហា​មួយ​ចំនួន​ដែល​ទាក់ទង​ទៅ​នឹង​ពិភពលោក​តែ​ប៉ុណ្ណោះ​មិនមែន​ទៅ​និយាយ​អំពី​បញ្ហា​កម្ពុជា​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ