ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្ដិ​របាំ​រែង​ត្បូង​នៅ​ខេត្ដ​ប៉ៃ​លិន​

10 ឆ្នាំ មុន

ខេត្ដ​ប៉ៃលិន ៖ ​ទឹកដី​ប៉ៃលិន​ល្បី​ល្បាញ​ទៅ​ដោយ​រ៉ែ​ត្បូង​ ហើយ​មាន​របាំ​មួយ​ប្រភេទ​ហៅ​ថា​«​របាំ​រែង​ត្បូង​»​ គួរ​ឱ្យ​ចង់​ទស្សនា​ ។​ តើ​របាំ​រែង​ត្បូង​នេះ​មាន​ប្រវត្ដិ​បែប​ណា​?​

ខេត្ដ​ប៉ៃលិន ៖ ​ទឹកដី​ប៉ៃលិន​ល្បី​ល្បាញ​ទៅ​ដោយ​រ៉ែ​ត្បូង​ ហើយ​មាន​របាំ​មួយ​ប្រភេទ​ហៅ​ថា​«​របាំ​រែង​ត្បូង​»​ គួរ​ឱ្យ​ចង់​ទស្សនា​ ។​ តើ​របាំ​រែង​ត្បូង​នេះ​មាន​ប្រវត្ដិ​បែប​ណា​?​

លោក​ ព្រំ​ រដ្ឋា​ ប្រធាន​ការិយាល័យ​សិល្បៈ​ភាពយន្ដ​នៃ​មន្ទីរ​វប្បធម៌​ និង​វិចត្រ​សិល្បៈ​ខេត្ដ​ រៀប​រាប់​ឱ្យ​ដឹង​ទាក់​ទិន​ប្រវត្ដិ​នៃ​របាំ​រែង​ត្បូង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ កាល​ដើម​ដំបូង​ឡើយ​មាន​ព្រាន​ព្រៃ​មួយ​ក្រុម​បាន​ចេញ​ពី​ផ្ទះ​ក្នុង​ទឹក​មុខ​ញញឹម​ ព្រោះ​សង្ឃឹម​ថា​នឹង​មាន​លាភ​ដូច​កាល​ពី​មុន​ៗ​ទៀត​ ។​ ពេល​ចេញ​ទៅ​ដល់​ក្នុង​ព្រៃ​ ពួក​គេ​ចែក​ផ្លូវ​គ្នា​រុក​រក​សត្វព្រៃ​រៀង​ៗ​ខ្លួន​ ។​ ចំណែក​ពពួក​សត្វ​កំពុង​នាំ​កូន​ចៅ​ដើរ​រក​ស៊ី​ បាន​ជួប​ប្រទះ​ព្រាន​ ក៏​រត់​ប្រាស​អាយុ​រៀង​ៗ​ខ្លួន​ ។​ ដោយ​ហេតុ​នោះ​ហើយ​ព្រាន​វិញ​គិត​ក្នុង​ចិត្ដ​ថា​ ថ្ងៃ​នេះ​ដូច​ជា​គ្មាន​សង្ឃឹម​ថា​ នឹង​មាន​លាភ​ដូច​កាល​ពី​មុន​ទេ​ ព្រោះ​សត្វ​ដែល​ធ្លាប់​រក​ស៊ី​ទាំង​ហ្វូងៗ​បាត់​អស់​គ្មាន​ឃើញ​សូម្បី​តែ​១​ក្បាល​ ។​

ពួក​ព្រាន​អស់​កម្លាំង​ពេក​ ព្រោះ​ស្វះស្វែង​រក​សត្វ​តាំង​ពីព្រឹក​រហូត​ដល់​ថ្ងៃត្រង់​ ក៏​ស្រែក​ប្រកូក​ហៅ​គ្នីគ្នា​ថា​ «ហូប​បាយ​សិន​វើយ​ ចាំ​គិត​ទៀត​»​។​ លុះ​ពេល​ហូប​បាយ​រួច​ នាំ​គ្នា​សម្រាក​មួយ​ពុល​បាយ​ រហូត​លង់​លក់​រៀង​ៗ​ខ្លួន​ទៅ​ ។​ លោក​​ ព្រំ រដ្ឋា​ បន្ដ​ឱ្យ​ដឹង​ទៀត​ថា​ ពេល​កំពុង​លង់​លក់​នោះ​ ស្រាប់​តែ​ពួក​ព្រាន​ឮ​សំឡេង​ស្រែក​ខ្លាំង​ៗ​ ក៏​ស្ទុះ​ក្រោក​ឡើង​ទាំង​ស្រឡាំង​កាំង​ និង​ដាស់​គ្នី​គ្នា​ រួច​សួរ​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត​ថា​​ «តើ​ឯង​ឮ​សំឡេង​ស្រែក​ដូច​គ្នា​ដែរ​ឬ​ទេ​?​»​ ។​ ម្នាក់​ទៀត​ប្រាប់​ថា​ «​មិន​គ្រាន់​តែ​ឮ​សំឡេង​ទេ​ យើង​ឃើញ​ទាំង​ស្រី​វ័យ​ចំណាស់​មក​ឈរ​នៅ​ចំពី​មុខ​យើង​ទៀត​ផង​»​ ។​ ពួក​ព្រាន​នាំ​គ្នា​អង្គុយ​គិត​មួយ​សន្ទុះ​ ក៏​មាន​ម្នាក់​សួរគ្នា​ថា​ «យ៉ាង​ម៉េច​ដែរ​វើយ​»​ ម្នាក់​ឆ្លើយ​ថា​ «​មិន​កើត​ទេ​ដឹង​ បើ​យើង​ឃើញ​ដោយ​ស្រស់​ៗ​បែប​នេះ​»​ ។​ និយាយ​ចប់​ ពួក​គេ​សម្រេច​ចិត្ដ​បបួល​គ្នា​ទៅ​ផ្ទះ​វិញ​​ ដើរ​បណ្ដើរ​និយាយ​គ្នា​បណ្ដើរ​ ហើយ​សម្រេច​ចិត្ដ​ថា​ ឈប់​ទៅ​ព្រៃ​នោះ​ទៀត​ ។​

ប្រភព​ដដែល​និទាន​ថា​ មួយ​ខែ​ក្រោយ​មក​ ពួក​ព្រាន​ចាប់​ផ្ដើម​មុខ​របរ​ថ្មី​​ ប្រ​កប​ដោយ​ទឹក​មុខ​ញញឹម​ញញែម​ គឺ​មុខ​របរ​រែង​ត្បូង​ ។​ ពួក​គេ​ក៏​បបួល​គ្នា​ទាំង​ហ្វូង​សំដៅ​ទៅ​កន្លែង​គោល​ដៅ​ដែល​ពួក​គេ​នឹក​ឃើញ​តាម​បណ្ដាំ​ម្ចាស់​ភ្នំ​ ហើយ​ពួក​គេ​នាំ​គ្នា​អុជ​ធូប​ បួង​សួង​សុំ​សេចក្ដី​សុខ​ និង​លាភ​សក្ការ​ៈ​ ។​​ ក្រោយ​ពី​បួង​សួង​រួច​ ពួក​គេ​នាំ​គ្នា​ចាប់​ឧបករណ៍​ ខ្លះ​ជីក​ ខ្លះ​រែង​​ត្បូង​ ។​ ការ​ខិត​ខំ​របស់​ពួក​គេ​ទទួល​បាន​ផល​ល្អ​ដូច​បំណង​ គឺ​ពួក​គេ​ទទួល​បាន​ត្បូង​ខៀវ​ និង​ត្បូង​ក្រហម​ ។​

ចាប់​តាំង​ពី​ពេល​នោះ​មក​ អ្នក​ស្រុក​មាន​ជំនឿ​លើ​បារមី​ម្ចាស់​ភ្នំ​ ហើយ​ជំនឿ​នេះ​ជាប់​រហូត​ដល់​សព្វថ្ងៃ​គឺ​ជឿ​លើ​បារមី​លោក​យាយ​យ៉ាត​ ដែល​ជា​ម្ចាស់​ទឹក​ដី​ និង​ម្ចាស់​ភ្នំ​នៅ​ខេត្ដ​ប៉ៃ​លិន​​ ។​ យោង​តាម​រឿង​ព្រេង​និទាន​នោះ​ហើយ​ ទើប​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ដ​រៀប​ចំ​ចង​ក្រង​ជា​របាំ​រែង​ត្បូង​ឡើង​ ៕​