ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា អាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងស្រុកចំនួន២ នៃភាគខាងលិចខេត្តបាត់ដំបង ជាប់ព្រំដែនថៃ ត្រូវបានពលរដ្ឋរិះគន់ថា ហាក់ដូចជាមិនរវីរវល់នឹងបទល្មើសភ្នាល់ល្បែងស៊ីសងឡើយ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដែលនាំឱ្យមានការសង្ស័យថា អាចជាការឃុបឃិតគ្នារវាងសមត្ថកិច្ចខិលខូចមួយចំនួន ជាមួយនិងមេល្បែងស៊ីសងទាំងនោះ ជាថ្នូរនឹងផលប្រយោជន៍ផ្សេងៗ ។
បើតាមការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា ល្បែងស៊ីសងទាំងនោះហាក់មិនធំដុំទេ ព្រោះជាការភ្នាល់ល្បែងកីឡា នៅតាមហាងកាហ្វេ និងល្បែងអាប៉ោង តែវាបានបង្ហាញពីភាពអនាធិបតេយ្យបំផុត ។ប៉ុន្តែអ្វីដែលនាំឱ្យមានការរិះគន់ខ្លាំងបំផុតនោះ គឺគេបានឃើញវត្តមានសមត្ថកិច្ចនិងមន្ត្រីរាជការមួយចំនួន ក៏ស្ថិតនៅក្នុងទីតាំងបនល្បែងទាំងនោះ ប្រព្រឹត្តយ៉ាងវក់វីដែរ ដោយគ្មានខ្វល់ខ្វាយអំពីការទប់ស្កាត់ ឬបង្ក្រាបឡើយ ខណៈបនល្បែងខ្លះ គឺបុគ្គលសមត្ថកិច្ចជាអ្នកបើកប្រព្រឹត្តផ្ទាល់តែម្ដង ។
ប្រភពដដែលបានប្រាប់ថា រៀងរាល់ថ្ងៃចុងសប្ដាហ៍ នៅក្នុងស្រុកភ្នំព្រឹក គឺថ្ងៃសៅរនិងថ្ងៃអាទិត្យ គេសង្កេតឃើញមនុស្សរាប់សិបនាក់ យ៉ាងពពាក់ពពូននៅក្នុងហាងកាហ្វេមួយកន្លែង ដែលមានរថយន្តនិងម៉ូតូឈប់ត្រៀបត្រានៅខាងមុខ ក្បែរផ្លូវទៅកាន់ច្រកទ្វាតំបន់ «អូររំដួល» ជាប់ព្រំដែនថៃ ដែលមានម្ចាស់ឈ្មោះទូ ។ហាងកាហ្វេរបស់លោកថៅកែទូនេះ មានគ្រប់សមាសភាព បានចូលទទួលទានកាហ្វេដ៏ឈ្ងុយឆ្ងាញ់ ដែលអមដោយល្បែងស៊ីសងផងដែរ ។
ពលរដ្ឋបានប្រាប់ទៀតថា កន្លងមកហាងកាហ្វេលោកថៅកែទូ ធ្លាប់ជាទីតាំងបើកល្បែងអាប៉ោងដ៏ធំបំផុតនៅក្នុងស្រុកភ្នំព្រឹក ក្រៅពីបើកអាជីវកម្មលក់កាហ្វេ ដែឡមានគ្រប់សមាសសភាពចូលលេងល្បែងនេះ រាប់ទាំងមន្ត្រីរាជការនិងសមត្ថកិច្ចមួយចំនួននៅទីនោះផង ។ ប៉ុន្តែក្រោយមក លោកថៅកែទូ ក៏បានបិទបនល្បែងនេះ ដោយសារមានការរិះគន់ខ្លាំង តែនៅបើកបន្តដ៏កក្រើកនូវល្បែងភ្នាល់កីឡា។
ប្រភពដដែលបានបញ្ជាក់ថា បច្ចុប្បន្ននេះ សកម្មភាពអ្នកញៀនកាហ្វេភ្នាល់ល្បែងកីឡា កំពុងពពាក់ពពូនយ៉ាអាណាធិបតេយ្យបំផុត ដែលមានទាំងមន្ត្រីរាជការ សមត្ថកិច្ចគ្រប់សមាសសភាពនៅតំបន់ព្រំដែន និងនៅក្នុងស្រុកភ្នំព្រឹក បាននិងកំពុងប្រព្រឹត្តល្បែងស៊ីសងនេះ ដោយគ្មានការទប់ស្កាត់ឬបង្ក្រាបខ្លះឡើយ ដែលមើលទៅហាក់បង្ហាញពីភាពអនាធិបតេយ្យ គ្មានសណ្ដាប់ធ្នាប់ឡើយ។
ដោយឡែក បើនិយាយអំពីល្បែងស៊ីសងគ្មានច្បាប់ទម្លាប់ដែលកំពុងដំណើរការនៅឯស្រុកសំពៅលូនវិញ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា គឺមន្ត្រីកងរាជអាវុធហត្ថម្នាក់ប្រចាំស្រុកនេះ រួមជាមួយដង្ខៅល្បែងម្នាក់ទៀត ជាអ្នកបើកដោយផ្ទាល់តែម្ដង ។ ប្រភពបានឲ្យដឹងថា អ្នកបើកបនល្បែងអាប៉ោងនោះ មានភាគហ៊ុន២នាក់ គឺម្នាក់ជាមន្ត្រីកងរាជអាវុធហត្ថនៅស្រុកសំពៅលូន (សុំលាក់ឈ្មោះ) និងម្នាក់ទៀតជាដង្ខៅល្បែងជើងចាស់ ឈ្មោះក្រិម ហៅតាក្រិម។
សេចក្ដីរាយការណ៍បានឲ្យដឹងទៀតថា បនល្បែងរបស់តាក្រិមនេះ មិនបោះទីតាំងរឹងមាំមួយកន្លែងទេ គឺបានបើកលេងចល័តពីកន្លែងមួយទៅកន្លែងមួយ តែមិនទៅឆ្ងាយពីក្នុងភូមិសាស្ត្រ ភូមិគីឡូ១២ ឃុំសន្តិភាព ស្រុកសំពៅលូនឡើយ។ បនល្បែងនេះ ទើបបង្ហាញខ្លួនក្នុងរយៈពេលជិត១ខែកន្លងទៅនេះ តែមានអ្នកចូលរួមច្រើនគួរសមមានទាំងស្ត្រីៗដែលជាមេផ្ទះប្រព្រឹត្តយ៉ាងពពាក់ពពូនផង ។
ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ