រាជធានីភ្នំពេញ ៖ ក្រោយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចចេញលិខិតដាក់បំរាមជាផ្លូវការ តារាសម្តែងនាង សេង សូណា ហាក់ឡាំប៉ាមិនសុខចិត្ត និងបានចាត់ទុកបំរាមរបស់ក្រសួង នាពេលនេះហាក់មិនមានតម្លាភាពក្នុងនាមជាអ្នកសិល្បៈដូចគ្នា ។
ការកើតទុកមិនសុខចិត្តពីតារាសម្តែង ដែលហ៊ានសម្ញែងភាពសិចស៊ី ដោយមិនអៀនខ្មាស់រូបនេះ បានកើតឡើង បន្ទាប់ពីក្រសួងបានសម្រេចដាក់ពិន័យចំពោះនាង ដោយមិនអនុញ្ញាតឱ្យប្រឡូកក្នុងសិល្បៈគ្រប់រូបភាពរយៈពេលមួយឆ្នាំពេញ ក្នុងពេលដែលនាងជាតារាមួយដួង ក្នុងចំណោមតារា៤ដួងផ្សេងទៀត ដែលរងគ្រោះខ្លាំងជាងគេ ខណៈពេលដែលតារាផ្សេងទៀត ត្រឹមរងការព្រមានប៉ុណ្ណោះ ។
តារាសម្តែងដែលមានដើមកំណើតពីខេត្តតាកែវ នាង សេង សូណា បានអះអាងប្រាប់កោះសន្តិភាព តាមសារអេឡិចត្រូនិចថា «នាងមិនយល់ នៅពេលដែលក្រសួងបានចេញក្រដាសពិន័យនេះឡើង ដោយមិនបានកោះហៅនាង ឱ្យមកជួបទល់មុខគ្នានោះ« ។ នាងបញ្ជាក់ថា «ខ្ញុំមិនសុខចិត្តទេ ហើយខ្ញុំចង់បានយុត្តិធម៌ពីភាគីពាក់ព័ន្ធ ព្រោះទាំងសមាគមសិល្បៈ និងក្រសួង គួរតែហៅតារាណា ដែលថតស្រាតឬសិចស៊ីផ្សេងទៀត យកមកណែនាំទាំងអស់ដែរ ។
ជាឧទាហរណ៍ បងស្រីចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករខ្មែរ និងតារាមួយចំនួនទៀតកន្លងមក ក៏ពួកគាត់ធ្លាប់ថតបែបសិចស៊ីនេះដែរ ហើយទាំងអស់នេះ ត្រូវលើកឡើងទាំងអស់ មិនត្រូវតែខ្ញុំត្រឹមស្លៀកឈុតប៊ីគីនីហែលទឹកក្នុងរឿងនោះទេ។
បើតាម សេង សូណា បើទោះបីជាបំរាមមួយនេះ មិនបានប៉ះពាល់ដល់មុខរបរកែសម្ជស្សដែលនាងបើករកស៊ីរៀងរាល់ថ្ងៃនេះមែន តែអ្វីដែលនាងចង់បានយុត្តិធម៌នោះ គឺការសម្រេចនេះធ្វើឡើងទាំងនាងមិនដឹងខ្លួន ហើយចង់ដាក់ពិន័យពាក់ព័ន្ធនឹងរូបភាពនាងតាំងពីឆ្នាំ២០១០-២០១១នោះ គឺនាងមិនអាចទទួលយកបានឡើយ។
នាងនិយាយថា ខ្ញុំដឹងក្រសួងគ្រោងកោះហៅខ្ញុំទៅណែនាំពាក់ព័ន្ធបញ្ហាសិចស៊ី ហើយខ្ញុំរង់ចាំការកោះហៅនេះដែរ ដើម្បីបកស្រាយឱ្យដឹងច្បាស់ ប៉ុន្តែមិនមានឃើញការហៅសោះ តែស្ងាត់ៗចេញលិខិតនេះមក ខ្ញុំដេកតែឆ្ងល់។ ទោះជាយ៉ាងណា នាងបានស្នើសុំឲ្យក្រសួង ក៏ដូចជាសមាគមសិល្បករខ្មែរ គួរហៅតួទាំងឡាយណា ដែលធ្លាប់បានថតបែបសិចស៊ីទាំងអស់ឱ្យមកជួបជុំគ្នា ហើយណែនាំកុំឱ្យតារាខ្មែរទាំងអស់ កុំធ្វើបែបនេះតទៀត នោះទើបមានយុត្តិធម៌សម្រាប់នាង ។
ចែករំលែកព័តមាននេះ