ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះគ្រូ-សិស្ស​តវ៉ាក្តី…ក៏កម្មវិធីនៅតែដំណើរ​ការ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបី​មានការ​លើក​បដា​តវ៉ា​ពី​សំណាក់​គ្រូ​ និង​សិស្ស​នៃ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ តាំងពី​ថ្ងៃ​ទី​១៨ ដល់ទី​១៩ កញ្ញា​ក្តី កម្មវិធី​ដែល​បាន​គ្រោង​ប្រកាស​ជា​ផ្លូវការ​នូវ​សមាសភាព​គណៈ​គ្រប់គ្រងបណ្តោះ អា​សន្ន​វិទ្យាល័យ​ និង​ការ​ផ្ទេរ​នាយក​វិទ្យាល័យ​…

រាជធានី​ភ្នំពេញ ៖ ទោះបី​មានការ​លើក​បដា​តវ៉ា​ពី​សំណាក់​គ្រូ​ និង​សិស្ស​នៃ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ តាំងពី​ថ្ងៃ​ទី​១៨ ដល់ទី​១៩ កញ្ញា​ក្តី កម្មវិធី​ដែល​បាន​គ្រោង​ប្រកាស​ជា​ផ្លូវការ​នូវ​សមាសភាព​គណៈ​គ្រប់គ្រងបណ្តោះ អា​សន្ន​វិទ្យាល័យ​ និង​ការ​ផ្ទេរ​នាយក​វិទ្យាល័យ​ ទៅ​បំពេញការងារ​នៅ​ក្រសួង​នៅ​តែ​ដំណើរការ ខណៈ​គ្រូ​និង​សិស្ស​មួយ​ចំនួន ​បន្ត​ឈរលើក​បដា​តវ៉ា​នៅ​មុខ​ខ្លោងទ្វារ​វិទ្យាល័យ​ក៏​ដោយ ។

តាម​សមាសភាព​ដែល​ត្រូវ​បាន​ប្រកាស​ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ កញ្ញា បាន​បង្ហាញ​ថា លោក អ៊ុ​ក សម្បត្តិ អនុ ប្រធាន​មន្ទីរ​អប់រំ យុវជន​និង​កីឡា រាជធានី​ភ្នំពេញ ត្រូវ​បាន​ចាត់តាំង​ឲ្យ​ធ្វើ​ជា​ប្រធាន​គណៈ​គ្រប់គ្រង​បណ្តោះអាសន្ន នៅ​វិទ្យាល័យ​ព្រះ​សុ​ី​សុវត្ថិ​ជំនួស​លោក មូល ស៊ុ​យ​ហេង នាយក​វិទ្យាល័យ​ដែល​គ្រូ​និង​សិស្ស​មួយ​ចំនួន​បាន​ទាមទារ​ឱ្យ​លោក​បន្ត​ធ្វើ​ជានា​យក​វិទ្យាល័យ​បន្ត ។

មន្ត្រី​ការិយាល័យ​អប់រំ​យុវជន​និង​កីឡា​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា កម្មវិធី​នេះ​ស្ថិត​ក្រោម​អធិបតីភាព​លោក ជ័យ សា​រិ​ន អគ្គាធិការ​នៃ​អគ្គាធិ ការ ដ្ឋាន​ក្រសួង​អប់រំ​យុវជន និង​កីឡា តំណាង​លោក​រដ្ឋមន្ត្រី​ហង់ ជួន ណា​រ៉ុ​ន ដែល​មាន​កិច្ចការ​បន្ទាន់​នៅ​ក្រសួង ដែល​មិន​អាច​ឱ្យ​លោក​មាន​វត្ត​មាននៅ​ក្នុង​កម្មវិធី​ដែល​ព្រាង​ទុក​នេះ ។

យោង​តាម​លិខិត​បង្គាប់ការ​ចុះ​ថ្ងៃ​ទី​១២ កញ្ញា របស់​លោក ហែម ស៊ី​ណា​រ៉េ​ត ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ គឺ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ត្រូវ​ផ្លាស់​ប្តូរ​សមាសភាព​ថ្នាក់ដឹកនាំ​ថ្មី​របស់​ខ្លួន​ជា បណ្តោះ អាសន្ន គឺ​លោក អ៊ុ​ក សម្បត្តិ ដែល​ជា​អនុប្រធាន​មន្ទីរ​អប់រំ ទទួល​បន្ទុក​ធ្វើ​ជា​ប្រធាន​គណៈ​គ្រប់គ្រង​បណ្តោះ អាសន្ន​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ដោយ​មាន​អនុប្រធាន​៣​រូប និង​សមាជិក​៥​រូប​ទៀត ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា អនុប្រធាន​គណៈ​គ្រប់គ្រង​បណ្តោះអាសន្ន​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ រួម​មាន លោក ហ៊ា​ង ឡា​ឌី ប្រធាន​ការិយាល័យ​មធ្យមសិក្សា​មន្ទីរ​អប់រំ យុវជន​និង​កីឡា លោក ហេង លេង ប្រធាន​ការិយាល័យ​អប់រំ​ខណ្ឌដូនពេញ និង​លោក សម កំសាន្ត នាយករង​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ។ រីឯ​សមាជិក​គណៈកម្មការ​សុទ្ធតែ​ជា​នាយករង​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ផ្ទាល់ ដែល​ក្នុង​នោះ​មាន​លោកស្រី ម៉ក់ ដា​នី លោកស្រី ទ្រី វ៉ិ​ច លោក ហួត ស៊ា​ង​ហៃ លោក ស៊ិ​ន ដា​រ៉ា​ស៊ី និង​លោក អុ​ី​វ សៅ​សុខា ។

ចំពោះ​លោក មូល ស៊ុ​យ​ហេង ដែល​ជានា​យក​វិទ្យាល័យ​ព្រះ​សុ​ី​សុវត្ថិ​ត្រូវ​បាន​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ផ្ទេរ​ទៅ​បម្រើ​ការ​នៅ​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ និង​បច្ចេកទេស​វិញ ។ រយៈពេល​ពីរ​ថ្ងៃ​ហើយ​ដែល​លោកគ្រូ អ្នកគ្រូ​និង​សិស្សានុសិស្ស​មួយ​ចំនួន​ដែល​នាំ​គ្នា​ធ្វើ​កូដកម្ម​លើក​បដា​នៅ​មុខ​វិទ្យាល័យ​នោះ គឺ​គោលបំណង​តវ៉ា ចង់ឱ្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​រក្សា​តំណែង​លោក មូល ស៊ុ​យ​ហេង បន្ត​ជានា​យក​ដដែល និង​ទាមទារ​ឱ្យ​ដក​សាលា​ជំនាន់​ថ្មី ចេញពី​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ដាច់ខាត​តែ​ម្ដង ។

ក្រុម​គ្រូបង្រៀន បាន​សរសេរ​លើ​បដា នូវ​ពាក្យពេចន៍​ជា​ច្រើន ហើយ​ក្នុង​នោះ មាន​ទាំង​ការ​លើក​ឡើង​ថា ការ​បង្កើត​សាលា​ជំនាន់​ថ្មី​ក្នុង​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ គឺ​ធ្វើ​ឱ្យ​បាត់បង់​បេតិកភណ្ឌ​ជាតិ ។ ការ​បង្កើត​សាលា​ក្នុង​សាលា គឺ​ប្រៀប​ដូច​ជា​បង្កើត​រដ្ឋ​នៅ​ក្នុង​រដ្ឋ ។ ក្រៅពី​តវ៉ា​នឹង​ការ​បង្កើត​សាលា​ជំនាន់​ថ្មី​ក្នុង​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ក្រុម​គ្រូបង្រៀន ក៏​បាន​ប្រឆាំង​នឹង​ការ​ដក​លោក មួល ស៊ុ​យ​ហេង ចេញពី​តំណែង​នាយក​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ផង​ដែរ ។

ផ្ទុយ​ពី​ការ​ជំទាស់​តវ៉ា​មន្ត្រី​មន្ទីរ​អប់រំ​បាន​បញ្ជាក់​ថា គម្រោង​សាលា​ជំនាន់​ថ្មី ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​កសាង​សមត្ថភាព​ជំនាញ​របស់​សិស្ស​ឲ្យ​សម​ស្រប​តាម​ការ​សិក្សា​រៀនសូត្រ​ក្នុង​សតវត្សរ៍​ទី​២១ ជា​ពិសេស​លើ​ជំនាញ​គីមីវិទ្យា រូបវិទ្យា ជីវវិទ្យា និង​បច្ចេកវិទ្យា តែ​លោកគ្រូ អ្នកគ្រូ​មួយ​ចំនួន​ដែល​តវ៉ា បាន​មើលឃើញ​ថា ការ​បង្កើត​គម្រោង​នេះ បង្ក​ឲ្យ​មានការ​រើសអើង ជា​ពិសេស​ការ​មើលងាយ​សមត្ថភាព​គ្រូ​ចាស់​ៗ ទៅ​វិញ​ទេ ។ មានការ​ពន្យល់​ថា សាលា​ជំនាន់​ថ្មី (New Generation School) ហៅ​កាត់ NGS មិនមែន​ជា​សាលា​ឯកជន​ដូច​អ្នកខ្លះ​លើក​ឡើង​នោះ​ទេ តែ​ជា​សាលា​របស់​រដ្ឋ ដែល​បង្រៀន​ផ្តោត​លើ​ជំនាញ​តម្រង់​ទិស​ដ៏​ពិសេស​ខុស​ពី​សាលា​រដ្ឋ​ធម្មតា​ដែល​លោក​រដ្ឋមន្ត្រី​អប់រំ​បច្ចុប្បន្ន​បាន​គាំទ្រ​យ៉ាង​ខ្លាំង ។

វា​ជា​ថ្នាល​បណ្តុះបណ្តាល​ថ្មី​បែប​ទំនើប គឺ​សិស្ស​សិក្សា​ព្រឹកល្ងាច​ពី​៧​ទៅ​៨​ម៉ោង ក្នុង​១​ថ្ងៃ ហើយ​គ្មាន​ការ​បង្រៀន​គួ​ឡើយ ។ សាលា​នេះ​មាន​វិន័យ​តឹង​រឹង​ដូច​សាលា​ឯកជន ហើយ​ផ្តោត​ជា​សំខាន់​លើ​ជំនាញ​តម្រង់​ទិស STEM (Science វិទ្យាសាស្ត្រ Technology បច្ចេកវិទ្យា Engineering វិស្វកម្ម Maths គណិត​វិទ្យា​) ដែល​ជា​កម្មវិធី​សិក្សា​មក​ពី​អា​មេ​រិ​ក ។សាលា​នេះ​មិន​តម្រូវ​ឱ្យ​សិស្ស​បង់ថ្លៃ​សិក្សា​ដូច​សាលា​ឯកជន​ទេ តែ​វា​ជា​ការ​បង់​បដិភាគ​ឧបត្ថម្ភ​គ្រូ និង​ការ​ចំណាយ​ផ្សេង​ៗ​ក្នុង​មួយ​ឆ្នាំ​មាន​ក្រោម​១០០​ដុល្លារ ១០០​ដុល្លារ ២០០ ដុល្លារ និង​៣០០​ដុល្លារ ។ សម្រាប់​អ្នកក្រ​ពិតប្រាកដ​រៀន​ដោយ​មិន​ចាំបាច់​បង់​បដិភាគ។មិន​ថា​កូន​អ្នកមាន ឬ​កូន​អ្នកក្រ ត្រូវ​ឆ្លងកាត់​ការ​ប្រឡង​ដ៏​តឹង​រឹង​ស្មើភាព ប្រឡង​ជាប់ ទើប​មាន​សិទ្ធិ​បង់​បដិភាគ​ជា​ក្រោយ ។

សាលា​ជំនាន់​ថ្មី បាន​និង​កំពុង​ដំណើរការ​យ៉ាង​រលូន នៅ​លើ​ទឹកដី​ខេត្តស្វាយរៀង ក្នុង​អនុ​វិទ្យាល័យ គោក​ព្រីង​ដោយ​ទទួល​បានការ​ពេញចិត្ត​រៀន និង​បង្រៀន​ពី​សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ ដោយ​សាលា​ជំនាន់​ថ្មី​នេះ​មានការ​គាំទ្រ​ពី​អង្គការ​ជាតិ​-​អន្តរជាតិ​មួយ​ចំនួន ។ ក្រៅពី​នេះ​គម្រោង​សាលា​ជំនាន់​ថ្មី​នេះ ក៏​កំពុង​ដាក់​អោយ​ដំណើរការ​ជា​បន្តបន្ទាប់​តាម​សាលា​មួយ​ចំនួន​ក្នុង​ប្រទេស​ផង​ដែរ ដែល​ជា គោល នយោ បាយ​របស់​រាជរដ្ឋាភិបាល​អភិវឌ្ឍ​វិស័យ​អប់រំ ។ សាលា​ជំនាន់​ថ្មី មានការ​រៀបចំ​បង្ហាញ​ភាព​ពិត​ជាក់ស្តែង​ដល់​សិស្ស​មាន​ន័យ​ថា រៀន​ទ្រឹស្តី​ហើយ គឺ​អនុវត្ត​ផ្ទាល់​តែ​ម្តង ។ ជាង​នេះ​គេ​មាន​តាំង​បង្ហាញ​ពី​របៀប​អនុវត្ត​ផ្សេង​ៗ ដើម្បី​ឲ្យ​បាន​ដល់​គោលដៅ ឧទាហរណ៍​៖ ដើម្បី​បូមទឹក​ឡើង​លើ​ភ្នំ តើ​គេ​ត្រូវ​ប្រើ​មធ្យោបាយ​យ៉ាងណា ?

សាលា​ជំនាន់​ថ្មី ក៏​មានការ​ផ្លាស់​ប្តូរ​បទ​ពិសោធ​គ្នា​រវាង​អ្នកមាន​បទ​ពិសោធ​ល្អ​ៗ មក​ធ្វើការ​ចែករំលែក​ដល់​សិស្សានុសិស្ស តាម​រយៈ​សិក្ខាសាលា​នានា ។ អ្វី​ដែល​កាន់តែ​ពិសេស​ទៀត គឺ​ការ​រៀបចំ ការ​តាំង​ការ​អនុវត្ត​ជាក់ស្តែង ពិតជា​បាន​ធ្វើ​ឲ្យ​សិស្សានុសិស្ស មាន​អារម្មណ៍​រៀនសូត្រ​ជាង​ធម្មតា ។ ឯ​លោកគ្រូ អ្នកគ្រូ​ក៏​មាន​ទឹកចិត្ត​បង្រៀន​ដល់​សិស្ស​យ៉ាង​ខ្លាំងក្លា ដោយសារ​តែ​មានការ​លើកទឹកចិត្ត​ផ្តល់​ប្រាក់​ឧបត្ថម្ភ​សមរម្យ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ