ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ដាក់​ពិន័យ​របស់​ក្រសួង​វប្បធម៌ហាក់​គ្មាន​ទម្ងន់​លើ​សេង សូ​ណា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​អំនួត​ចំពោះ​ភាព​សិច​ស៊ី​បង្ហាញ​សម្រស់​រាង​កាយ ពិសេស​សុដន់ បាន​ជះ​ត្រឡប់​ទៅ​កញ្ញា​សេង សូ​ណា វិញ​នូវ​ការ​ប៉ះពាល់​ដល់​អាជីព​របស់​នាង ។ ការ​ប៉ះ​ពាល់​​នេះ​ពី​ការ​ដាក់​ពិន័យ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ទៅ​លើ​រូប​នាង…

រាជធានី​ភ្នំពេញ ​៖ ​អំនួត​ចំពោះ​ភាព​សិច​ស៊ី​បង្ហាញ​សម្រស់​រាង​កាយ ពិសេស​សុដន់ បាន​ជះ​ត្រឡប់​ទៅ​កញ្ញា​សេង សូ​ណា វិញ​នូវ​ការ​ប៉ះពាល់​ដល់​អាជីព​របស់​នាង ។ ការ​ប៉ះ​ពាល់​​នេះ​ពី​ការ​ដាក់​ពិន័យ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ទៅ​លើ​រូប​នាង ។

ថ្ងៃ​ទី​១៨ កញ្ញា ២០១៨ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ចេញ​លិខិត​ប្រកាស​អំពាវ​នាវ​ឲ្យ​គ្រប់​ស្ថានីយទូរទស្សន៍ ព្រមទាំង​អាជីវករ​ដែល​មាន​មុខរបរ​ពាក់ព័ន្ធ​នឹង​វិស័យ​សិល្បៈ​វប្បធម៌ ឲ្យ​ផ្អាក​ទទួលយក​កញ្ញា​សេង សូ​ណា ចូលរួម​សម្ដែង ។ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ផ្ញើ​លិខិត​នេះ​ជូន​ទៅ​ប្រធាន​សមាគម​ទូរទស្សន៍​កម្ពុជា ។

លិខិត​របស់​ក្រសួង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លើក​ឡើង​ពី​ស្មារតី​នៃ​កិច្ចប្រជុំ​របស់​​ក្រុមប្រឹក្សា​ពិន័យ និង​លើក​សរសើរ​នៃ​ក្រមសីលធម៌​នៃ​អ្នកសិល្បៈ កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៨ បាន​សម្រេច​ដាក់​ពិន័យ​ផ្អាក​តារា​សម្ដែង​កញ្ញា​សេង សូ​ណា មិន​ឲ្យ​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​វិស័យ​សិល្បៈ​គ្រប់​រូបភាព រួម​មាន ៖ ការ​សម្ដែង ថត​ខ្សែភាពយន្ដ ខារ៉ាអូខេ ស្ប៉ត ច្រៀង​បង្ហាញមុខ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​…​ជាដើម រយៈពេល​១​ឆ្នាំ គិត​ចាប់ពី​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨ ដល់​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៩ ។

លោក​ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បញ្ជាក់​ពី​មូល​ហេតុ​ដែល​ក្រសួង​វប្បធម៌​ដាក់​បម្រាម​នោះ​ដោយសារ​តែ​កញ្ញា​សេង សូ​ណា នៅ​តែ​បន្ដ​ស្លៀកពាក់ និង​បញ្ចេញ​ឥរិយាបថ​ប៉ះពាល់​ដល់​ទំនៀមទម្លាប់ ប្រពៃណី​ជាតិ ។

កញ្ញា​សេង សូ​ណា នា​ពេល​កន្លង​បាន​បញ្ចេញ​ប្រតិកម្ម​នៅ​ពេល​លឺ​ថា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ គ្រោង​កោះហៅ​នាង​ទៅ​អប់រំ និង​ដាក់​ពិន័យ ។ នាង​បានការ​ពារ​ខ្លួន​ថា ហេតុ​​អី​ត្រូវ​ដាក់​ពិន័យ បើ​ភាព​សិច​ស៊ី​របស់​នាង​នោះ​នៅ​ក្នុង​ការ​សម្តែង​ឲ្យ​ភាពយន្ត​បរទេស !

អ្នកសិល្បៈ និង​មហាជន​មួយ​ចំនួន​យល់​ថា​បម្រាម​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ហាក់​មិន​មាន​ទម្ងន់​ប៉ុន្មាន​ទេ​ទៅ​លើ​សេង សូ​ណា ដោយសារ​តែ​ជាក់ស្តែង​នាង​ដូច​ជា​មិន​មាន​សកម្មភាព​សម្តែង​ឲ្យ​ផលិតកម្ម​ភាពយន្ត​នានា ឬ​ក៏​សម្តែង​នៅ​តាម​កម្មវិធី​ប្រគំ​តន្ត្រី​របស់​ទូរទស្សន៍​នានា​នោះ​ទេ និយាយ​រួម​គឺ​នាង​ស្ទើរ​មិនឃើញ​មាន​សកម្មភាព​ក្នុង​ពិភព​សិល្បៈ ។ កន្លង​មក​សូ​ណា ច្រើន​ចេញ​ទៅ​សម្តែង​នៅ​បរទេស ។ ដូច្នេះ​ហើយ​ការ​ដាក់​ពិន័យ​របស់​ក្រសួង​វប្បធម៌ ទំនង​មិន​ធ្វើ​ឲ្យ​សេង សូ​ណា ឈឺចាប់ ឬ​ប៉ះពាល់​ដល់​អាជីព​នាង​ប៉ុន្មាន​ទេ ។

ពេល​នេះ​ដូចដែល​ការ​លេចលឺ​ព័ត៌មាន​កន្លង​មក​មែន គឺ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​សម្រេច​ដាក់​ពិន័យ​កញ្ញា​សេង សូ​ណា ដោយ​ហាម​រាល់​ការ​សម្តែង​របស់​នាង ។ ទោះជា​យ៉ាងណា​ក្តី​មិន​ទាន់​មាន​ប្រតិកម្ម​ជា​ថ្មី​ពី​កញ្ញា​សេង សូ​ណា ទេ ។

តារា​ដែល​មាន​ប្រភព​កំណើត​នៅ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​កញ្ញា​សេង សូ​ណា ល្បី​ឈ្មោះ​ដោយ​ភាព​សិច​ស៊ី​បញ្ចេញ​សម្រស់​សុដន់ ជា​ជាង​ដោយ​អាជីព​សិល្បៈ​ដែល​មិនសូវ​មមាញឹក​របស់​នាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ