ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្ធ​លើ​ផលិតផល​ចិន​200​ប៊ី​លាន​ដុល្លារ​នឹង​ចាប់​មាន​ប្រសិទ្ធភាព​ឆាប់ៗនេះ

5 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ស​ប្ដា​ហ៍​នេះ​ថា លោក​នឹង​ដាក់​ពន្ធ​១០%​ទៅ​លើ​ផលិតផល​នាំ​ចូល​ពី​ចិន​ដល់​ទៅ​២០០​ប៊ី​លាន​ដុល្លារ ប៉ុន្តែ​លោក​អនុគ្រោះ​ដល់​នាឡិកា Smartwatch…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ស​ប្ដា​ហ៍​នេះ​ថា លោក​នឹង​ដាក់​ពន្ធ​១០%​ទៅ​លើ​ផលិតផល​នាំ​ចូល​ពី​ចិន​ដល់​ទៅ​២០០​ប៊ី​លាន​ដុល្លារ ប៉ុន្តែ​លោក​អនុគ្រោះ​ដល់​នាឡិកា Smartwatch របស់​Apple និង Fitbit រួម​ទាំង​ផលិតផល​ដទៃ​ទៀត​ដូច​ជា មួក​ការពារ និង​កៅអី​ក្មេង​សម្រាប់​ដាក់​ក្នុង​រថយន្ត​ជា​ដើម ។

ក្នុង​សេចក្តីថ្លែងការណ៍​ខាងលើ លោក​ត្រាំ​បាន​ព្រមាន​ថា ប្រសិនបើ​ប្រទេស​ចិន​ចេញ​វិធានការ​ឆ្លើយ​តប​ប្រឆាំង​នឹង​កសិករ ឬ​ឧស្សាហកម្ម​អា​មេ​រិ​ក « ពួក​យើង​នឹង​អនុម័ត​ដំណាក់​កាលពី​បី​ភ្លាម​ៗ ដែល​ជា​ពន្ធ​លើ​ផលិតផល​នាំ​ចូល​ពី​ចិន​ប្រមាណ​២៦៧​ប៊ី​លាន​ដុល្លារ​បន្ថែម​ទៀត »​។

ពន្ធ​ទាំងនេះ​នឹង​ចាប់ផ្តើម​មាន​ប្រសិទ្ធភាព​នៅ​ថ្ងៃ​ទី​២៤​ខែកញ្ញា​ខាង​មុខ​នេះ ប៉ុន្តែ​អត្រា​ពន្ធ​នឹង​កើន​ដល់​២៥%​នៅ​ចុងឆ្នាំ​២០១៨ ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អា​មេ​រិ​ក​មាន​ពេលវេ​លា​ប្តូរ​អ្នក​ផ្គត់ផ្គង់​ទៅ​កាន់​ប្រទេស​ដទៃ​វិញ ។

មក​ដល់​បច្ចុប្បន្ន សហរដ្ឋអាមេរិក​បាន​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ​៥០​ប៊ី​លាន​ដុល្លារ​ទៅ​ហើយ​ដើម្បី​ដាក់​សម្ពាធ​ដល់​ប្រទេស​នេះ​ឲ្យ​កែទម្រង់​គោលនយោបាយ​ពាណិជ្ជកម្ម ការ​ផ្ទេ​ក​បច្ចេកវិទ្យា និង​ការ​ផ្តល់​ឧបត្ថម្ភ​ធន​ដល់​ឧស្សាហកម្ម​បច្ចេកវិទ្យា​ខ្ពស់ ។

ការ​តានតឹង​ឡើង​នៃ​ជម្លោះ​នេះ​កើត​មាន​ឡើង បន្ទាប់​ពី​ការ​ចរចា​រវាង​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង​ពីរ​លើ​ពិភពលោក​បាន​បរាជ័យ​ក្នុង​ការ​សម្រេច​បាន​លទ្ធផល ។

កាលពី​ស​ប្តា​ហ៍​មុន លោក Steven Mnuchin រដ្ឋមន្ត្រីក្រសួង​រតនាគារ​អា​មេ​រិ​ក បាន​អញ្ជើញ​​មន្ត្រី​ថ្នាក់ខ្ពស់​របស់​ប្រទេស​ចិន​មក​ចូលរួម​ការ​ចរចា​ជា​ថ្មី ប៉ុន្តែ​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​កាលបរិច្ឆេទ​ច្បាស់លាស់​ឡើយ ។

ប្រទេស​ចិន​បាន​សន្យា​ថា នឹង​ឆ្លើយ​តប​ទៅ​នឹង​រាល់​ពន្ធ​អា​មេ​រិ​ក​ដែល​បាន​ដាក់​លើ​ប្រទេស​ខ្លួន ខណៈ​ដែល​សារព័ត៌មាន​ក្នុងស្រុក​បាន​ឲ្យ​ដឹង​ថា នឹង​មានការ​វាយបក​ដ៏​ធ្ងន់ធ្ងរ ។

អ្នក​ព្យាករណ៍​បាន​ព្រមាន​ថា ការ​ធ្ងន់ធ្ងរ​ឡើង​នៃ​ជម្លោះ​រវាង​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង​ពីរ​លើ​ពិភពលោក​នេះ អាច​នឹង​កាត់​បន្ថយ​ការ​លូតលាស់​សេដ្ឋកិច្ច​ពិភពលោក​ប្រមាណ​០,៥% រហូត​ដល់​ឆ្នាំ​២០២០ ប្រសិនបើ​ពន្ធ​ដែល​បាន​គំរាម​នេះ​ពិតជា​ត្រូវ​បាន​អនុម័ត​មែន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ