ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូន​ប្តឹង​បង​ទៅ​តុលាការ​…​រឿង​បង​កា.ប់​ដើម​ខ្នុរ​ងាប់ !

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​រឿងរ៉ាវ​មួយ​រវាង​ពីរ​នាក់​បងប្អូន​បង្កើត​ដែល​រស់នៅ​ជាប់​របង​ជាមួយ​គ្នា បាន​ឈាន​ដល់​ការ​ប្តឹងផ្តល់​គ្នា​ទៅ​តុលាការ ។ យ៉ាងនេះ​ក្តី ស្ត្រី​ជា​បង​បាន​លើកដៃ​សំពះ​សុំ​អង្វរ​ដល់​អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​តុលាការ សូម​មេត្តា​ផ្ដល់​យុត្តិធម៌​ជូន​គ្រួសារ​គាត់​ផង ខណៈ​គ្រួសារ​ខាង​ប្អូនបង្កើត​ប្តឹង​គាត់​ទៅ​តុលាការ​ដោយ​ចោទ​ពី​បទ…

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​រឿងរ៉ាវ​មួយ​រវាង​ពីរ​នាក់​បងប្អូន​បង្កើត​ដែល​រស់នៅ​ជាប់​របង​ជាមួយ​គ្នា បាន​ឈាន​ដល់​ការ​ប្តឹងផ្តល់​គ្នា​ទៅ​តុលាការ ។ យ៉ាងនេះ​ក្តី ស្ត្រី​ជា​បង​បាន​លើកដៃ​សំពះ​សុំ​អង្វរ​ដល់​អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​តុលាការ សូម​មេត្តា​ផ្ដល់​យុត្តិធម៌​ជូន​គ្រួសារ​គាត់​ផង ខណៈ​គ្រួសារ​ខាង​ប្អូនបង្កើត​ប្តឹង​គាត់​ទៅ​តុលាការ​ដោយ​ចោទ​ពី​បទ បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ​អ្នក ដទៃ​ដោយ​ចេតនា ដោយ​គាត់​កាប់​ដើម​ខ្នុរ​ងាប់​មួយ​ដើម​ក្នុង​ដី​ភូមិ​របស់​គាត់​តែ​មាន​ដើម​ផ្កា​របស់​ប្អូន​វា​តោង​មក​លើ​បណ្តាល​អោយ​ដាច់​មែក​ខ្លះ​តែ​ប៉ុណ្ណោះ ។

ដោយសារ​តែ​ជីវភាព​ក្រីក្រ​គ្មាន​លទ្ធភាព​ត​ក្តី​នៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨​ស្ត្រី​ជា​បង​បាន​ហៅ​អ្នក​សារព័ត៌មាន​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ដើម្បី​ស្វែងរក​ភាគី​ពាក់ព័ន្ធ និង​អាជ្ញាធរ​ខេត្ត​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ជូន​គ្រួសារ​គាត់​ផង គាត់​មិន​ចង់បាន​អ្វី​ផ្សេង​នោះ​ឡើយ ។

ស្ត្រី​ឈ្មោះ កែវ ស៊ី​ថា អាយុ​៦៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ដែល​ត្រូវជា​បង និង​ជា​ចុង​ចម្លើយ​បាន​ប្រាប់​ថា ប្ដី​គាត់​មានឈ្មោះ សុខ ខា អាយុ​៦៩​ឆ្នាំ ពីរ​នាក់​ប្ដី​ប្រពន្ធ​គាត់​គ្មាន​កូន​នោះ​ទេ ។ គាត់​មាន​ប្អូនប្រុស​ម្នាក់​ឈ្មោះ ម៉ប់ សា​រឿ​ន ហៅ កែវ ប៊ុ​ន​នី ប្អូនប្រុស​គាត់​មាន​ប្រពន្ធ​ឈ្មោះ អ៊ី​ម សុធា​រ៉ា ។ គ្រួសារ​របស់​ប្អូនប្រុស​គាត់​ប្រកប​អាជីវកម្ម​បើក​ផ្ទះសំណាក់​ឈ្មោះ សុបិន​ល្អ ដែល​នៅ​ជាប់​របង​ជាមួយ​គ្នា ។

ស្ត្រី​ខាងលើ​បាន​រៀបរាប់​នូវ​ប្រវត្តិ​ទំនាស់​ថា ក្នុង​ដី​ភូមិ​របស់​គាត់​មាន​ដើម​ខ្នុរ​មួយ​ដើម​វាទ​ទួល​បាន​ផល​ពីរ​ឆ្នាំ​ហើយ ។ ប៉ុន្តែ​នៅ​ដី​ភូមិ​របស់​ប្អូន​គាត់​មាន​ដាំ​ផ្កា​មួយ​ទ្រើង (​ផ្កា​ឡើងទ្រើង​) ហើយ​ផ្កា​នោះ​បាន​បោះ​មែក​មក​តោង​លើ​ដើម​ខ្នុរ​របស់​គាត់​បណ្តាល​អោយ​រកកល និង​ងាប់​ដើម ។

ពេល​ឃើញ​បែប​នេះ​គាត់​បាន​ប្រាប់​ទៅ​ប្អូនប្រុស​របស់​គាត់​ថា ៖«​ប្អូន​អើយ​ផ្កា​របស់​ប្អូន វា​បាន​តោង​ពេញ​មក​លើ​ដើម​ខ្នុរ​បង​រកកល និង​ងាប់​ហើយ​» ពេល​នោះ​ប្អូនប្រុស​បាន​ប្រាប់​ថា ៖ «​បើ​ចឹ​ង​បង​លះ​មែក​ផ្កា​នោះ​ចេញ​ទៅ​ដើម្បី​អោយ​ដើម​ខ្នុរ​បាន​រស់​» ។ ប៉ុន្តែ​ក្រោយមក​គាត់​មិន​ទាន់​បាន​លះ​មែក​ផ្កា​នោះ​ផង ស្រាប់តែ​ដើម​ខ្នុរ​របស់​គាត់​បាន​ងាប់​ទៅ​ហើយ ។ បន្ទាប់​មក​គាត់​បាន​កាប់​ដើម​ខ្នុរ​របស់​គាត់​ចេញ​តែ​ម្តង ។

នៅ​ពេល​កាប់​នោះ​ធម្មតា​ដើម​ផ្កា​តោង​លើ​ដើម​ខ្នុរ​បាន​ចាក់ស្រេះ​ជាប់​ទៅ​ជាមួយ​គាត់​ក៏​ប្រើ​កណ្តៀវ​តូច​ផ្តាច់​ចេញពី​គ្នា​ត្រឹម​ព្រំ​របង​របស់​គាត់​តែ​ប៉ុណ្ណោះ ។ ស្រាប់តែ​នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៨ រូប​គាត់​ត្រូវ​បាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កោះហៅ​រូប​គាត់​អោយ​ចូល​បំភ្លឺ តាម​បណ្តឹង​របស់​ប្អូនថ្លៃ​ស្រី​ឈ្មោះ អ៊ី​ម សុធា​រ៉ា ដោយ​ចោទប្រកាន់​ពី​បទ «​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ អ្នក​ដទៃ​ដោយ​ចេតនា​» ។

រូប​គាត់​មិន​ចង់បាន​អ្វី​នោះ​ទេ​ហើយ​ក៏​គ្មាន​លទ្ធភាព​តតាំង​ក្តី​នេះ​ដែរ​មាន​តែ​លើក​ម្រាមដៃ​ដប់​សំពះ​ដល់​ឯកឧត្តម អភិបាលខេត្ត តុលាការ​អម​សាលា ដំបូង​ខេត្ត ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន សូម​មេត្តា​ជួយ​រក​យុត្តិធម៌​ជូន​គ្រួសារ​គាត់​ផង ។

ជុំវិញ​បញ្ហា​នេះ​អ្នក​សារព័ត៌មាន កោះសន្តិភាព បាន​ទំនាក់ទំនង​ម្ចាស់ផ្ទះ​សំណាក់​សុបិន​ល្អ​គឺ​ស្ត្រី​ឈ្មោះ អ៊ី​ម សុធា​រ៉ា ដែល​ជា​ប្អូនថ្លៃ​ស្រី និង​ជាដើម​បណ្តឹង​បាន​បំភ្លឺ​តាម​ទូរស័ព្ទ​ថា ៖«​រឿង​គាត់​ប្ដឹង​ទៅ​តុលាការ​ដោយសារ​ស្ត្រី​ជា​បងថ្លៃ​បាន​ប្រើ​កណ្ដៀវ​លូក​កាត់​ដើម​ផ្កា​ចូល​មក​ក្នុង​របង​ផ្ទះ​របស់​គាត់​ដែល​គាត់​ខំ​ដាំ​៣-៤​ឆ្នាំ​ទំហំ​ប៉ុន​មេជើង​ទៅ​ហើយ​» ។ ស្ត្រី​ខាងលើ​បាន​បញ្ជាក់​ថាបើ​ត្រឹមតែ​លះ​មែក​ក៏​មិន​បញ្ហា​ដែរ តែ​នេះ​គាត់​បាន​ប្រើ​កណ្តៀវ​ដង​វែង​លូក​ចូល​មក​កាត់​ដល់​ក្នុងផ្ទះ​របស់​គាត់​ទៀត ។

ទោះ​យ៉ាងនេះ​ក្តី​ស្ត្រី​ជា​បងថ្លៃ និង​ជា​ចុង​ចម្លើយ​គាត់​បាន​បដិសេធ​ថា គាត់​មិន​បាន​ប្រើ​កណ្តៀវ លូក​កាត់​ចូល​ដល់​ដី​ភូមិ​របស់​គេ​ឡើយ​គឺ​គ្រាន់តែ​កាប់​ផ្តាច់​ដើម​ផ្កា​អោយ​ដាច់​ពី​គ្នា​ត្រឹម​ដី​ភូមិ​របស់​គាត់​ប៉ុណ្ណោះ ម្យ៉ាងវិញទៀត​កណ្តៀវ​គាត់​ប្រើ​គ្រាន់តែ​ជា​កណ្តៀវ​តូច​មួយ​រៀង​ដូច​កាំបិត​គ្មាន​ក្រ​ង៉ុ​ក​ដូច​កណ្តៀវ ផ្លែ​ធំ​ដែល​អាច​ថ្ពក់​ទាញ​បាន​ពី​ចម្ងាយ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ