ហ្វឹកហាត់ខ្លួនឯងឱ្យដឹងថា អ្វីៗសុទ្ធតែមានការកន្លងទៅជាធម្មតា។ ឧទាហរណ៍ៈ ពេលដែលបានសុខ ត្រូវដឹងថា បន្តិចទៀតវានឹងកន្លងទៅ ពេលដែលមានទុក្ខ ក៏ត្រូវដឹងថា វានឹងកន្លងទៅដូចគ្នា នៅពេលដែលជួបការលំបាកយ៉ាប់យ៉ឺនមកដល់ ត្រូវដឹងថា រឿងរ៉ាវទាំងនេះ វាមិនបាននៅជាមួយយើងរហូតនោះទេ ទ្រាំបន្តិចទៅ កុំងាកទៅរកអំពើមិនគប្បីណាមួយ គឺយើងត្រូវតែឈរនៅខាងសេចក្ដីល្អជានិច្ច ។
ហ្វឹកហាត់ ខ្លួនឲ្យឃើញតូចឡើងៗ ធ្វើជាមនុស្សខ្លួនតូចតែពេញដោយសតិ កុំជាមនុស្សខ្លួនធំពេញដោយកិលេសមិនល្អទេ។ ឱ្យឃើញថាខ្លួនឯងជាមនុស្សធម្មតាៗទៅបានហើយ កុំប្រកាន់ថា ខ្លួនអញជាមនុស្សសំខាន់យ៉ាងនេះ យ៉ាងនោះ ត្រូវចេះគិតដល់ធម្មតាធម៌ ទើបបានសុខ ។
ហ្វឹកហាត់ខ្លួនឱ្យចេះលះបង់ និងចេះព្រមចាញ់ប្រៀបអ្នកដទៃផង ។ ការដែលមនុស្សយើងព្រមចាញ់ប្រៀបគេ ជាការចាំបាច់ ព្រោះបើយើងទាមទារតែពីត្រូវ អាងហេតុ អាងផល យ៉ាងនេះ យ៉ាងនោះដោយមិនព្រមចាញ់ប្រៀបគេ ចង់តែពីត្រូវគ្រប់យ៉ាង ចង់តែពីឈ្នះគេនោះ មិនមានសេចក្ដីសុខក្នុងជីវិតទេ ព្រោះត្រូវតស៊ូជាមួយមនុស្សនៅជុំវិញខ្លួន ដើម្បីទាមទាររកហេតុផលឲ្យខ្លួនឯងត្រូវ និងឈ្នះគេតែម្យ៉ាង ។
ដូច្នេះមានតែការព្រមចាញ់ប្រៀបអ្នកដទៃហ្នឹងឯង ទើបបានសេចក្ដីសុខក្នុងជីវិត និងបានឈ្នះនូវកិលេស ឈ្នះនូវមានះក្នុងខ្លួនឯង ហើយបានសុខជានិច្ច ។
ចែករំលែកព័តមាននេះ