ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានបញ្ជា៖ ​ធ្វើយ៉ាងណាឱ្យឆ្នេរធម្មជាតិ​នេះ​ នៅដូចដើម​…!

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ទីបំផុត ​សម្ដេច​តេ​ជោនាយក​រដ្ឋមន្ដ្រីបាន​ដាក់​បទបញ្ជា​ឱ្យ​លោក ជា សុ​ផា​រ៉ា ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់…

ខេត្ត​ព្រះ​សីហ​នុ ៖ ទីបំផុត ​សម្ដេច​តេ​ជោនាយក​រដ្ឋមន្ដ្រីបាន​ដាក់​បទបញ្ជា​ឱ្យ​លោក ជា សុ​ផា​រ៉ា ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចុះ​ពិនិត្យ​សកម្មភាព​ចាក់​ដី​រំលោភ​ចូល​ឆ្នេរ​សមុទ្រនៅ​ចំណុច​ឆ្នេរ​ព្រែក​ត្រែង ក្នុងភូមិ​សាស្ត្រ​ភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ដើម្បី​ឱ្យ​​កាយ​ដី​នោះ​ចេញ​វិញ ដោយ​ធ្វើ​យ៉ាងណា​ ឱ្យ​ឆ្នេរ​ធម្មជាតិ​នេះ​នៅ​ដូច​ដើម ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី​នៅ​រសៀល​ថ្ងៃ​ទី​១៨ កញ្ញា ។

ដោយ​អនុវត្ត​តាម​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​នេះ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ឃើញ​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស និង​មន្ដ្រី​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង ដោយ​ដើរ​លើ​ដីក្រហម​ដែល​គេ​ចាក់​លើ​ឆ្នេរសមុទ្រ ។ ក្រោយ​ពី​បាន​ចុះ​ពិនិត្យ​អស់​រយៈពេល​ជាង​មួយ​ម៉ោង​រួច​មក ទីតាំង​ចាក់​ដី​ដែល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មហាជន​នោះ ត្រូវ​បាន​លោក​ឧបនាយករដ្ឋមន្ដ្រី ជា សុ​ផា​រ៉ា បញ្ជា​ឱ្យ​ក្រុម​ការ​ងារ​យក​គ្រឿងចក្រ​ចំនួន​០៣​គ្រឿង រួម​ជាមួយ​រថយន្ត​ជា​ច្រើន​គ្រឿង កាយ​ដី​ចេញ​វិញ​ជា​បណ្តើរ​ៗ​ហើយ ដោយ​ពុំ​មានការ​យោគយល់​នោះ​ទេ ព្រោះ​ការ​ចាក់​ដី​រំលោភ​ឆ្នេរ​ចូល​ទៅ​ក្នុង​សមុទ្រ​នេះ វា​ពិតជា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​បរិស្ថាន និង​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។

ជុំវិញ​បញ្ហា​នេះ​បណ្តាញសារព័ត៌មាន​ពុំ​អាច​ធ្វើ​កិច្ច​សម្ភាសន៍​ផ្ទាល់​ជាមួយ​លោក​ឧបនាយករដ្ឋមន្ដ្រី ជា សុ​ផា​រ៉ា បាន​ទេ ដោយ​លោក​កំពុង​មមាញឹក​ញើស​ហូរ​សស្រាក់​ក្នុង​កិច្ចការ​បន្ទាន់​មួយ​នេះ ។ ឆ្លើយ​តប​ទៅ​យុទ្ធនា​ការ​ដ៏​ក្តៅ​គគុក​នេះ​មហាជន អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​បាន​សម្តែង​ការ​សាទរ​យ៉ាង​ខ្លាំង​ទៅ​នឹង​ចំណាត់​ការ​របស់​លោក ជា សុ​ផា​រ៉ា ដែល​បាន​ចុះ​មក​ពិនិត្យ​ផ្ទាល់ និង​បញ្ជា​ឱ្យ​កាយ​ដី​ចេញពី​សមុទ្រ​វិញ ប៉ុន្តែ​ជាមួយ​បញ្ហា​ដូច​គ្នា​នេះ​ដែរ មហាជន​គ្រប់​មជ្ឈដ្ឋាន​ក៏​សូម​អំពាវនាវ​ដល់​លោក​ឧបនាយករដ្ឋមន្ត្រី​សូម​មេត្តា​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​បន្ថែម​ទៀត​នូវ​ភាព​មិន​ប្រក្រតី​ដូច​គ្នា​នេះ ជុំវិញ​ការ​រំលោភ​ចំណី​អូរ ចំណី​ព្រែក ចំណី​សមុទ្រ​ជា​ច្រើន​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដូច​ជា​នៅ​តំបន់​អូរ​ត្រេះ តំបន់​ពយ​កំ​ពេញ គេ​សង់​លុប​ឆ្នេរ​តំបន់​ក្បែរ​ឆ្នេរ​សុខា តំបន់​កោះ​រ៉ុ​ង និង​តំបន់ឆ្នេរ​សមុទ្រ​រាម​ជាដើម ។​ល​។ ព្រមទាំង​សូម​ឱ្យ​មាន​វិធានការ​ឱ្យ​បាន​ក្តៅ​ដូច​ពេល​នេះ ព្រោះ​ការ​រំលោភ​ចំណី​សមុទ្រ​មាន​ច្រើន​កន្លែង​ណ​ទៀត​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។

មុន​នេះ​លោក ថោ​ង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ ធ្លាប់​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ដែល​កំពុង​អភិវឌ្ឍន៍ នៅ​តំបន់ឆ្នេរ​ព្រែក​ត្រែង កំពុង​តែ​បំពាន​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​ឆ្នេរ ដែល​ចេញ​ដោយ​រាជរដ្ឋាភិបាល និង​គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ ដែល​អាច​អនុញ្ញាត​ឲ្យ​អភិវឌ្ឍន៍​នៅ​តំបន់ឆ្នេរ​បាន​ត្រូវ​មាន​ចម្ងាយ​យ៉ាង​ហោច​ណាស់​១០០​ម៉ែត្រ​ពី​ឆ្នេរ ឬ​ឆ្ងាយ​ជាង​នេះ​។

លោក​រដ្ឋមន្ដ្រី បាន​សង្កត់ធ្ងន់​ថា រាជរដ្ឋាភិបាល​មិន​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​នោះ បំផ្លាញ​ឆ្នេរ​ដ៏​ស្រស់​ស្អាត និង​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នោះ​ទេ ។ តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ស្ថិត​ក្នុង​គម្រោង​ធនាគារ អភិវឌ្ឍន៍​អាស៊ី ADB កំពុង​តែ​រៀបចំ​ធ្វើ​ផ្លូវ​នៅ​តាម​តំបន់ឆ្នេរ​បន្ថែម​ទៀត ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ដ ពី​សំណាក់​ភ្ញៀវ​ទេសចរ​ផង​ដែរ ។

លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ​ធ្លាប់​បាន​គូសបញ្ជាក់​ថា ក្រុមហ៊ុន​ដែល​បាន​ចាក់​ដី​លុប​ឆ្នេរ​ព្រែក​ត្រែង រហូត​ធ្វើ​ឱ្យ​ផ្ទុះ​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​នេះ មិនមែន​ជា​ក្រុមហ៊ុន​របស់​ចិន​ទេ ពោល​គឺ​ក្រុមហ៊ុន​អភិ​វឌ្ឍន៍​របស់​ខ្មែរ​ក្នុងស្រុក ។ ឆ្នេរ​ដ៏​ស្រស់​ស្អាត​របស់​កម្ពុជា ក្លាយជា​កន្លែង​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​ដ៏​មាន​សក្តានុពល​នា​ពេល​បច្ចុប្បន្ន ។

របាយការណ៍​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៧ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរ​ជាតិប្រមាណ​៧៤​ម៉ឺន​នាក់ កើន​១៥% ។ ក្នុង​រយៈពេល​៤​ខែ ដើមឆ្នាំ​២០១៨ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​២.៣៨៥.៧៥៣​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​មាន​២.០៥២.៣១៧នាក់ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន ៣៣៣.៤៣៦នាក់ កើន​១៦,៣៧% ។

តាម​ការ​ព្យាករ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ទាំងមូល​អាច​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​២​លាន​នាក់ និង​ភ្ញៀវ​ទេសចរ​ជាតិប្រមាណ​៦​លាន​នាក់ នៅ​ឆ្នាំ​២០២០ និង​នៅ​ឆ្នាំ​២០៣០ អាច​ទទួល​បាន​ទេសចរ​អន្តរ​ជាតិ​ប្រមាណ​៣​លាន​នាក់ និង​ភ្ញៀវ​ទេសចរ​ជាតិប្រមាណ​៨​លាន​នាក់ ។ ដោយ​មើលឃើញ​ពី​សក្តានុពល​នេះ លោក រដ្ឋមន្ត្រី ថោ​ង ខុន បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ មាន​ចំណាត់ការ​ឱ្យ​បាន​តឹងរ៉ឹង​ក្នុង​ការ​ថែរក្សា​ឆ្នេរសមុទ្រ​នេះ កុំឱ្យ​មានការ​សាងសង់​រំលោភ​និង​ទន្ទ្រាន​ផ្សេង​ៗ ៕

អត្ថបទសរសេរ ដោយ