ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យីហោ​សុទ្ធតែ​ហាង​ម៉ាស្សា តែ​មានអី​លេង​បង្កប់​សេវា​ផ្លូវភេទ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ តុលាការ​សម្រេច​ឃុំខ្លួន​ដែល​ជា​ថៅកែ​ម៉ាស្សា​ប្រុស​ស្រី​៣​នាក់ ដាក់​ពន្ធនាគារ​ខេត្ត​បន្ទាប់​ពី​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​ឆ្មក់ ចូល​បង្ក្រាប​ទីតាំង​ម៉ាស្សា​២​ផ្សេង​គ្នា ក្នុង​ថ្ងៃ​តែ​មួយ ដែល​បង្កប់​សេវា​ផ្លូវភេទ និង​រំដោះ បាន​នារី​បម្រើ​ការ…

ខេត្តសៀមរាប ៖ តុលាការ​សម្រេច​ឃុំខ្លួន​ដែល​ជា​ថៅកែ​ម៉ាស្សា​ប្រុស​ស្រី​៣​នាក់ ដាក់​ពន្ធនាគារ​ខេត្ត​បន្ទាប់​ពី​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​ឆ្មក់ ចូល​បង្ក្រាប​ទីតាំង​ម៉ាស្សា​២​ផ្សេង​គ្នា ក្នុង​ថ្ងៃ​តែ​មួយ ដែល​បង្កប់​សេវា​ផ្លូវភេទ និង​រំដោះ បាន​នារី​បម្រើ​ការ នៅ​ក្នុង​ហាង​ចំនួន​៥​នាក់​ផង​ដែរ ព្រមទាំង​ធ្វើការ​បិត​ទីតាំង​នោះ​ជា​បណ្តោះអាសន្ន​ ។

ចំណែក​នារី​រង​គ្រោះ​ដែល​សុទ្ធ​សឹង​ជា​អនីតិជន (​ក្រោម​អាយុ​១៥​ឆ្នាំ​) ត្រូវ​បាន​ធ្វើការ​ប្រគល់​ឱ្យទៅ​មន្ទីរ​សង្គមកិច្ច​ការងារ​ខេត្ត ដើម្បី​អប់រំ​កែប្រែ និង​ផ្តល់​ជំនាញ​ផ្សេង​ៗ​ដល់​ពួក​គាត់​ដែល​ពួក​គាត់​អាច​ទទួលយក​បាន ។ ហេតុការណ៍​នេះ​បាន​ធ្វើ​ឡើង​កាល ពី​យប់​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង ក្នុងភូមិ​ត្រៀក សង្កាត់​សៀមរាប ក្រុង​-​ខេត្តសៀមរាប ។

តាម​ប្រសាសន៍​របស់​លោក​វរសេនីយ៍ឯក​ជា ហេង នាយការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត​បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​ឱ្យ​ដឹង​នៅ​វេលា​ម៉ោង​៧​និង​៥៨​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែកញ្ញា នេះ​ថា មុន​ពេល​កើតហេតុ​កម្លាំង​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ​រហូត​ឈាន់​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ថៅកែ​ហាង​ម៉ាស្សា​ប្រុស​ស្រី​ចំនួន​៣​នាក់​នៅ​ទីតាំង​២​ផ្សេង​គ្នា រួច​នាំ​យក​មក​សួរ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត ។

លោក​បាន​បញ្ជាក់​ថា ទីតាំង​ទី​១- ឃាត់ខ្លួន​បាន (​ថៅកែ​ម៉ាស្សា​២​នាក់ ប្តី​ប្រពន្ធ​ទី​១- ឈ្មោះ ថៃ នី ភេទ​ស្រី អាយុ​៣០​ឆ្នាំ មានស្រុក​កំណើត​ភូមិ​ផ្កាដូង ឃុំ​ក្រូចឆ្មា ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម (​ប្រពន្ធ​) និង​ប្តី​ឈ្មោះ គឹ​ម គ​ន្ធា អាយុ​៣៥​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល បើកហាង​ម៉ាស្សា យីហោ ៧៧៧៧ តាម​បណ្តោយ​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង ក្នុងភូមិ​ត្រៀក សង្កាត់​សៀមរាប ក្រុង​-​ខេត្តសៀមរាប ។ និង​ទីតាំង​ទី​២-​ឈ្មោះ ទុ​យ ស្រី​មុំ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ស្រុក​កំណើត​ភូមិ​ចុង​ឃ្នៀង សង្កាត់​ចុង​ឃ្នៀស ក្រុង​-​ខេត្តសៀមរាប ដែល​មាន​យីហោ ៩៩៩ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ត្រៀក សង្កាត់​សៀមរាប ក្រុង​-​ខេត្តសៀមរាប ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ក្រោយ​ឃាត់ខ្លួន​ថៅកែ​ម៉ាស្សា​ចំនួន​២​ទីតាំង​នៅ​កន្លែង​ផ្សេង​គ្នា ក្នុង​ថ្ងៃ​តែ​មួយ​រួច​មក កម្លាំង​ជំនាញ​យើង​បាន​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ជន​រង​គ្រោះជា​នារី​ចំនួន ៥​នាក់ ដែល​សុទ្ធ​សឹង​ជា​អនីតិជន (​ក្រោម​អាយុ​១៥​ឆ្នាំ​) ។ លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ចំពោះ​នៅ​ក្នុង​ក្រុង​សៀមរាប​មាន​ហាង​ម៉ាស្សា​សរុប​ទាំងអស់​មាន​ចំនួន​៨២​កន្លែង ហើយ​ភាគច្រើន គឺ​ពុំ​មានច្បាប់​អនុញ្ញាត​ទេ​ឱ្យ​តែ​គាត់​មាន​លុយ គឺ​ពួក​គាត់​តែង​លើក​ស្លាក​យីហោ​ដោយ​ខ្លួនឯង ។ ក្នុង​នោះ​មាន​ថៅកែ​ម៉ាស្សា​ជា​ជនជាតិ​វៀតណាម​ចំនួន​៦​កន្លែង គឺ​គ្មាន​ច្បាប់​ទាំងអស់ ។ លោក​បន្ថែម​ទៀត​ថា ចំពោះ​ហាង​ម៉ាស្សា​ដែល​មិន​មានច្បាប់ គឺ​លោក​កំពុង​រង់ចាំ​ចំណាត់ការ​ពី​ថ្នាក់លើ​ថា​ត្រូវ​មាន​វិធានការ​យ៉ាងណា? ។

តាម​ប្រភព​ពី​មន្ត្រី​មន្ទីរ​សង្គមកិច្ច​បាន​បញ្ជាក់​ប្រាប់ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា​នេះ​ថា រាល់​បទល្មើស​ដែល​សមត្ថកិច្ច​ប្រគល់​ជនសង្ស័យ​មក​ឱ្យ​នោះ បើ​ពួក​គាត់​ប្រើ​មនុស្ស​ក្រោម​អាយុ​១៥​ឆ្នាំ អនីតិជន​ហៅ (​ជន​រង​គ្រោះ​) គឺ​អាច​ឱ្យ​ពួក​គាត់​ចូល​រៀន​វិញ​បាន​ប្រសិនបើ​គាត់​ចង់​បន្ត​ការ​សិក្សា​តទៅ​ទៀត ឬ​ពួក​គាត់​ចង់រក​ជំនាញ​ផ្សេង​ៗ​ក៏​បាន ។ ប្រភព​បាន​បញ្ជាក់​ថា ស្ត្រី​ដែល​បាន​ទទួល​ការ​អប់រំ​ពី​មន្ទីរ​សង្គមកិច្ច​ភាគច្រើន​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ គាត់​តែងតែ​ប្តូរ​មុខរបរ ជា​រៀង​រហូត គឺ​មិន​ចូល​ទៅ​ធ្វើការ​ជា​អ្នក​ម៉ាស្សា​បន្ត​ទៀត​ទេ ។

គួរ​បញ្ជាក់​ថា ពេល​ខ្លះ​ពួក​គាត់​មិន​បាន​ឆ្លងកាត់​ការ​អប់រំ​ព្រមទាំង​មាន​អ្នក​ទៅ​ស្រុក​កុហក​នាំ មក​រក​ការងារ​ធ្វើ បែរជា​នាំ​ទៅ​ធ្វើ​ស្រី​ម៉ាស្សា ព្រោះ​ពួក​គាត់​គ្មាន​ជម្រើស​ដោយសារ​ខ្លះ​ឪពុក​ម្តាយ​បាន​យក​លុយ​ពី​គេ​មុន​ក៏​ថា​បាន ? អ្នកខ្លះ​ទៀត​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់ អ្នកខ្លះ​មិន​គួរ​ធ្វើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ