រាជធានីភ្នំពេញ ៖ បញ្ជាក់ទៅកាន់បណ្តាអ្នកប្រឆាំងនោះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា គ្មានការបោះឆ្នោតឡើងវិញដូចអ្វីដែលអតីតបក្សប្រឆាំងចង់ឲ្យមានការបោះឆ្នោតឡើវិញនោះទេ ។
ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលនេះ បន្ទាប់ពីលោក សម រង្ស៊ី អតីតមេបក្សប្រឆាំងដែលកំពុងរស់នៅប្រទេសបានដើរកៀរគរអន្តរជាតិឲ្យដាក់គំនាបមកលើរដ្ឋាភិបាលកម្ពុជា ដើម្បីចង់ឲ្យមានការបោះឆ្នោតឡើងវិញ ដោយមានការចូលរួមពី អតីតគណបក្សសង្គ្រោះជាតិ ។ មានប្រសាសន៍ជួបសំណេះ សំណាលជាមួយកម្មករ-កម្មការិនីសរុបប្រមាណ២៧,៤៤៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ នៅក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៩ កញ្ញានេះ បានគូសបញ្ជាក់ថា «ខ្ញុំនិយាយថា កម្ពុជាជារដ្ឋអធិបតេយ្យអ្នកគ្រប់គ្រងទាំងអស់នៅបណ្តាវេទិការអន្តរជាតិទាំងអស់ នៅលើលោកនេះសុំកុំមានការភាន់ច្រឡំឲ្យសោះ ។ ហើយក៏ខ្ញុំសូមបញ្ជាក់ទៅ កាន់មនុស្សមួយចំនួនថា ការបោះឆ្នោតជ្រើសរើសមេឃុំចៅសង្កាត់នៅប្រព្រឹត្តនៅឆ្នាំ២០២២ ហើយការបោះឆ្នោតតាំងអ្នកតំណាងរាស្ត្រ នៅឆ្នាំ២០២៣ ។ ខុសពីនេះវាគ្មានទេ ! សុំកុំរងចាំខ្មោចដែលវាងាប់ ហើយអាចរស់នៅឡើងវិញបាន» ។
សម្តេចបន្តថា សុំមើលឲ្យច្បាស់! សុំក្រឡេកឲ្យច្បាស់ នាយករដ្ឋមន្ត្រីថ្លែងក្នុងឋានៈជាមេដឹកនាំរដ្ឋនៅក្នុងសន្និបាតអង្កការសហប្រជាជាតិ ហើយក៏ត្រូវជាជាមួយមេដឹកនាំបណ្តាប្រទេសនានា នៅអង្កការសហប្រជាជាតិរួមទាំងអគ្គលេខាធិការអង្កការសហប្រជាជាតិផងដែរ ។ សម្តេចក៏បានឆ្លើយតបចំពោះលោកសម រង្ស៊ី ដែលនិយាយថា អង្កការសហប្រជាជាតិបានព្យួរអាសនៈកម្ពុជានៅក្នុងអង្កការសហជាតិថា ជាការភូតកុហកទាំងស្រុង ។
សម្តេចគូសបញ្ជាក់យ៉ាងដូច្នេះ «អ្នកណាថ្លើមធំ អ្នកណាហ៊ានដកអាសនៈកម្ពុជា សុំកុំភាន់ច្រឡំ ។ ខ្ញុំចេះតែឆ្ងល់ថា បើអាមេវាពូកែភូតហើយ អាកូនវាពូកែជឿទៀត អាហ្នឹង អីញ្ចឹងគេថា បើភូតលើកទីមូយបាន អ្នកដែលត្រូវគេបោកមិនខុសទេ… ប៉ុន្តែបើបោកបានជាលើកទី៣ទៅ គឺអ្នកគេបោកនោះ គឺល្ងង់ណាស់» ៕
ចែករំលែកព័តមាននេះ