ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូន​និង​នគរបាល​ជួយ​រក​ដែរ តែ​មិនឃើញ លុះ​ព្រឹក​ឡើងជាប់គល់​ដើមអាកាស្យា​

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ អ្នកបើកបរ​កាណូត​ដឹក​ភ្ញៀវ​កម្សាន្ត​ម្នាក់​លង់ទឹក​ទន្លេ​ស្លាប់ ហើយ​សព​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​ទឹក​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ដំណេក​សេក ក្នុង​តំបន់​វាល​ក្រោម ក្នុង​ទឹកដី​ឃុំ​ស្រឡៅ ស្រុក​បារាយណ៍…

ខេត្តកំពង់ធំ ៖ អ្នកបើកបរ​កាណូត​ដឹក​ភ្ញៀវ​កម្សាន្ត​ម្នាក់​លង់ទឹក​ទន្លេ​ស្លាប់ ហើយ​សព​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​ទឹក​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ដំណេក​សេក ក្នុង​តំបន់​វាល​ក្រោម ក្នុង​ទឹកដី​ឃុំ​ស្រឡៅ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ខាងលិច​ផ្លូវជាតិ​លេខ​៦​ចម្ងាយ​ប្រហែល​១០ គីឡូម៉ែត្រ ។

សមត្ថកិច្ច​នគរបាល​ប្រាប់​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ផ​ន ពន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ធ្វើស្រែ និង​ពេលទំនេរ​បើកកាណូត​ជូន​ភ្ញៀវ​ជិះ​ទៅ​លេង​មើល​ទឹកទន្លេ​ខាងលិច​នៅ​ភូមិ​ទួល​ពភ្លា ឃុំ​ស្រឡៅ ស្រុក​បារាយណ៍ ។

បើ​តាម​ប្រភព​ពី​សាច់ញាតិ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​ភ្ញៀវ​ជួល​ឲ្យ​ដឹក​ពួក​គាត់​ចំនួន​៣​នាក់​ទៅ​មើល​ទឹកទន្លេ ក្នុងនោះ​រួម​មានៈ ១-​ឈ្មោះ ផល សំភ័ស ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ២- ឈ្មោះ ផុ​ន បូ​ណា ភេទ​ប្រុស អាយុ​២២​ឆ្នាំ និង​ទី​៣-​ឈ្មោះ ដា ស្រី​មុំ ត្រូវជា​ប្រពន្ធ​ឈ្មោះ​ផុ​ន បូ​ណា ។ ភ្ញៀវទាំង​​៣នាក់​នេះ​រស់នៅ​ភ្នំពេញ​ បាន​នាំ​គ្នា​មក​លេង​ស្រុក​កំណើត ហើយ​ក៏​បាន​ទៅ​ជួល​កាណូត​ឈ្មោះ ផ​ន ពន ដើម្បី​ជិះ​កម្សាន្ត​ទៅ​មើល​ទឹកទន្លេ កាលពី​រសៀល​ម៉ោង​១និង​១០​នាទីរសៀល​​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ ។

ប្រភពដដែលបាន​បន្ត​ថា រហូត​ដល់​ម៉ោង​៤​រសៀល​ថ្ងៃ​ដដែល ជនរងគ្រោះ​ជា​ម្ចាស់​កាណូត​បើក​ទៅ​ដល់​ចំណុច​ទួល​កា​រ៉េ​២ ចេញ​សំដៅ​ទៅ​ដំណេក​សេក​(​ដែល​ជា​កន្លែង​លេង​ទឹក​) និង​ជិះ​កាណូត​មើល​ទឹកទន្លេ​ នៅ​ពេល​ត្រឡប់​មក​វិញ ជនរងគ្រោះ​ជា​ម្ចាស់​កាណូត​បាន​ឆក់​ស្រា​ពី​ភ្ញៀវ​យក​មក​ផឹក​អស់​កន្លះ​ដប​ទឹក​សុទ្ធ សង្ស័យ​ជន​រង​គ្រោះជា​ម្ចាស់​កាណូត​​ស្រវឹងស្រា ហើយ​ក៏​បើកកាណូត​ត្រឡប់​មក​វិញ ដោយ​បើកចាក់​គួ​ក្រ​លែង​ចុះឡើង និង​បបួល​ភ្ញៀវ​ដែល​ជិះ​លើ​កាណូត​នោះ​ចុះ​មុជទឹក​ទន្លេ​លេង តែ​ភ្ញៀវ​មិន​ចុះ​មុជ​នោះ​ទេ ព្រោះ​មិន​ចេះ​ហែល​ទឹក ។

ពេល​នោះ​ជនរងគ្រោះជា​ម្ចាស់​កាណូត​ក៏​ចុះ​ងូត​ទឹកតែ​ម្នាក់ឯង ដោយ​ទុក​ភ្ញៀវ​ចោល​ជិះ​នៅ​លើ​កាណូត​នោះ ទោះបី​ភ្ញៀវ​ទាញ​ដៃ​ជន​រង​គ្រោះ​ឲ្យ​ឡើង​មក​លើ​កាណូត​វិញ និង​ឱ្យ​ជូន​ពួក​គាត់​ត្រឡប់​ទៅ​ផ្ទះ ក៏​ជន​រង​គ្រោះ​មិន​ព្រម​ឡើង​មក​ដែរ ទុក​ឲ្យ​កាណូត​ និង​អ្នក​ជិះ​អណ្តែត​រសាត់​ទៅ​តាម​ខ្យល់ ឆ្ងាយ​ពី​ម្ចាស់​កាណូត​បាត់​មើល​មិនឃើញ ។

ពេល​នោះ​ក៏​​មាន​អ្នក​ជិះកាណូត​កម្សាន្ត​លេងមើល​​ទឹកទន្លេ​​ដទៃ​ទៀត គេ​ឃើញ​កាណូតនោះ​​អណ្តែត​គ្មាន​អ្នក​បើក ក៏​ទូរ​សព្ទ័​រាយ​ការ​ណ៍​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ហើយ​នាយ​ប៉ុស្តិ៍​បាន​បញ្ជា​ឲ្យ​ប្រជា​ការពារ​បើកកាណូត​ទៅ​យក​កាណូត​ដែល​អណ្តែត​នោះ​ត្រឡប់​មក​វិញ ចំណែក​ជន​រង​គ្រោះ​ជា​ម្ចាស់​កាណូត​ត្រូវ​បាន​បងប្អូន និង​នគរបាល​ប៉ុស្តិ៍​ជួយ​រក​ដែរ តែ​រក​មិនឃើញ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា២០១៨ ទើប​រក​ឃើញ​សព​ជន​រង​គ្រោះ​​អណ្តែត​ទឹក​ទៅ​ជាប់​នឹង​គល់​ដើមកា​ស្យា​ ត្រង់​ចំណុច​ដំណេក​សេកជា​​កន្លែង​កើតហេតុ​ ។

សមត្ថកិច្ច​សន្និដ្ឋាន​ថា​​ ម្ចាស់​កាណូត​រង​គ្រោះ​ស្រវឹងស្រា ហើយ​ចុះ​ងូតទឹក​ក៏​បណ្តាល​លង់ទឹក​ស្លាប់​តែ​ម្តង ហើយ​ក៏​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ