រាជធានីភ្នំពេញ ៖ ផលិតករពីរនាក់គឺលោក ឆាយ បូរ៉ា និងលោកខាំ ភូរិ បានសម្តែងក្តីបារម្ភចំពោះការធ្លាក់ចុះនៃការគាំទ្រទៅលើខ្សែភាពយន្តខ្មែរ ក្នុងពេលដែលខ្សែភាពយន្តថៃ ចាក់ផ្សាយស្ទើរតែគ្រប់ស្ថានីយទូរទស្សន៍ក្នុងស្រុកទាំងអស់ ។ បញ្ហានេះត្រូវផលិតករខ្លះយល់ឃើញថា អាចមកពីកត្តាមួយចំនួន ដោយនៅក្នុងនោះមានកត្តាផលិត ការនិយមទស្សនារបស់ទស្សនិកជនខ្មែរ ការជួយជ្រោមជ្រែងពីភាគីពាក់ព័ន្ធហាក់នៅមានកម្រិត ជាមួយនឹងការគិតពីផលចំណេញរបស់បណ្តាស្ថានីយទូរទស្សន៍នានានោះផងនោះ។
កាលពីថ្ងៃទី១៨ កញ្ញា ២០១៨អ្នកដឹកនាំរឿងលោកខាំ ភូរិ បានលើកឡើងតាមហ្វេសប៊ុកថា ស្ថានីយទូរទស្សន៍ស្ទើរតែទាំងអស់ចាប់ផ្តើមចាក់ផ្សាយរឿងភាគថៃឡើងវិញហើយ ឆន្ទៈមិនអាចប្រៀបសេដ្ឋកិច្ចបានទេ ។ ចុះរឿងខ្មែរអាចឈានទៅរកការដួលរលំម្តងទៀតហើយមែនទេ? នៅទេ…! គ្មានកំហុសអ្នកណាទេ ព្រោះអ្នកមើលទទួលយកបែបនេះ បែបនេះមានន័យថាគាត់មិនខ្វល់រឿងអ្វីក្រៅពីការកម្សាន្តអារម្មណ៍ មានតណ្ហាលើអ្វីដែលចូលចិត្ត ។
ទាំងសមត្ថភាពផលិត ធនធានមនុស្ស និងហិរញ្ញវត្ថុ យើងមិនអាចប្រៀបជាមួយគេទេ នោះមិននិយាយដល់ពីការជ្រោមជ្រែងរបស់ផ្នែករដ្ឋផង ។ បើមិនចាក់រឿងថៃ គ្មានរឿងបរទេសផ្សេងចាក់មែនទេ ? មាន តែមនុស្សខ្មែរភាគច្រើនចូលចិត្តមើល ។ ចុះរឿងខ្មែរ ? រឿងខ្លះមានគុណភាព រឿងខ្លះគ្មានគុណភាព ផលិតករខ្លះ ៦ខែផលិត៣រឿង ក្នុងពេលតែមួយ ។ ហេតុអី ? សេដ្ឋកិច្ច ចង់ចំណេញ។ គ្មានឆន្ទៈទេ ? មាន តែឆន្ទៈស៊ីអីកើត ។ ចុះ ក្មេងៗបច្ចុប្បន្នអត់សមត្ថភាពផលិត ? មាន ធ្វើល្អ ពេលខ្លះហ៊ាននិយាយថាអាចល្អជាងបរទេសទៀតបើបរិយាកាសសេដ្ឋកិច្ចផ្តល់ឲ្យគ្រប់គ្រាន់ ជាឧទាហរណ៍មានស្រាប់ហើយកាលពីកន្លងមកនោះ ។
គួរឈប់ផលិតទេបើគ្មានអ្នកមើល ? មិនឈប់ទេ ទោះក្នុងរោងភាពយន្តមានតែមនុស្សម្នាក់មើល ឬមុខកញ្ចក់ទូរទស្សន៍បើកចោលគ្មានអង្គុយពីមុខ ព្រោះវិស័យនេះវាបានផ្សាយពីមុខមាត់ជាតិឲ្យគេស្គាល់ យ៉ាងហោចណាស់យកផុសក្នុងបណ្តាញសង្គមក្រែងមានអ្នក Like បួនដប់នាក់ដែរ »។
ចំណែកផលិតករ និងជាប្រធានសមាគមភាពយន្តខ្មែរលោកឆាយ បូរ៉ា បានត្អូញត្អែរតាមហ្វេសប៊ុកដែរថា «នឿយណាស់ហើយ ទោះចង់សម្រាកក៏មិនអាចទាន់សម្រាកបាន ។ ភាពយន្តខ្មែរនៅលើផ្លូវដ៏សែនលំបាក ។ លេច អណ្តែត ហើយរសាត់ដូចចកកណ្តាលជលសារ។ តែក៏មានអ្នកដេកសោយសុខ ធ្វើមានបានលើគំនរទុក្ខនេះដែរ ។ បើមិនប្រឹងទេ ១០០០នាក់ ពិតជាបាត់បង់ការងារធ្វើ ។
បើមិនប្រឹងភាពយន្តបរទេសនឹងគ្របដណ្តប់ លើវិស័យភាពយន្តខ្មែរ។ វិស័យនេះបាត់បង់ ជាតិយើងប្រៀបដូចជាមនុស្សពិការ ដែលមិនអាចសូម្បីតែរំកិលទៅមុខ ។ វិស័យនេះបាត់បង់ ពិភពលោកស្គាល់ខ្មែរបានត្រឹមតែរបបវាលពិឃាត និងមិនមានអ្វីផ្សេងទៀតដើម្បីបង្អូតពិភពលោកសោះឡើយ។ ឈប់នាំគ្នាដើរ គើមៗដូចគីង្គក់ទៀតទៅ ត្រូវនាំគ្នាស្វាហាប់ រត់ឲ្យបានលឿន ឲ្យទាន់ប្រទេសជិតខាង »។
ពាក់ព័ន្ធទៅនឹងការលើកឡើងទាំងនោះប្រធាននាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកប៉ុក បូរក្ស បានចូលរួមជាយោបល់ថា«ខ្ញុំពិតជាពេញចិត្តចំពោះការលើកឡើងនូវស្ថានភាពភាពយន្តខ្មែរនាពេលបច្ចុប្បន្ន ពិសេសភាពយន្តភាគទូរទស្សន៍ ដែលត្រូវប្រកួតប្រជែងយ៉ាងខ្លាំងជាមួយនឹងភាពយន្តភាគបរទេស ពិសេសភាពយន្តថៃ ។ ខ្ញុំទទួលស្គាល់ បើប្រៀបធៀបពីកម្រិតគុណភាព គឺយើងពិតជានៅក្រោយគេឆ្ងាយ »។
ប្រភពដដែលលើកឡើងថា បច្ចុប្បន្នភាពយន្តភាគថៃ ដែលនាំចូលមកចាក់បញ្ចាំងនៅកម្ពុជា គឺមានតម្លៃចន្លោះពី១.០០០ដុល្លារ ទៅ២.០០០ដុល្លារ ក្នុង១ភាគ =៤០នាទី ។ តម្លៃនេះ គឺជាតម្លៃបូកសរុបទាំងការបកប្រែ និងបញ្ចូលសំឡេងជាភាសាខ្មែរយ៉ាងពីរោះ ។
ការនាំចូលភាពយន្តភាគសម្រាប់ចាក់បញ្ចាំងតាមទូរទស្សន៍ គឺមិនជាប់បន្ទុកពន្ធដារ គយ និងកម្រៃសេវាសាធារណៈផ្សេងទេ មានន័យការចាក់បញ្ចាំងភាពយន្តភាគថៃ គឺមិនមានទិដ្ឋាការអនុញ្ញាតឡើយ ។ បើយើងប្រៀបធៀបជាមួយនឹងការផលិតភាពយន្តភាគទូរទស្សន៍ខ្មែរវិញយើងឃើញថា ផលិតករភាពយន្តខ្មែរបានទទួលថវិកាពីទូរទស្សន៍ដើម្បីផលិតក្នុង១ភាគ=៤០នាទី គឺ៣០០០ដុល្លារ ទៅ៥០០០ដុល្លារ (ថៃផលិត១ភាគ ចន្លោះពី៥០.០០០ដុល្លារ ទៅ១០០.០០០ដុល្លារ) ដូចនេះគុណភាពនៃការផលិតគឺមិនអាចប្រៀបគ្នាបានទេ ។
ដោយសារគុណភាពភាពយន្តខ្មែរទាបជាងថៃ ដូចនេះមិនអាចទាក់ទាញទស្សនិកជនមើលបានច្រើនទេ ហើយកត្តានេះធ្វើឲ្យអ្នកឧបត្ថម្ភរបស់ទូរទស្សន៍ក៏មិនចាប់អារម្មណ៍ជួយឧបត្ថម្ភបានច្រើនដែរ ដែលនាំឲ្យទូរទស្សន៍មិនចំណេញ។ ទាំងនេះយើងមិនទាន់និយាយដល់កាតព្វកិច្ចពន្ធដារមួយចំនួន ដែលផលិតកម្មភាពយន្តខ្មែរជាប់បន្ទុកផង ។
លោកប៉ុក បូរក្ស ថ្លែងថា«ខ្ញុំចង់បញ្ជាក់ថា ភាពយន្តភាគថៃល្អជាងភាពយន្តភាគខ្មែរ រីឯតម្លៃនៃការនាំចូលវិញ គឺថោកជាង ការផលិតក្នុងស្រុក ដូចនេះចង់មិនចង់ទូរទស្សន៍ត្រូវគិតពីសេដ្ឋកិច្ច ជាងឆន្ទៈ មនសិការជាតិ ។ តើក្រសួងស្ថាប័នគ្រប់គ្រង(វប្បធម៌-ព័ត៌មាន) មានវិធានការទេ ចំពោះបញ្ហាប្រឈមនេះ ? ពន្ធគយលើការនាំចូលផលិតផលភាពយន្តបរទេស គឺជាចំណុចមួយដែលអាចដាក់បន្ទុក ក៏ប៉ុន្តែក្នុងនាមជាប្រទេសសមាជិកអាស៊ាន ការកំណត់ពន្ធគយ គឺស្មើសូន្យ ។
ដូចនេះមានតែវិធានការកំណត់កម្រៃសេវាសាធារណៈ (តម្លៃអាជ្ញាប័ណ្ណចាក់បញ្ចាំងលើការបកប្រែបញ្ចូលសំឡេងជាភាសាខ្មែរ ) គឺជាមធ្យោបាយមួយដើម្បីជួយបង្កើនតម្លៃនៃការនាំចូលភាពយន្តភាគបរទេសឲ្យមានសមតុល្យនឹងតម្លៃនៃការផលិតក្នុងស្រុក ។ ការបង្កើតឲ្យមានបទប្បញ្ញត្តិលើប្រព័ន្ធកូតានៃការនាំចូលភាពយន្តភាគបរទេស គឺជាចំណុចដែលគួរត្រូវយកមកសិក្សា(បច្ចុប្បន្នការផលិតភាពយន្តភាគទូរទស្សន៍ក្នុងស្រុក មានចំនួនប្រហែល១.០០០ភាគក្នុងមួយឆ្នាំ បៀបធៀបនឹងភាពយន្តភាគបរទេសនាំចូលជិត២០.០០០ភាគក្នុងមួយឆ្នាំ) ។
រាជរដ្ឋាភិបាល បានបង្កើតរួចហើយគណៈកម្មការអន្តរក្រសួងដើម្បីសម្រួលលើការថតភាពយន្តនៅកម្ពុជា ដែលគណៈកម្មការនេះ មានភារកិច្ចពិនិត្យ និងផ្តល់ការសម្របសម្រួលលើទីតាំងថតនានា ការនាំចូលសម្ភារសម្រាប់បម្រើការថតជាដើម ។ វិស័យមួយគ្រប់គ្រងដោយស្ថាប័នពីរ »៕
ចែករំលែកព័តមាននេះ