រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ចេញពីកន្លែងធ្វើការនៅផ្ទះសំណាក់ទឹកមាសមកទិញបាកាសហូប ស្រាប់តែមានជនសង្ស័យ៣នាក់មកធ្វើសកម្មភាពវាយប្លន់យកម៉ូតូ ប៉ុន្តែមិនបានសម្រេចដោយសារតែមានសមត្ថកិច្ចមកទាន់ជួយអន្តរាគមន៍ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវទំនប់៧០ នៅចំណុចរ៉ារថភ្លើង ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។
ជនរងគ្រោះមានឈ្មោះ ម៉េង សុជាតិ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅកន្លែងធ្វើការនៅផ្លូវទំនប់៧០ ផ្ទះសំណាក់យីហោ ទឹកមាស សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ បានអោយដឹងថា មុនពេលកើតហេតុគាត់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ព្រៃវែង ១M-៧៦០៤ បើកបរតាមបណ្តោយផ្លូវទំនប់៧០ក្នុងទិសដៅពីកើតទៅលិច ចេញមកពីកន្លែងធ្វើការដើម្បីទៅទិញភេសជ្ជៈបាកាសហូបនៅចំណុចរ៉ារថភ្លើងទំនប់៧០ ។
ខណៈបើកទៅដល់ចំណុចកើតហេតុហើយជនរងគ្រោះបានឈប់ម៉ូតូចាក់សោ.កម៉ូតូរួចចូលទៅទិញបានមួយសន្ទុះក្រោយមកក៏ស្រាប់តែលេចមុខជនសង្ស័យចំនួន៣នាក់មិនស្គាល់អត្តសញ្ញាណជិះមកមួយគ្រឿងម៉ាកមីអូ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១AD-៧៨០២ បើកបរតាមបណ្តោយផ្លូវទំនប់៧០ក្នុងទិសដៅពីកើតទៅលិចរួចបានឈប់ម៉ូតូចុះទៅវាយជនរងគ្រោះ ហើយជនសង្ស័យ២នាក់ទៀតទាញកាច់.កម៉ូតូ ។
ភ្លាមៗនោះដែលក៏មានកម្លាំងព្រហ្មទណ្ឌកំរិតស្រាលម្នាក់ប្រទះឃើញក៏ជួយអន្តរាគមន៍ទើបជនសង្ស័យ៣នាក់នោះរត់ចោលម៉ូតូអស់ចូលទៅក្នុងរ៉ារថភ្លើងបាត់ស្រមោល ហើយជនរងគ្រោះក៏បានបន្តទៀតថា ពេលដែលជនសង្ស័យធ្វើសកម្មភាពវាយទៅលើរូបគាត់ពេលនោះគាត់បានជ្រុះកាបូបលុយហើយក្នុងនោះមានលុយចំនួន៨០ដុល្លារថែមទៀត ។
ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលទួលសង្កែទី១ដើម្បីអោយសមត្ថកិច្ចតាមស្រាវជ្រាវចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ