ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ីយ៉ាន់​ដាយ​បុក​សិស្ស​សាលា​ស្លាប់​៣ របួស​ធ្ងន់​៤ ស្រាល៨នៅ​ស្រុក​ក្រគរ

15 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់ ៖ ​សិស្ស​សាលា​ចំនួន​៣​នាក់​​ស្លាប់ ៤​នាក់​របួស​ធ្ងន់ និង​៨​នាក់​ទៀត​របួស​ស្រាល ដោយ​សារ​រថយន្ត​បុក។ គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​​កើត​ឡើង​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​ស្ថានីយ​ប្រេង​ឥន្ធនៈ​ ស្ថិត​ក្នុង​ភូមិ​ឈើ​ទាលខ្ពស់ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍​សាត់ កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ មីនា។ រថយន្ត​បង្ក​គ្រោះ​ថ្នាក់​ម៉ាក​ហ៊ីយ៉ាន់​ដាយ កង់​៦ ពណ៌​ទឹក​ប៊ិច​ចាស់ ពាក់​ស្លាក​លេខ​បណ្តោះ​អាសន្ន ៨០៤៥ បើក​បរ​ដោយ​ឈ្មោះ​ម៉ៅ ម៉ាក ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​សំបូរ ឃុំ​ព្រៃ​ឃ្នាស ស្រុក​មេសាង ខេត្ត​ព្រៃ​វែង។

​អ្នក​ឃើញ​ហេតុ​ការណ៍​និយាយ​ថា ​រថយន្ត​​នោះ​ធ្វើ​ដំណើរ​ទៅ​លិច​ក្នុង​ល្បឿន​លឿន ហើយ​បាន​វ៉ា​រថយន្ត​ទួរីស​មួយ​គ្រឿង ប៉ុន្តែ​ដោយ​សារ​មាន​រថយន្ត​នៅ​ពី​មុខ​មិន​អាច​វ៉ា​បាន​ក៏​ងាក​ចង្កូត​មក​ស្តាំ​វិញ​ជ្រុល​​ទៅ​បុក​រះ​ហ្វូង​សិស្ស​សាលា​ពី​ក្រោយ​ដែល​ខ្លះ​កំពុង​ជិះ​កង់ ខ្លះ​កំពុង​ដើរ​អែប​លើ​ចិញ្ចឹម​ថ្នល់​​តែ​ម្តង។ ​ក្រោយ​កើត​ហេតុ​អ្នក​បើក​​បរ​រថយន្ត​​ត្រូវ​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​។

លោក​ង៉ាន វ៉ាន់នី មន្ត្រី​ប៉ូលិស​ចរា​ចរ​ផ្លូវ​គោក​ខេត្ត​ឱ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​៣​នាក់ របួស​ធ្ងន់​៤​នាក់ របួស​ស្រាល​៨​នាក់ ក្នុង​នោះ​ស្រី​៦​នាក់ និង​ខូច​កង់​១២​គ្រឿង។ ​អ្នក​ស្លាប់​ ១-​ឈ្មោះ​​នួន ចិន្តា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់​នៅ​ភូមិ​សំរោង (ស្លាប់​នៅ​នឹង​កន្លែង), ២-​ឈ្មោះ​ហ៊ុន ពុទ្រា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់​នៅ​ភូមិ​កំពង់​លើ (ស្លាប់​នៅ​មន្ទីរ​ពេទ្យ) និង​៣-​ឈ្មោះ​អន ធីតា ភេទ​ស្រី អាយុ​១៦​ឆ្នាំ រស់​នៅ​ភូមិ​ផ្សារ ឃុំ​អន្លង់​ត្នោត​ (ស្លាប់​នៅ​មន្ទីរ​ពេទ្យ)។ ​សិស្ស​រង​គ្រោះ​ទាំង​អស់​សុទ្ធ​តែ​​រៀន​នៅ​​អនុ​វិទ្យា​ល័យ​សីហនុ​វរ្មន័​ក្រគរ។

​អ្នក​បើក​បរ​ឈ្មោះ​ម៉ៅ ម៉ាក ​ប្រាប់​ថា ​គេ​ទើប​តែ​ចេះ​បើក​បរ​រយៈ​ពេល​៣ខែ​ប៉ុណ្ណោះ។ នៅ​ថ្ងៃ​នោះ​គេ​យក​​ម៉ាស៊ីន​ភ្លើង​មួយ​គ្រឿង​ទៅ​ឱ្យ​ក្រុម​ហ៊ុន​​ចិន​​កសាង​វារី​អគ្គិ​សនី ហើយ​ពេល​ត្រឡប់​មក​វិញ​​ ដោយ​គេ​ងងុយ​ដេក​ខ្លាំង​ពេក ធ្វើ​ឱ្យ​ងោក​មួយ​ភាំង​​​ លុះ​ងើប​​​​វិញ​វាក់​នឹង​រថយន្ត​ទួរីស​ខាង​មុខ​ក៏​កាច់​ចង្កូត​​ទៅ​ស្តាំ​​បុក​រះ​សិស្ស​សាលា​តែ​ម្តង។ រថយន្ត កង់ និង​អ្នក​បើក​បរ​​ត្រូវ​បាន​រក្សា​ទុក​នៅ​ការិយា​ល័យ​នគរ​បាល​ចរា​​​ចរ​ផ្លូវ​គោក​នៃ​ស្នង​ការ​ដ្ឋាន​​ខេត្ត ដើម្បី​ដោះ​ស្រាយ​​តាម​ច្បាប់៕