ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

11​ប្រទេស​បើក​កិច្ច​ពិភាក្សា​ស្ដី​ពី​ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ វាគ្មិន​ជាតិ​-​អន្តរជាតិ​មក​ពី​១១​ប្រទេស​ដែល​មានបទពិសោធន៍ និង​ជំនាញ​ពិតប្រាកដ​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ និង​ផ្នែក​ឯកជន​ពាក់ព័ន្ធ​នានា បាន​ជួប​ពិភាក្សា​គ្នា​នៅ​ក្នុង​វេទិកា​វិនិយោគ​ទេសចរណ៍​កម្ពុជា​លើក​ទី​១ ឆ្នាំ​២០១៨ ដើម្បី​រួមចំណែក​ដល់​ការ​លើកកម្ពស់​បរិយាកាស​វិនិយោគ ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ និង​មានការ​ទាក់ទាញ​ថែម​ទៀត…

ខេត្តសៀមរាប ៖ វាគ្មិន​ជាតិ​-​អន្តរជាតិ​មក​ពី​១១​ប្រទេស​ដែល​មានបទពិសោធន៍ និង​ជំនាញ​ពិតប្រាកដ​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ និង​ផ្នែក​ឯកជន​ពាក់ព័ន្ធ​នានា បាន​ជួប​ពិភាក្សា​គ្នា​នៅ​ក្នុង​វេទិកា​វិនិយោគ​ទេសចរណ៍​កម្ពុជា​លើក​ទី​១ ឆ្នាំ​២០១៨ ដើម្បី​រួមចំណែក​ដល់​ការ​លើកកម្ពស់​បរិយាកាស​វិនិយោគ ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ និង​មានការ​ទាក់ទាញ​ថែម​ទៀត ។

ការ​បង្កើត​វេទិកា​វិនិយោគ​ទេសចរណ៍​កម្ពុជា​នេះ​ឡើង ក៏​ជា​កិច្ច​ពិភាក្សា​រួម​គ្នា​របស់​វាគ្មិន​ជាតិ​-​អន្តរជាតិ​ទាំងនោះ​ដើម្បី​ចងក្រង​ចំណុច​សំខាន់​ៗ​ដែល​ជា​អនុសាសន៍​ជាក់លាក់ មុន​ដាក់​ចេញ​នូវ​សៀវភៅ​ស​មួយ ស្តី​ពី​ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ។ វាគ្មិន​ជាតិ​-​អន្តរជាតិ​ទាំង​១១​ប្រទេស​នោះ រួម​មាន ៖ ចិន ម៉ា​ឡេ​ស៊ី កូរ៉េ ជប៉ុន បារាំង ថៃ ឥណ្ឌា វៀតណាម ស៊ុ​យ​អែ​ត សិង្ហ​បុរី និង​អុ​ី​តា​លី ដែល​បាន​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​សុខា​ល័យ​អង្គរ ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា ម្សិលមិញ​។

លោក​អភិបាលខេត្ត ឃឹម ប៊ុ​ន​សុង បាន​លើក​ឡើង​ថា ដោយសារ​កំណើន​របស់​ភ្ញៀវ​ទេសចរ​មក​កាន់​ខេត្តសៀមរាប មានការ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ ទើប​ជំរុញ​ឱ្យ​មានការ​យកចិត្តទុកដាក់​លើ​ការ​វិនិយោគ​លើ​វិស័យ​ផ្សេង​ៗ ពិសេស​ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍ ដើម្បី​ជំរុញ​ធ្វើ​យ៉ាងណា​ឱ្យ​មាន​ផលិតផល​ទេសចរណ៍ ក៏​ដូច​ជា​សម្បទាន​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍​នានា​មាន​ភាព​សម្បូរ​បែប សម្រាប់​បំពេញតម្រូវការ​របស់​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​កម្សាន្ត​ក្នុង​ខេត្តសៀមរាប ។

លោក​អភិបាល​បន្ត​ថា ៖« រដ្ឋបាល​ខេត្តសៀមរាប​នឹង​ខិតខំ​សម្របសម្រួល សហការ​គាំទ្រ​រាល់​គម្រោង​វិនិយោគ​ទេសចរណ៍​ផ្សេង​ៗ ធ្វើ​យ៉ាងណា​ឱ្យ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​ប្រកបដោយ​និរន្តរភាព និង​មានការ​ទទួលខុសត្រូវ​ខ្ពស់ រួមចំណែក​បង្កើន​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ និង​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ »​។ លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែង​ថា លទ្ធផល​ដែល​កើត​ចេញពី​វេទិកា​នេះ ក៏​នឹង​ប្រើប្រាស់​ជា​មូលដ្ឋាន​គ្រឹះ សម្រាប់​ការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​វិនិយោគ​វិស័យ​ទេសចរណ៍ ឱ្យ​ស្រប​ទៅ​តាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល និង​គោលបំណង​របស់​អ្នក​វិនិយោគ ។
លោក​រដ្ឋមន្ត្រី​បញ្ជាក់​ពី​ជំហរ​ថា ៖« ក្រសួងទេសចរណ៍​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​ស្វាគមន៍​រាល់​គម្រោង​វិនិយោគ​ទេសចរណ៍ ដែល​មានការ​គិតគូរ​ហ្មត់ចត់​ដល់​កិច្ច​ការពារ បេតិកភណ្ឌ វប្បធម៌ បរិស្ថាន និង​និរន្តរភាព​ទេសចរណ៍ ស្រប​តាម​ទស្សនទាន អភិរក្ស បម្រើ​ដល់​ការ​អភិវឌ្ឍ និង​ការ​អភិវឌ្ឍន៍ បម្រើ​ការ​អភិរក្ស »​។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា នាយកដ្ឋាន​វិនិយោគ​ទេសចរណ៍ និង​នាយកដ្ឋាន​អភិវឌ្ឍន៍ ផលិតផល​ទេសចរណ៍​នៃ​ក្រសួងទេសចរណ៍ ក៏​នឹង​រង់ចាំ​ជួយ​សម្របសម្រួល សហការ​គាំទ្រ និង​ត្រួតពិនិត្យ​ដំណើរការ​អនុវត្ត​លើ​គម្រោង​វិនិយោគឯកជន គ្រប់គ្រង និង​អនុវត្ត​គម្រោង​វិនិយោគសាធារណៈ និង​គម្រោង​វិនិយោគ​តាម​យន្តការ​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន សំដៅ​ធានា​ដល់​ការ​វិនិយោគ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព និង​ការ​ទទួលខុសត្រូវ ទាំង​លើ​ទិដ្ឋភាព​សង្គម សេដ្ឋកិច្ច និង​បរិស្ថាន ដោយ​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ចុង​ក្រោយ និង​នវានុវត្តន៍ ស្រប​ទៅ​នឹង​និន្នាការ​សកល ស្តី​ពី​ទេសចរណ៍ និង​ឌី​ជី​ថ​លូ​ប​នី​យ​កម្ម (Digitalisation) ។

គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​ថ្មី​ៗ​បន្ថែម​ទៀត​ដែល​ក្រសួងទេសចរណ៍​លើកទឹកចិត្ត ដើម្បី​ត្រៀម​ទទួល​ទេសចរ​អន្តរជាតិ​ចំនួន​១៥​លាន​នាក់ និង​ទេសចរ​ជាតិ​១៥​លាន​នាក់ (​សរុប​៣០​លាន​នាក់​)​ក្នុង​ឆ្នាំ​២០៣០ រួម​មាន​៖ ទីក្រុង​ទេសចរណ៍​វ័យឆ្លាត គោលដៅ​ទេសចរណ៍​វ័យឆ្លាត ស្អាត និង​បៃតង តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​នៅ​តំបន់ឆ្នេរ​-​កោះ មជ្ឈមណ្ឌល​វិស្សមកាល និង​កីឡា​ទេសចរណ៍ តំបន់​ទេសចរណ៍​ផ្ទះ​ទី​២ (second home tourism ) ទេសចរណ៍​វ័យ​ចំណាស់ (senior tourism) ទេសចរណ៍​សុខភាព (medical tourism) សួន​កម្សាន្ត​របស់​កុមារ​នៅ​តំបន់​ទេសចរណ៍ ទេសចរណ៍​សត្វព្រៃ សណ្ឋាគារ​ប្រណីត​ៗ​លំដាប់​ផ្កាយ​៤ និង​ផ្កាយ​៥ ហាង​លក់ទំនិញ​ទំនើប​ៗ ភោជនីយដ្ឋាន​លំដាប់​ខ្ពស់ និង​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ (​ផ្លូវថ្នល់ កំពង់​ផែ​ទេសចរណ៍ និង​អាកាសយានដ្ឋាន​) នៅ​តំបន់​គោលដៅ​ទេសចរណ៍​មួយ​ចំនួន​ផងដែរ ។

យោង​តាម​ការ​ព្យាករ​របស់​ក្រសួងទេសចរណ៍ រហូត​ដល់​ឆ្នាំ​២០៣០ កម្ពុជា​តម្រូវ​ឱ្យ​មាន​បន្ទប់​សណ្ឋាគារ​១០​ម៉ឺន​បន្ទប់ ក្នុង​នោះ​បន្ទប់​សណ្ឋាគារ​លំដាប់​ផ្កាយ​៤ និង​ផ្កាយ​៥​ប្រមាណ ៦០% ខណៈ​បច្ចុប្បន្ន នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​មាន​បន្ទប់​សណ្ឋាគារ​ប្រមាណ ៤​ម៉ឺន​៥​ពាន់​បន្ទប់​រួច​ហើយ ក្នុង​នោះ​បន្ទប់​សណ្ឋាគារ​ផ្កាយ​៤ និង​ផ្កាយ​៥ មាន​តែ​២​ម៉ឺន​៥​ពាន់​បន្ទប់ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ