រាជធានីភ្នំពេញ៖រដូវបុណ្យភ្ជុំប្រពៃណីជាតិជិតឈានចូលមកដល់ មិនខុសពីបណ្តាឆ្នាំ មុនៗទេ ផលិតកម្មនានាបានចេញបទចម្រៀង ថ្មីៗជាបន្តបន្ទាប់ មានខ្លឹមសារដាស់តឿន អប់រំ ឲ្យនឹកនាធ្វើបុណ្យជាមួយឳពុក ម្តាយ ជីដូនជីតា នៅឯស្រុក ទាន់ពេលពួកគាត់នៅមានជីវិត ។
ផលិតកម្មនៅក្នុងស្រុក ធំៗចំនួន៣ ខ្លះបានចេញបទចម្រៀងថ្មីដែលនិយាយពីរដូវបុណ្យភ្ជុំ ខណៈពេលផលិតកម្ម២ទៀតក្រើនរលឹកតាមរយៈបទចម្រៀង ចាស់ៗរបស់ខ្លួន កុំឲ្យភ្លេចម៉ែឪនារដូវបុណ្យភ្ជុំបិណ្ឌ ។
អ្នកនិពន្ធបទចម្រៀងនៅផលិតកម្មថោនលោកយឹម តាស្រង់ កាលពីពេល ថ្មីៗកន្លងបានបង្ហោះបទចម្រៀងជាស្នាដៃរបស់ខ្លួនក្រោមចំណងជើងថា «មានពេល មានប្រាក់ តែបាត់ពុកម៉ែ» ដែលច្រៀងដោយអ្នកនាងមាស សុខសោភា ជាមួយនឹងសារថា «ជិតភ្ជុំបិណ្ឌហើយ ខ្ញុំបាទយឹម តាស្រង់ សូមរំលឹកស្នាដៃនិពន្ធបទថ្មីចូលរួមជាមួយភ្ជុំបិណ្ឌកាលពីឆ្នាំ ចាស់ៗកន្លងមកក្រោមចំណងជើងថា «មានពេល មានប្រាក់ តែបាត់ពុកម៉ែ» ។
បទនេះឆន្ទៈពិតប្រាកដរបស់ខ្ញុំគឺនិពន្ធក្រើនរំលឹកអ្នកស្តាប់ទាំងអស់កុំវក់នឹងការងារខ្លាំងហួសហេតុរហូតដល់ភ្លេចថែរក្សា ឬឆ្លៀតពេលដើម្បីអ្នកមានគុណទាំងពីរ ដើម្បីចៀសវាងនូវការសោកស្តាយ មានវិប្បដិសារីយ៍ដូចក្នុងខ្លឹមសារបទចម្រៀងដែលខ្ញុំបាននិពន្ធនេះ ។
ខ្ញុំបាទគ្មានទ្រព្យធនអ្វីដុំកំភួនដើម្បីចូលរួមទេគឺមានតែទឹកប៊ិកបញ្ចូលនូវខ្លឹមសារក្រើនរំលឹកដល់ប្រជាជនខ្មែរគ្រប់រូបតាមបទចម្រៀង »។
ចំណែកផលិតកម្មសាន់ដេវិញបានបង្ហោះបទចាស់របស់លោកឆាយ វីរៈយុទ្ធ មានចំណងជើងថា «រដូវបុណ្យភ្ជុំកូនយំនឹកស្រុក»ជាមួយនឹងសារថា ភ្ជុំបិណ្ឌជិតមកដល់ហើយប្រិយមិត្ត សុំរំលឹកបទចម្រៀងរបស់លោកឆាយ វីរៈយុទ្ធ មួយបទដែលកន្លងទៅអស់រយៈពេល២ឆ្នាំមកហើយ ។
បទនេះបង្ហាញពីអារម្មណ៍នឹករលឹកដល់ពុកម៉ែនៅឯស្រុកកំណើត ដែលកូនឃ្លាតឆ្ងាយមកធ្វើការ មិនអាចនៅថែរក្សាលោកទាំងពីរបាន ប៉ុន្តែភ្ជុំបិណ្ឌនេះបានប្រាក់កូននឹងទៅលេងលោកទាំងពីរជាពុំខាន ។ ភ្ជុំបិណ្ឌខាងមុខនេះកុំភ្លេចទៅលេងពួកគាត់ទាំងអស់គ្នាណា ពួកគាត់កំពុងតែទន្ទឹងចាំផ្លូវយើងទាំងអស់គ្នា ។
ដោយឡែកសម្រាប់ផលិតកម្មហង្សមាសវិញ បទចម្រៀងចេញថ្មីមួយបទច្រៀងដោយកញ្ញាសួស វីសា មានចំណងជើងថា «ខែភ្ជុំនឹកស្រុក» និងលោកខេមរៈ សិរីមន្ត មានចំណងជើងថា «ភ្ជុំហើយ» ដែលសុទ្ធជាបទចម្រៀងទាក់ទងនឹងពិធីបុណ្យភ្ជុំបិណ្ឌ និងការដាស់តឿនក្រើនរំលឹកឲ្យនឹកនាធ្វើបុណ្យនឹងឪពុកម្តាយ ។
ជាមួយនឹងការចេញបទចម្រៀងទាំងអស់នោះ ផលិតកម្មខាងលើក៏បានភ្ជាប់សារដ៏ខ្លីថា «រដូវភ្ជុំកាន់តែខិតជិតមកដល់ ! កុំភ្លេចព្រះរស់ កុំភ្លេចវត្តវ៉ា កុំភ្លេចស្រុកកំណើត ទើបធ្វើឲ្យចិត្តកាយជួបតែសេចក្តីសុខ »។
បទចម្រៀងទាំងអស់នោះគឺសុទ្ធតែមានអត្ថន័យស្រដៀងគ្នា បានដាស់តឿន ក្រើនរំលឹកដល់ កូនៗទាំងឡាយ នៅពេលដែលបានធ្វើការចាកឆ្ងាយស្រុក ឪពុកម្តាយហើយនោះ ត្រូវរូតរះទៅជួបឪពុកម្តាយកុំឲ្យខាននារដូវបុណ្យភ្ជុំបិណ្ឌ។ ឪពុកម្តាយចាត់ទុកជាព្រះរស់ ដែលតែងតែទន្ទឹងរង់ចាំកូនទៅជួបជុំគ្នា ដើម្បីមានឱកាសធ្វើបុណ្យជាមួយគ្នា កុំព្រោះតែការងារសំខាន់ជាងឪពុកម្តាយចាស់ ប្រយ័ត្នទាល់តែបាត់បង់ទើបពោលពាក្យស្តាយក្រោយ ។
ជនជាតិខ្មែរ បាននាំគ្នាប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច មានរយៈពេល១៥ថៃ្ង ដែលហៅថាបិណ្ឌ១, បិណ្ឌ២ … និងថៃ្ងបញ្ចប់ គឺជាថៃ្ង«ភ្ជុំបិណ្ឌ»៕
ចែករំលែកព័តមាននេះ