នាងសាន់ដ្រា ប៊ូឡុក ជាតារាភាពយន្តហូលីវូដល្បីឈ្មោះបានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនរបស់នាងចំនួន១លានដុល្លារអាមេរិកដល់កាកបាទក្រហមអាមេរិក ដើម្បីយកទៅជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះជនរងគ្រោះដោយសារការរញ្ជួយដីនៅប្រទេសជប៉ុន ។ នេះបើតាមការឱ្យដឹងដោយកាកបាទក្រហមអាមេរិក កាលពីថ្ងៃទី១៧ មីនា កន្លងមក ។ នាងសាន់ដ្រា ប៊ូឡុក ជាតារាសម្តែងដែលបរិច្ចាគប្រាក់ផ្ទាល់ខ្លួនច្រើនបំផុត សម្រាប់ប្រទេសជប៉ុនចាប់តាំងពីប្រទេសជប៉ុនរងគ្រោះដោយសារការរញ្ជួយដីដ៏ខ្លាំងកម្រិត៩រីស្ទ័រ កាលពីថ្ងៃទី១១ មីនា កន្លងមក ។
តាមប្រភពព័ត៌មានថា តារាភាពយន្តបរទេសល្បីៗជាច្រើននាក់បានប្រើប្រាស់គេហទំព័រ Twitter ដើម្បីទទូចដល់អ្នកគាំទ្រពួកគេឱ្យគាំទ្រកាកបាទក្រហមដោយការបរិច្ចាគប្រាក់ផ្ទាល់ខ្លួនតាមការដែលអាចធ្វើទៅបាន ។
នាងសាន់ដ្រា ប៊ូឡុក ដែលទើបលែងលះគ្នាជាមួយស្វាមីនាងកាលពីចុងឆ្នាំ២០១០ កន្លងមក និយាយថា នាងមានការរន្ធត់ និងតក់ស្លុតយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតមនុស្សដ៏ច្រើនដោយសារការរញ្ជួយដីនៅប្រទេសជប៉ុន ដូច្នេះនាងបានសម្រេចចិត្តបរិច្ចាគប្រាក់ផ្ទាល់ខ្លួនរបស់នាងដល់ប្រទេសជប៉ុន សម្រាប់ប្រតិបត្តិការជួយសង្គ្រោះអ្នកនៅរស់ ៕
ចែករំលែកព័តមាននេះ