ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកថោង ខុន និយាយអ្វីខ្លះ​ពី​អ្នក​កំពុង​បំផ្លាញ​ឆ្នេរ​សមុទ្រ​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ថោ​ង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​គ្រប់គ្រង​ឆ្នេរបាន​ថ្លែង ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា​ថា គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ​…

រាជធានី​ភ្នំពេញ ៖ លោក ថោ​ង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​គ្រប់គ្រង​ឆ្នេរបាន​ថ្លែង ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា​ថា គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ​ ដែល​មាន​លោក​ឧប​នាយក​រដ្ឋមន្ដ្រី ជា សុ​ផា​រ៉ា ជា​ប្រធាន កំពុង​ពិនិត្យ​និង​ចាត់វិធានការ​ចំពោះ​ក្រុមហ៊ុន ​ដែល​បាន​ចាក់​ដី​លុប​ឆ្នេរ​ព្រែក​ត្រែង​ នៅ​ខេត្ត​ព្រះ​សីហ​នុ ។

បើ​តាម​ប្រសាសន៍​របស់​លោក​រដ្ឋមន្ដ្រី ក្រុមហ៊ុន​ដែល​កំពុង​អភិវឌ្ឍ​នៅ​តំបន់ឆ្នេរ​ព្រែក​ត្រែង ​កំពុង​តែ​បំពាន​ច្បាប់​​ស្ដី​ពី​ការ​គ្រប់គ្រង​ឆ្នេរ ដែល​ចេញ​ដោយ​រាជរដ្ឋាភិបាល និង​គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ ដោយ​អនុ​ញ្ញាត​​ឱ្យ​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់ឆ្នេរ ត្រូវ​មាន​ចម្ងាយ​យ៉ាង​ហោច​ណាស់​១០០​ម៉ែត្រ ឬ​ឆ្ងាយ​ជាង​នេះ។

លោក​រដ្ឋមន្ដ្រី​បាន​សង្កត់ធ្ងន់​ថា គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ កំពុង​តែ​ពិនិត្យ​អំពី​ទិដ្ឋភាព​ច្បាប់​ជុំវិញ​ករណី​នេះ ហើយ​អាច​ឈាន​ទៅ​កំណត់​ឱ្យ​ក្រុមហ៊ុន​ខាងលើ កាយ​ដី​ចេញពី​តំបន់​ដែល​បាន​ចាក់​លុប ឬ​អនុវត្ត​វិធានការ​ច្បាប់​ជា​បន្ដបន្ទាប់ ព្រោះ​រាជរដ្ឋាភិបាល​មិន​បណ្ដោយ​ឱ្យ​ក្រុមហ៊ុន​នោះ​បំផ្លាញ​ឆ្នេរ​ដ៏​ស្រស់​ស្អាត និង​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នោះ​ទេ ។

លោក​រដ្ឋមន្ត្រី​ក៏​បានឱ្យ​ដឹង​ដែរ​ថា តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ស្ថិត​ក្នុង​គម្រោង​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​កំពុង​រៀបចំ​ធ្វើ​ផ្លូវ​នៅ​តាម​តំបន់ឆ្នេរ​បន្ថែម​ទៀត ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ដ​របស់​ភ្ញៀវ​ទេសចរ​ផង​ដែរ ។

លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ​ ធ្លាប់​បាន​គូសបញ្ជាក់​ថា ក្រុមហ៊ុន​ដែល​បាន​ចាក់​ដី​លុប​ឆ្នេរ​ព្រែក​ត្រែង រហូត​ធ្វើ​ឱ្យ​ផ្ទុះ​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​នេះ មិនមែន​ជា​ក្រុមហ៊ុន​របស់​ចិន​ទេ ពោល​គឺ​ក្រុមហ៊ុន​អភិ​វឌ្ឍន៍​​របស់​ខ្មែរ ។ ឆ្នេរ​ដ៏​ស្រស់​ស្អាត​របស់​កម្ពុជា ក្លាយជា​កន្លែង​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​ដ៏​មាន​សក្តា​នុពល​នា​ពេល​បច្ចុប្បន្ន ។

របាយការណ៍​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៧ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរ​ជាតិប្រមាណ​៧៤​ម៉ឺន​នាក់ កើន​១៥%​។ ក្នុង​រយៈពេល​៤​ខែ ដើមឆ្នាំ​២០១៨ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​២.៣៨៥.៧៥៣​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​មាន​២.០៥២.៣១៧​នាក់​និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​៣៣៣.៤៣៦​នាក់ កើន​១៦,៣៧% ។

តាម​ការ​ព្យាករ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ទាំងមូល​អាច​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​២​លាន​នាក់ និង​ភ្ញៀវ​ទេសចរ​ជាតិប្រមាណ​៦​លាន​នាក់ នៅ​ឆ្នាំ​២០២០ និង​នៅ​ឆ្នាំ​២០៣០ អាច​ទទួល​បាន​ទេសចរ​អន្តរ​ជាតិ​ប្រមាណ​​៣​លាន​នាក់ និង​ភ្ញៀវ​ទេសចរ​ជាតិប្រមាណ​៨​លាន​នាក់ ។

ដោយ​មើលឃើញ​ពី​សក្តានុពល​នេះ លោក រដ្ឋមន្ត្រី ថោ​ង ខុន បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ មាន​ចំណាត់ការ​ឱ្យ​បាន​តឹងរ៉ឹង​ក្នុង​ការ​ថែរក្សា​ឆ្នេរសមុទ្រ​នេះ កុំឱ្យ​មានការ​សាងសង់​រំលោភ​ និង​ទន្ទ្រាន​ផ្សេងៗ ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ