ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​នឹង​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​200​ប៊ី​លាន​ដុល្លារ​ទៀត

5 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ យោង​តាម​សារព័ត៌មាន​អា​មេ​រិ​កបាន​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​សម្រេចចិត្ត​ថា​នឹង​ដាក់​ពន្ធ​លើ​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ចិន​ប្រមាណ​២០០​ប៊ី​លាន​ដុល្លារ​ទៀត ហើយ​អាច​នឹង​ប្រកាស​ពី​ការ​សម្រេចចិត្ត​នេះ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ។…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ យោង​តាម​សារព័ត៌មាន​អា​មេ​រិ​កបាន​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​សម្រេចចិត្ត​ថា​នឹង​ដាក់​ពន្ធ​លើ​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ចិន​ប្រមាណ​២០០​ប៊ី​លាន​ដុល្លារ​ទៀត ហើយ​អាច​នឹង​ប្រកាស​ពី​ការ​សម្រេចចិត្ត​នេះ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ។

សារព័ត៌មាន​ខាងលើ​បាន​ឲ្យ​ដឹង​ថា ពន្ធ​នឹង​មាន​កម្រិត​១០%​។ គួរ​បញ្ជាក់​ដែរ​ថា លោក​ប្រធានាធិបតី​ត្រាំ​បាន​ដាក់​ពន្ធ​២៥%​លើ​ដែកថែប និង​១០%​លើ​អាលុយមីញ៉ូម រួម​ទាំង​២៥%​ទៀត​លើ​ផលិតផល​ចិន​ប្រមាណ​៥០​ប៊ី​លាន​ដុល្លារ​រួច​ទៅ​ហើយ ។

អ្នកនាំពាក្យ​របស់ White House លោកស្រី Lindsay Walters បាន​និយាយ​ថា ៖« លោក​ប្រធានាធិបតី​បាន​ឲ្យ​ដឹង​ច្បាស់​ហើយ​ថា​លោក​និង​រដ្ឋាភិបាល​របស់​លោក នឹង​បន្ត​ចេញ​សកម្មភាព​ដើម្បី​ដោះស្រាយ​បញ្ហា​ការ​ធ្វើ​ពាណិជ្ជកម្ម​មិន​យុត្តិធម៌​របស់​ប្រទេស​ចិន ។

ពួក​យើង​កំពុង​ជំរុញ​ដល់​ប្រទេស​ចិន​ឲ្យ​ដោះស្រាយ​បញ្ហា​ដែល​បាន​លើក​ឡើង​នេះ »​។
ក្រសួងការបរទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សហរដ្ឋអាមេរិក​បាន​អញ្ជើញ​​ពួក​គេ​ឲ្យ​ចូលរួម​ការ​ចរចា ។ បេសកជន​មក​ពី​ប្រទេស​ទាំង​ពីរ​បាន​ជួប​គ្នា​លើក​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី ២២​ខែសីហា​នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ។

ប្រទេស​ចិន​បាន​ច្រាន​ចេញ​រាល់​ការ​ដាក់​សម្ពាធ​ពី​សហរដ្ឋអាមេរិក​ឲ្យ​ដក​ផែនការ​ដែល​ឲ្យ​រដ្ឋាភិបាល​អភិវឌ្ឍន៍​នៅ​វិស័យ​មនុស្ស​យន្ត​, Artificial Intelligence និង​វិស័យ​ដទៃ​ទៀត ។

សហរដ្ឋអាមេរិក​, អឺរ៉ុប និង​ដៃគូ​ពាណិជ្ជកម្ម​ដទៃ បាន​និយាយ​ថា គម្រោង​ទាំងនោះ​ល្មើស​​នឹង​ការ​ប្តេជ្ញា​របស់​ប្រទេស​ចិន​ក្នុង​ការ​បើក​ទូលាយ​ទីផ្សារ ។ មន្ត្រី​អា​មេ​រិ​ក​ក៏​ព្រួយ​ថា គម្រោង​នេះ​អាច​ប៉ះពាល់​ដល់​សហរដ្ឋអាមេរិក​ដែល​ជា​ប្រទេស​នាំមុខ​ផ្នែក​ឧស្សាហ​កម្ម ។

អ្នក​ព្យាករណ៍​បាន​ព្រមាន​ថា ការ​ធ្ងន់ធ្ងរ​ឡើង​នៃ​ជម្លោះ​រវាង​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង​ពីរ​លើ​​ពិភពលោក​នេះ អាច​នឹង​កាត់​បន្ថយ​ការ​លូតលាស់​សេដ្ឋកិច្ច​ពិភពលោក​ប្រមាណ​០,៥% រហូត​ដល់​ឆ្នាំ​២០២០ ប្រសិនបើ​ពន្ធ​ដែល​បាន​គំរាម​នេះ​ពិតជា​ត្រូវ​បាន​អនុម័ត​មែន។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១២ កញ្ញា កន្លង​មក រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បាន​អញ្ជើញ​មន្ត្រី​ចិន​ឲ្យ​ចាប់ផ្តើម​ការ​ចរចា​លើ​ពាណិជ្ជកម្ម​សា​ជា​ថ្មី​ម្តងទៀត ខណៈ​ដែល​សហរដ្ឋអាមេរិក​ត្រៀម​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ​២០០​ប៊ី​លាន​ដុល្លារ ។

លោក Larry Kudlow ប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​របស់​White House បាន​ប្រាប់​ថា រដ្ឋមន្ត្រីក្រសួង​រតនាគារ​អា​មេ​រិ​ក លោក Steven Mnuchin បាន​ផ្ញើ​លិខិត​អញ្ជើញ​ដល់​មន្ត្រី​ថ្នាក់ខ្ពស់​ក្នុង​ប្រទេស​ចិន ប៉ុន្តែ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ទៀត​ទេ ។

លោក Kudlow បាន​និយាយ​ថា ៖« មានការ​ពិភាក្សា និង​ព័ត៌មាន​មួយ​ចំនួន​ដែល​ពួក​យើង​បាន​ទទួល​ពី​រដ្ឋាភិបាល​ចិន​ថា មន្ត្រី​ថ្នាក់ខ្ពស់​នៃ​រដ្ឋាភិបាល​ចិន​ចង់​បន្ត​ការ​ចរចា​។ ដូច្នេះ រដ្ឋមន្ត្រី Mnuchin ដែល​ជា​ប្រធាន​ក្រុម​ជាមួយនឹង​ប្រទេស​ចិន​បាន​ចេញ​លិខិត​អញ្ជើញ »​។

មក​ដល់​ពេល​នេះ សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​បាន​ដាក់​ពន្ធ​លើ​ផលិតផល​នាំ​ចូល​គ្នា​ប្រមាណ​៥០​ប៊ី​លាន​ដុល្លារ​ទៅ​ហើយ ព្រោះតែ​ជម្លោះ​ដែល​សហរដ្ឋអាមេរិក​ទាមទារ​ឲ្យ​ប្រទេស​ចិន​កែទម្រង់​គោលនយោបាយ​សេដ្ឋកិច្ច ។

លោក​ប្រធានាធិបតី​ត្រាំ បាន​និយាយ​ថា ក្រៅពី​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ​២០០​ប៊ី​លាន​ដុល្លារ​ហើយ លោក​អាច​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ​២៦៧​ប៊ី​លាន​ដុល្លារ​បន្ថែម​ទៀត​ក្នុង​រយៈពេល​ខ្លី ប្រសិនបើ​លោក​ចង់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ