ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​ក៏​អាច​ធ្វើ​វិបស្សនា​បាន

5 ឆ្នាំ មុន

អប់រំ​ចិត្ត​ឱ្យ​ស្ងប់រម្ងាប់​តាម​រយៈ​ធ្វើ​វិបស្សនា​ភាវនា គឺជា​ការ​អប់រំ​ផ្លូវចិត្ត​ដ៏​ពិសេស​មួយ​សម្រាប់​ដុត​កម្លោច​នូវ​បាបធម៌ និង​កិលេស​ផ្សេង​ៗ ឱ្យ​រីងស្ងួត រហូត​ដាច់​ស្រឡះ លែង​ត្រឡប់​មក​វិញ ព្រោះ​ការ​បាន​សម្រេច​នូវ​អរិយ​មគ្គ​ជា​លោកុត្តរ លែង​អាឡោះ​ស្រណោះ​អ្វី​ៗ​ជា​របស់​លោកិយ​ទៀត​ហើយ​។ នេះ ជា​សេចក្តី​ស្ងប់​ដោយ​អំណាច​វិបស្សនា​ភាវនា​។…

អប់រំ​ចិត្ត​ឱ្យ​ស្ងប់រម្ងាប់​តាម​រយៈ​ធ្វើ​វិបស្សនា​ភាវនា គឺជា​ការ​អប់រំ​ផ្លូវចិត្ត​ដ៏​ពិសេស​មួយ​សម្រាប់​ដុត​កម្លោច​នូវ​បាបធម៌ និង​កិលេស​ផ្សេង​ៗ ឱ្យ​រីងស្ងួត រហូត​ដាច់​ស្រឡះ លែង​ត្រឡប់​មក​វិញ ព្រោះ​ការ​បាន​សម្រេច​នូវ​អរិយ​មគ្គ​ជា​លោកុត្តរ លែង​អាឡោះ​ស្រណោះ​អ្វី​ៗ​ជា​របស់​លោកិយ​ទៀត​ហើយ​។ នេះ ជា​សេចក្តី​ស្ងប់​ដោយ​អំណាច​វិបស្សនា​ភាវនា​។ ឯ​វិបស្សនា​នេះ​ទៀត​សោត​មិនមែន​ធ្វើ​បាន​តែ​អ្នក​កាន់សីល​៥ សីល​៨​នោះ​ទេ គឺ​អាច​ធ្វើ​បាន​ទាំងអស់​គ្នា​ឱ្យ​តែ​មានចិត្ត​ចង់ ។

តាម​ពិត​ទៅ​សេចក្តី​ស្ងប់ចិត្ត ស្ងប់​អារម្មណ៍​នេះ ជា​គុណជាតិ​ដែល​ចាំបាច់​ដ៏​ក្រៃ​លែង សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ​ណាស់ ពោល​គឺ​ធ្វើ​ឱ្យ​យើង​ស្ងប់​ចាក​កិលេស​ដែល​ជា​ហេតុ​នៃ​សេចក្តី​ខ្វល់ខ្វាយ និង​ការ​ជំពាក់​វាក់​វិ​ន​ក្នុង​វត្ថុ​ដទៃ​ៗ​ទៀត ។

បើ​យើង​ទាំងអស់​គ្នា​ជួយ​រម្ងាប់​នូវ​កិលេស​ក្នុង​សន្តាន​របស់​ខ្លួនឯង​ឱ្យ​បាន​គ្រប់​ៗ​គ្នា ពិភពលោក​យើង​នេះ​នឹង​បាន​សុខ​ស្ងប់​ត្រជាក់​ជាង​សព្វថ្ងៃ រាប់រយ​រាប់​ពាន់​ដង ព្រោះ​កិលេស​ដែល​មាននៅ​ខាងក្នុង​សន្តាន​នៃ​មនុស្ស​យើង​ម្នាក់​ៗ​នោះ​ឯង បាន​ប្លែង​ឫទ្ធិ​ចេញ​មក​ទម្លាយ​គ្នា​និង​គ្នា​ឱ្យ​ក្តៅក្រហាយ ក្រវល់ក្រវាយ​ជា​និច្ច ។

ព្រោះហេតុនោះ​បានជា​លោក​ពោល​ថា ការ​ជួយ​គ្នា​រក្សា​នូវ​សេចក្តី​ស្ងប់​ក្នុង​ចិត្ត​រៀង​ៗ​ខ្លួន គឺជា​ការ​ជួយ​ដល់​ពិភពលោក ជួយ​ដល់​សង្គម​ដ៏​ធំ ជួយ​ដល់​អង្គភាព ស្ថាប័ន ជួយ​ដល់​ការងារ​ដទៃ​ៗ​ទៀត​ឱ្យ​បាន​មាំមួន និង​គង់វង្ស​ឋិតថេរ​លូតលាស់​ទៅ​មុន​ជា​រៀង​រហូត ។