ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់លំៗទេ…បាតុកម្មបិទផ្លូវ​ជាតិ​លេខ០៤ ​ម្សិលមិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖​ ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រូវ​បាន​បិទ​ដោយ​ក្រុម​កម្មករ​-​កម្មការិនី​អស់​រយៈពេល​ជិត​៥​ម៉ោង បង្ក​ឱ្យ​មានការ​កកស្ទះ​យ៉ាង​ខ្លាំង​លើ​ផ្លូវ​ដ៏​មមារ​ញឹក​នេះ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ កញ្ញា ។ ការ​ឈាន​ដល់​បាតុភាព​លើកគ្នា​បិទផ្លូវ​តវ៉ា ព្រោះ​ជាង​១​ខែ​មក​ហើយ…

រាជធានីភ្នំពេញ ៖​ ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រូវ​បាន​បិទ​ដោយ​ក្រុម​កម្មករ​-​កម្មការិនី​អស់​រយៈពេល​ជិត​៥​ម៉ោង បង្ក​ឱ្យ​មានការ​កកស្ទះ​យ៉ាង​ខ្លាំង​លើ​ផ្លូវ​ដ៏​មមារ​ញឹក​នេះ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ កញ្ញា ។ ការ​ឈាន​ដល់​បាតុភាព​លើកគ្នា​បិទផ្លូវ​តវ៉ា ព្រោះ​ជាង​១​ខែ​មក​ហើយ ដែល​កម្មករ​-​កម្មការិនី​រោងចក្រ​កាត់ដេរ​ជី​ម​លី​ច្រើន​រយ​នាក់ ធ្លាប់​បាន​ផ្ទុះ​ការ​តវ៉ា​ទាមទារ​រកប្រាក់​ឈ្នួល ប្រាក់​បំណាច់ ​និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ បន្ទាប់​ពី​រោងចក្រ​ខាងលើ​បាន​ប្ដូរ​ស្លាក​យីហោ និង​ដូរ​ថៅកែ​ថ្មី ឯ​ថៅកែ​ចាស់​បាន​វេច​បង្វិចរ​ត់ទៅ​ស្រុក
​បាត់ ។ ប៉ុន្តែ​ការ​តវ៉ា​ជាង​១​ខែ​មុន​នេះ​នៅ​តែ​គ្មាន​ដំណោះស្រាយ​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​កម្មករ មានការ​ពុះកញ្ជ្រោល​កាន់តែ​ខ្លាំង​ឡើង​ៗ រហូត​ឈាន​ដល់​លើកគ្នា​បិទផ្លូវ​ជាតិ​លេខ​៤ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ឱ្យ​បាន​ឆាប់ ។

ក្រុម​កម្មករ​បាន​បិទផ្លូវ​ជាតិ​លេខ​៤ នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៧ កញ្ញា នៅ​ចំណុច​មុខ​រោងចក្រ​កាត់ដេរ​យីហោ​ជី​ម​លី ដែល​ពេល​នេះ​បាន​ប្ដូរ​ទៅ​ជា​រោងចក្រ​ជី​ជី​វិញ និង​មាន​ទីតាំង​ស្ថិត​នៅ​ទល់មុខ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​ក្នុងភូមិ​ត្រពាំង​ទួល សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ កម្មករ​បាន​និយាយ​ថា ពួក​គាត់​ធ្វើការ​តវ៉ា​នេះ​គឺ​ដើម្បី​ទាមទារ​សុំ​ឲ្យ​មានការ​ដោះស្រាយ​ប្រាក់​ឈ្នួល​និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ ដែល​ពួក​គាត់​ត្រូវ​ទទួល​បាន​ទៅ​តាម​ច្បាប់​ការងារ បន្ទាប់​ពី​រោងចក្រ​មួយ​នេះ​ផ្លាស់​ប្ដូរ​ថៅកែ​ថ្មី និង​ស្លាក​យីហោ​ថ្មី ។

តាម​ច្បាប់​ការងារ​ គឺ​មុន​នឹង​រោងចក្រ​សម្រេច​ប្ដូរ​ស្លាក​យីហោ ឬ​ប្ដូរ​ថៅកែ​គ្រប់គ្រង​ថ្មី​ត្រូវ​តែ​ទូទាត់​ប្រាក់​ឈ្នួល ឬ​ប្រាក់​អត្ថប្រយោជន៍ និង​ប្រាក់​បំណាច់​ផ្សេង​ៗ​ជូន​កម្មករ​ឲ្យ​បាន​រួចរាល់​ជា​មុន​សិន ទើប​អាច​ប្ដូរ​បាន ។ បុ​៉​ន្តែ​ចំពោះ​រោងចក្រ​មួយ​នេះ​មិន​ដូច្នោះ​ទេ បាន​ផ្លាស់​ប្ដូរ​ទាំង​ស្លាក​យីហោ​និង​ថៅកែ​ថ្មី ហើយ​ថៅកែ​ចាស់​បាន​គេចខ្លួន​បាត់​ដោយ​មិន​អនុវត្តន៍​តាម​ច្បាប់​ការងារ​ឡើយ ទើប​កម្មករ​ធ្វើការ​តវ៉ា​បែប​នេះ​ឱ្យ​ដឹង​ដៃ​ម្តង ។

កម្មករ​បាន​បន្ត​ថា រយៈពេល​ជាង​១​ខែ​មក​ហើយ​ ដែល​ពួក​គាត់​ធ្វើការ​តវ៉ា​នេះ កន្លង​មក​ពួក​គាត់​ធ្វើ​តែ​នៅ​មុខ​រោងចក្រ​តែ​ប៉ុណ្ណោះ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ កញ្ញា ពួក​គាត់​បាន​លើកគ្នា​ចាក​ចេញពី​រោងចក្រ ឆ្ពោះទៅ​តវ៉ា​នៅ​មុខ​សភា តែ​ក្បួន​របស់​កម្មករ​ត្រូវ​បាន​រារាំង​ដោយ​សមត្ថកិច្ច​ច្រើន​ដំណាក់កាល ទីបំផុត​ក៏​បាន​ទៅ​ធ្វើការ​ដោះស្រាយ​នៅ​ក្រសួង​ការងារ ។ ប៉ុន្តែ​នៅ​តែ​មិន​មាន​ដំណោះស្រាយ​ទៀត ទើប​ការ​តវ៉ា​បាន​អូស​បន្លាយ​ពេល​កាន់តែ​វែង​រហូត​មក​ដល់​ពេល​នេះ ទើប​លើកគ្នា​បិទផ្លូវ​ជាតិ​លេខ​៤ ក្នុង​បំណង​ព​ន្លឿ​ន​ការ​ដោះស្រាយ​ឲ្យ​បាន​ឆាប់ ។

ដោយសារ​តែ​កម្មករ​បាន​យក​ផ្លូវជាតិ​លេខ​៤ ធ្វើ​ជា​ចំណាប់ខ្មាំង​អស់​រយៈពេល​ជា​ច្រើន​ម៉ោង បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង ដោយ​យានយន្ត​គ្រប់​ប្រភេទ​រាប់រយ​គ្រឿង​បាន​ជាប់​គាំង​ទៅ​មុខ​ក៏​មិន​រួច ថយក្រោយ​ក៏​មិន​រួច​បន្តកន្ទុយ​គ្នា​រាប់​គីឡូម៉ែត្រ ។ បន្ទាប់​ពី​ផ្ទុះ​បាតុភាព​បិទផ្លូវ គណៈកម្មការ​ចម្រុះ​១​ក្រុម រួម​មាន​ខាង​មន្ត្រី​ក្រសួង​ការងារ​ដឹកនាំ​ដោយ​លោក ប្រាក់ ចាន់​ធឿ​ន អគ្គលេខាធិការដ្ឋាន​នៃ​គណៈ​កម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​បាតុកម្ម ។

មន្ត្រី​ដោះស្រាយ​វិវាទ​នៃ​មន្ទីរ​ការងារ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ហុង ណា​រ៉េ​ត អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក អភិបាលរង ឃឹម ស៊ុន​សូ​ដា និង​នគរបាល​ខណ្ឌ​ដឹកនាំ​ដោយ​លោក​អធិការ យឹ​ម សា​រ៉ា​ន់ បាន​ចុះ​ជួប​សម្របសម្រួល​ជាមួយ​កម្មករ​ភ្លាម​ៗ​ដែរ ។ មិនតែប៉ុណ្ណោះ​អាជ្ញាធរ​បាន​សម្រួល​ឲ្យ​យានយន្ត​ដែល​មិន​ទាន់​ទៅ​ដល់​ត្រង់​ចំណុច​ដែល​កម្មករ​បិទផ្លូវ​នោះ ធ្វើ​ដំណើរ​តាម​ផ្លូវ​វាង​នានា ដូច​ជា​ផ្លូវ​បែក​ចាន វត្ត​ស្លែង​ឡើង​ទៅ​តាម​ផ្លូវជាតិ​លេខ​៣ ផ្លូវ​វត្ត​ស្វាយ​ផ្អែម រួម​និង​ផ្លូវ​មួយ​ចំនួន​ទៀត ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា គណៈកម្មការ​ខាងលើ​បាន​លួងលោម​ឲ្យ​កម្មករ​បើកផ្លូវ​ឡើង​វិញ ប៉ុន្តែ​ពួក​គេ​មិន​ព្រម​ឡើយ ទើប​គណៈកម្មការ​បាន​ហៅ​តំណាង​ចូល​ធ្វើការ​ដោះស្រាយ​នៅ​ក្នុង​រោងចក្រ ។ ពេល​នោះ​តាម​រយៈ​ការ​ឆ្លង​យោបល់​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អុ​ិ​ត សំ​ហេង គណៈ​កម្មការ​បាន​សម្រេច​ចេញ​សេចក្ដីជូនដំណឹង​មួយ​ចែក​ជូន​ដល់​កម្មករ​ទាំងអស់​ឱ្យ​ស្ងប់ចិត្ត​និង​បើកផ្លូវ​ឡើង​វិញ ដែល​នៅ​ក្នុង​សេចក្ដីជូនដំណឹង​នោះ​មាន​ខ្លឹមសារ​ថា អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មការ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​កូដកម្ម​បាតុកម្ម នៅ​តាម​គ្រប់មុខ​សញ្ញា សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​កម្មករនិយោជិត​ទាំងអស់​នៃ​រោងចក្រ​ជី​ម​លី (​ខាម​បូ​ឌា​)​ភី​ធី​អុ​ី​ជ្រាប​ថា យោង​តាម​ប្រសាសន៍​លោក​បណ្ឌិត អុ​ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ឯកភាព​ជា​គោលការណ៍​ស្នើ​សុំ​ប្រាក់​បុរេប្រទាន របស់​រាជរដ្ឋាភិបាល បើក​ជូន​បងប្អូន​កម្មករ និយោជិត​រោងចក្រ​ជី​ម​លី (​ខេ​ម​បូ​ឌា​)​ភី​ធី​អុ​ី ។

អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មការ សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​បាតុកម្ម នៅ​តាម​គ្រប់មុខ​សញ្ញា នឹង​ខិតខំ​ព​ន្លឿ​ន និង​រៀបចំ​ទូទាត់​តាម​សំណូមពរ​របស់​បងប្អូន​កម្មករ និយោជិត​នូវ​អត្ថប្រយោជន៍​ផ្សេង​ៗ តាម​ច្បាប់​ស្ដី​ពី​ការងារ ។ សូម​បងប្អូន​កម្មករនិយោជិត​ទាំងអស់​រក្សា​ភាព​ស្ងៀមស្ងាត់ និង​ត្រូវ​ពិនិត្យ​ប្រាក់​អតីត​ភាព​ផ្ទាល់ខ្លួន​ម្នាក់​ៗ ចៀសវាង​ការ​បាត់បង់ ដោយ​ប្រការ​ណាមួយ និង​រង់ចាំ​បើកប្រាក់​បុរេប្រទាន​របស់​រាជរដ្ឋាភិបាល​តាម​និ​តិ​វិធី ។

គួរ​កត់សម្គាល់​ផង​ដែរ​ថា កម្មករ​បាន​បិទផ្លូវ​ចាប់តាំងពី​វេលា​ម៉ោង​៨​ព្រឹក រហូត​ដល់​វេលា​ម៉ោង​១២​ថ្ងៃត្រង់ លោក យឹ​ម សា​រ៉ា​ន់ អធិការ​នគរបាល​ខណ្ឌ​រួម​ជាមួយ​លោក ឃឹម​ស៊ុន សូ​ដា អភិបាលរង​ខណ្ឌ បាន​យក​សេចក្ដីជូនដំណឹង​ខាងលើ​ទៅ​ប្រកាសប្រាប់​កម្មករ និង​សុំ​ឲ្យ​កម្មករ​យល់យោគ​ហើយ​បើកផ្លូវ​ឡើង​វិញ ដោយ​លោក​អធិការ​បាន​សន្យា​ថា​និង​ដោះស្រាយ​បញ្ចប់​ជូន​កម្មករ​ឲ្យ​បាន​មុន​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​មិន​ឲ្យ​ហួស​ឡើយ ។

ម្យ៉ាងទៀត​លុយកាក់​ដែល​ត្រូវ​ដោះស្រាយ​មិន​តិច​នោះ​ឡើយ ។ ប៉ុន្តែ​ខណៈនោះ​កម្មករ​មិន​បាន​យល់ព្រម​ទទួលយក​សេចក្ដីជូនដំណឹង​នោះ​ភ្លាម​ៗ​ទេ​នៅ​ក្រាញននៀល​រហូត​ដល់​វេលា​ម៉ោង​១២​និង​៣៥​នាទី​ទើប​ព្រម​បើកផ្លូវ ។ ការ​បើកផ្លូវ​នោះ​មួយ​ចំណែក​មិនមែន​បាន​ន័យ​ថា​ពួក​គាត់​យល់ព្រម​ទេ គឺ​ដោយសារ​អាកាសធាតុ​ក្ដៅ​ផង ឃ្លានបាយ​ផង ម្យ៉ាង​កម្មករ​ខ្លះ​បាន​ដកថយ​ទៅ​រក​ហូប​បាយ​ហូប​ទឹក​ហើយ​អ្នក​នៅ​បិទផ្លូវ​មាន​ចំនួន​កាន់តែ​តិច ក៏​ទ្រាំ​លែង​បាន ។ ម្យ៉ាង​រថយន្ត​ធុន​យក្ស​បាន​នាំ​គ្នា​បើក​រុលទៅមុខ​គ្រឿន​ៗ​រក​ផ្លូវ​ដែល​ស្រឡះ ទើប​កម្មករ​នាំ​គ្នា​ថយ ទើប​អាច​ធ្វើ​ចរាចរណ៍​ឡើង​វិញ ។ ប៉ុន្តែ​កម្មករ​បាន​និយាយ​ថា​ពួក​គាត់ និង​បន្ត​ធ្វើ​បាតុកម្ម​បិទផ្លូវ​នៅ​ថ្ងៃ​បន្ទាប់​ទៀត​មិន​អាច​ឈប់​ត្រឹមនេះ​ទេ ។

ដោយឡែក ​អ្នក​ធ្វើ​ដំណើរ​ក្រហម​មុខ​គ្រប់​គ្នា​សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​បិទផ្លូវ​របស់​កម្មករ ដែល​នាំ​ឲ្យ​ពួក​គាត់​ខាត​ពេលវេលា​និង​យឺតយ៉ាវ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​បំពេញការងារ​របស់​ខ្លួន ។ ក្រៅពី​នេះ​ពួក​គាត់​បាន​ស្ដីបន្ទោស​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ដែល​ដោះស្រាយ​បញ្ហា​របស់​កម្មករ​យឺតយ៉ាវ អូស​បន្លាយពេល រហូត​កម្មករ​បិទផ្លូវ​សាធារណៈ​បង្ក​ការ​ប៉ះពាល់​ដល់​មនុស្ស​រាប់​ពាន់​នាក់ មិន​អាច​ធ្វើ​ដំណើរ​បាន​ទើប​បើកភ្នែក​ធំរ​ត់រក​ស្នៀត​ថ្មី ៕ ​

អត្ថបទសរសេរ ដោយ