ក្នុងសម័យណាក៏ដោយរស់នៅរួមគ្នាចៀសមិនផុតពីមានបញ្ហាកើតឡើងនោះទេ ពិសេសគឺការប៉ះទង្កិចគ្នាដោយពាក្យសំដី ការបៀតបៀនគ្នា រីឯចិត្តគំនិតក៏ខុសគ្នា ចំណង់ចំណូលចិត្តក៏ផ្សេងគ្នា។ សង្គមណាមានការបៀតបៀនគ្នា សង្គមនោះតែងរកសេចក្តីសុខបានដោយលំបាក។ ការសម្របខ្លួនដើម្បីឱ្យការរស់នៅរួមគ្នាក្នុងសង្គមទើបទទួលបាននូវសេចក្តីសុខ ។
ខាងក្រោមនេះជាទ្រឹស្តីពុទ្ធសាសនាមានគោលធម៌៤យ៉ាងឱ្យអនុវត្តហៅថាសង្គហវត្ថុ៖
១-ការបែងចែកទ្រព្យធន និងចំណេះដឹងរបស់ខ្លួនដល់អ្នកដទៃ ដែលកំពុងខ្វះខាត សូម្បីការរស់នៅជាមួយគ្នាជាប្តីជាប្រពន្ធនិងកូនក៏មានការផ្តល់ឱ្យគ្នាទៅវិញទៅមកដែរ ។
២-ការពោលពាក្យពីរោះពិសា ពាក្យផ្អែមល្ហែមទៅកាន់បុគ្គលដទៃ ដែលកំពុងជួបសេចក្តីទុក្ខ ដោយការបាត់បង់នូវអ្វីមួយ ឬបាត់បង់មនុស្សជាទីស្រឡាញ់ជាដើម។ បុគ្គលគ្រប់រូបនៅពេលមានសេចក្តីទុក្ខគ្របសង្កត់រមែងបាត់បង់ស្មារតី តែនៅពេលទទួលបានពាក្យផ្អែមពីរោះពីអ្នកដទៃ ក៏រំសាយសេចក្តីទុក្ខនោះបានខ្លះ។ ដឹងទេថា ពាក្យពីរោះពិសានេះ គ្រប់គ្នាតែងតែចង់បាន និងត្រូវការគ្រប់ក្រុមគ្រួសារ គ្រប់ស្ថាប័នការងារ មិនអាចខ្វះបានឡើយ ។
៣-ប្រយោជន៍ការងារ គឺការធ្វើនូវអំពើមានប្រយាជន៍សម្រាប់ខ្លួនឯងផង សម្រាប់អ្នកដទៃផង ដូចជាការសិក្សារៀនសូត្រផ្លូវលោកផ្លូវធម៌ឱ្យបានចេះប្រាកដប្រជា ហើយយកចំណេះដឹងទាំងនោះមកប្រើការឱ្យច្បាស់លាស់ រមែងធ្វើប្រយោជន៍សម្រាប់គ្រួសារ និងសង្គមជាតិឱ្យចម្រើនឡើង។ ការប្រព្រឹត្តជាប្រយោជន៍នឹងបង្ហាញនូវតម្លៃរបស់មនុស្សនិងជាគំរូដ៏ល្អដល់អ្នកដទៃយកតម្រាប់តាម ។
៤-ភាពជាបុគ្គលមានខ្លួនស្មោះស្មើមិនយកប្រៀបលើគ្នា ជួយគ្នាដោះស្រាយបញ្ហាដែលកើតឡើង ថែមទាំងមិនប្រកាន់ខ្លួន មិនលើកតម្កើងខ្លួនឯង បង្អាប់អ្នកដទៃ មិនមានអស្មិមានះ និងទិដ្ឋិមើលងាយអ្នកដទៃថា អ្នកនេះមិនបានស្មើខ្លួន មិនសមនឹងខ្លួនទៅសេពគប់ដោយគំនិតថាអញជាអ្នកមានបុណ្យស័ក្តិធំ មិនគួរទៅនិយាយរកអ្នកតូចតាច អញជាអ្នកចេះដឹងច្រើន មិនគួរទៅនិយាយជាមួយអ្នកល្ងង់ខ្លៅជាដើម ។
ប្រសិនបើនៅក្នុងអង្គភាព ស្ថាប័ន និងសង្គមជាតិទាំងមូល យើងនាំគ្នាធ្វើតាមទ្រឹស្តីធម៌ទាំង៤ចំណុចនេះ ពិតជាធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព មានការរីកចម្រើនថ្កុំថ្កើងរុងរឿង ។
ចែករំលែកព័តមាននេះ