ខេត្តមណ្ឌលគិរី ៖ រថយន្តសាំយ៉ុងបង្កប់ឈើកែច្នៃ គ្មានច្បាប់អនុញ្ញាតចំនួន៣គ្រឿង ត្រូវបានសមត្ថកិច្ចចម្រុះស្រុកកែវសីមាចាប់ឃាត់ ខណៈធ្វើសកម្មភាពលើបណ្តោយផ្លូវជាតិលេខ៧៦ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ។
ប្រភពឲ្យដឹងថា សមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពស្រុកកែវសីមាបានចុះធ្វើត្រួតពិនិត្យ តាមដងផ្លូវជាតិ៧៦ បានប្រទះឃើញរថយន្តសាំយ៉ុងចំនួន០៣គ្រឿង ដឹកឈើគ្រឿងទ្វារ និងក្តារជញ្ជាំងកែច្នៃ ។ ប្រភពបន្តថា រថយន្តទី១- ពាក់ស្លាកលេខភ្នំពេញ២AD – ៤៨០២ ពណ៌សំបកឪឡឹក ដែលម្ចាស់ឈ្មោះ គ្រូម៉ៅ ជាថៅកែសិប្បកម្មកែច្នៃឈើអត់ច្បាប់ នៅភូមិពូជ្រៃ ។ រថយន្តទី២ – ពាក់ស្លាកលេខភ្នំពេញ ២W – ៦៦២០ ពណ៌ស ដែលម្ចាស់មានឈ្មោះ ភាន់ ជា បងប្រុសបង្កើតរបស់គ្រូម៉ៅផងដែរនឹងជាថៅកែសិប្បកម្មអនាធិបតេយ្យ នៅចំណុចភូមិពូជ្រៃ ស្រុកពេជ្រាដា ។ ចំណែករថយន្តទី៣ – ពាក់ស្លាកលេខភ្នំពេញ២A – ៧៥២០ ពណ៌សំបកឪឡឹកពុំស្គាល់ម្ចាស់ទេ ។
បច្ចុប្បន្នត្រូវបានកម្លាំងសមត្ថកិច្ចបានយករថយន្តនឹងវត្ថុតាងទៅរក្សាទុកនៅដែនជម្រកសត្វព្រៃកែវសីមា រង់ចាំចាត់ការតាមនីតិវិធីច្បាប់ ។
សូមបញ្ជាក់ថា សព្វថ្ងៃនេះគេសង្កេតឃើញនៅចំណុចភូមិដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កើតមានរោងសិប្បកម្ម គ្មានច្បាប់បែបអនាធិបតេយ្យយ៉ាងគគ្រឹងគគ្រេងមិនតិចជាង៤០កន្លែងនោះទេ ហើយធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃមិនដែលឃើញជំនាញរដ្ឋបាលព្រៃឈើចាត់វិធានការឡើយ ៕
ចែករំលែកព័តមាននេះ