ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជិះ​រថយន្ដក្រុង​របស់​រដ្ឋ​អាច​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ដៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ឈាន​ទៅ​រក​សេដ្ឋកិច្ច​ឌី​ជី​ថ​ល បច្ចុប្បន្ន​នេះ រាល់​សេវា​ហិរញ្ញវត្ថុ និង​ការ​ទូទាត់​នានា​ក៏​កំពុង​មានការ​ផ្លាស់​ប្តូរ​បន្តិច​ម្ដង​ៗ​ទៅ​រក​បច្ចេកវិទ្យា​ទំនើប​ដែរ ។ ជាក់ស្ដែង ការ​ទូទាត់​ប្រាក់ ក៏​កំពុង​ងាក​ទៅ​ការ​បំបាត់…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ឈាន​ទៅ​រក​សេដ្ឋកិច្ច​ឌី​ជី​ថ​ល បច្ចុប្បន្ន​នេះ រាល់​សេវា​ហិរញ្ញវត្ថុ និង​ការ​ទូទាត់​នានា​ក៏​កំពុង​មានការ​ផ្លាស់​ប្តូរ​បន្តិច​ម្ដង​ៗ​ទៅ​រក​បច្ចេកវិទ្យា​ទំនើប​ដែរ ។ ជាក់ស្ដែង ការ​ទូទាត់​ប្រាក់ ក៏​កំពុង​ងាក​ទៅ​ការ​បំបាត់ ឬ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្រាក់សុទ្ធ​ជា​បន្តបន្ទាប់ ។

នៅ​ក្នុង​សន្និសីទ​កាលពី​ថ្ងៃ​ទី​១៥ កញ្ញា កន្លង​មក លោក អ៊ា​ន សុ​ឃី​ម អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង បាន​ឲ្យ​ដឹង​ថា ការ​បំពាក់​និង​ដាក់​ឲ្យ​អតិថិជន​ជិះ​រថយន្តក្រុង​អាច​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​QR Code នេះ គឺជា​ការ​ធ្វើ​ទំនើប​កម្ម​មួយ​ក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប ។ លោក​បន្ត​ថា ៖« សាលា​រាជធានី​បាន​សហការ​ជាមួយ​បណ្ដា​ស្ថាប័នហិរញ្ញវត្ថុ ​ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ជម្រើស​ច្រើន​ក្នុង​ការ​ទូទាត់ ក្នុង​នោះ​មាន​ដូច​ជា ធនាគារ​អេ​ស៊ី​លី​ដា និង​ធនាគារ​ឯកទេស​វី​ង ជាដើម ព្រោះ​ពេល​ខ្លះ​ពលរដ្ឋ​គាត់​ប្រើ​សេវា​ធនាគារ​ផ្សេង​ៗ​គ្នា » ។

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ទីផ្សារ​នៃ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​មាន​ប្រសាសន៍ ការ​ប្រើប្រាស់​ប្រព័ន្ធ QR Code នឹង​ជំរុញ​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​មធ្យោបាយ​សាធារណៈ​កាន់តែ​ច្រើន ព្រោះ​កាលណា មានការ​ទូទាត់​លឿន​រហ័ស ប្រជាពលរដ្ឋ​នឹង​ចង់​ប្រើ ព្រោះ​វា​ងាយស្រួល ហើយ​វា​ក៏​នឹង​កាត់​បន្ថយ​នូវ​ការ​បំពុលបរិយាកាស​ពី​ការ​ប្រើប្រាស់​យានយន្ត​ផ្ទាល់ខ្លួន​បាន​ច្រើន​ផង​ដែរ ។ អ្នកស្រី​បញ្ជាក់​ថា ៖« រហូត​មក​ដល់​ពេល​នេះ អតិថិជន​របស់​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ដែល​ប្រើប្រាស់​សេវា អេ​ស៊ី​លី​ដា​ទាន់ចិត្ត មាន​ជាង​៦០​ម៉ឺន​នាក់ ដូចនេះ ការ​ដាក់​ឲ្យ​ប្រើប្រាស់​ការ​ទូទាត់​តាម​រថយន្តក្រុង យើង​ជឿជាក់​ថា នឹង​ទទួល​បាន​ជោគជ័យ​ខ្ពស់ ហើយ​រំពឹង​ថា​អតិថិជន​របស់​យើង​នឹង​យក​ការ​ទូទាត់​បែប​អេ​ឡិច​ត្រូ​និក​នេះ ដើម្បី​ជាម​ធ្យោ​យ​បាយ​ទូទាត់ »​។

ជនជាតិ​ជប៉ុន​ម្នាក់​ដែល​ប្រើ​សេវាកម្ម​រថយន្តក្រុង ហើយ​ទូទាត់​តាម QR Code នេះ​បាន​និយាយ​ថា ប្រទេស​កម្ពុជា​កាន់តែ​ជឿនលឿន​ហើយ ហើយ​លោក​សប្បាយចិត្ត​នៅ​ពេល​បាន​មក​ប្រើប្រាស់​នូវ​សេវាកម្ម​ដែល​ស្រ​ដៀង​នឹង​ប្រទេស​ជប៉ុន​ប្រើ​ដែរ​។ ជាក់ស្ដែង​ជប៉ុន​ក៏​មានការ​ទូទាត់​តាម​ប្រព័ន្ធ QR Code នេះ​ដែរ ។ លោក​ថា ៖« យើង​មក​រស់នៅ​កម្ពុជា តែ​ការ​ប្រើប្រាស់​សេវា​មួយ​ចំនួន​នៅ​ទី​នេះ​ស្រ​ដៀង​គ្នា​នឹង​នៅ​ជប៉ុន​ដែរ ដូចនេះ​យើង​អាច​វាយតម្លៃ​បាន​ថា កម្ពុជា​កំពុង​តែ​ដើរទៅ​មុខ​បណ្ដើរ​ៗ​ហើយ » ។

គួរ​បញ្ជាក់​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​ទូទាត់​ប្រាក់​តាម​អេ​ឡិច​ត្រូ​និក​និង​តាម QR Code ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​មាន​សកម្មភាព​យ៉ាង​ផុសផុល និង​បណ្ដា​ក្រុមហ៊ុន​និង​ធនាគារ​ដែល​បង្កើត​សេវា​នេះ​ក៏​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ងាក​មក​ប្រើ​ការ​ទូទាត់​តាម​អេ​ឡិច​ត្រូ​និក និង​QR Code​ដែរ ក្នុង​នោះ តាម​បណ្ដា​ហាង ភោជនីយដ្ឋាន និង​កន្លែង​បម្រើសេវា​កម្ម​នានា​ដែល​បំពាក់​នូវ​ការ​ទូទាត់​តាម​បច្ចេកវិទ្យា ក៏​បាន​ផ្ដល់​ការ​បញ្ចុះតម្លៃ​ជូន​ភ្លាម​ដើម្បី​លើកទឹកចិត្ត​ដល់​អតិថិជន​ផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ