ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នោះ…នោះ អ្នកលក់និងអ្នកឱ្យ​ចំណី​ព្រាប​ត្រូវតែដឹងរឿងនេះ​.​.!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកលក់​និង​អ្នក​ឱ្យ​ចំណី​ព្រាប​នៅ​មុខ​ព្រះ​បរមរាជវាំង ចាប់ពី​ថ្ងៃនេះ​តទៅ​ ត្រូវ​ប្រឈម​នឹង​ការ​ផាកពិន័យ​ ដោយ​មិនលើកលែង​ទៀត​ឡើយ ក្រោយ​ពី​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ បាន​ហៅ​អ្នក​លក់​ចំណី​ព្រាប​ទាំងអស់​មក​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​ការ​លក់​នៅ​មុខ​ព្រះ​បរមរាជវាំង តែ​អនុញ្ញាត​ឱ្យ​លក់​នៅ​ខាងជើង​វេទិកា​បុណ្យអុំទូក​ ក្បែរ​រូបសំណាក​តា​ព្រះ​ចៅ​ជាប់​នឹង​មាត់ទន្លេ…

រាជធានី​ភ្នំពេញ ៖ អ្នកលក់​និង​អ្នក​ឱ្យ​ចំណី​ព្រាប​នៅ​មុខ​ព្រះ​បរមរាជវាំង ចាប់ពី​ថ្ងៃនេះ​តទៅ​ ត្រូវ​ប្រឈម​នឹង​ការ​ផាកពិន័យ​ ដោយ​មិនលើកលែង​ទៀត​ឡើយ ក្រោយ​ពី​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ បាន​ហៅ​អ្នក​លក់​ចំណី​ព្រាប​ទាំងអស់​មក​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​ការ​លក់​នៅ​មុខ​ព្រះ​បរមរាជវាំង តែ​អនុញ្ញាត​ឱ្យ​លក់​នៅ​ខាងជើង​វេទិកា​បុណ្យអុំទូក​ ក្បែរ​រូបសំណាក​តា​ព្រះ​ចៅ​ជាប់​នឹង​មាត់ទន្លេ ។

លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ​ថ្លែង​ថា ចាប់ពី​ពេល​នេះ​ទៅ​មិន​អនុញ្ញាត​ឱ្យ​មានអ្នកលក់​ចំណី​ព្រាប​និង​អ្នក​ឱ្យ​ចំណី​ព្រាប​លើ​សួនច្បារ​មុខ​ព្រះ​បរមរាជវាំង​ទៀត​ឡើយ ព្រោះ​កន្លងមក​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​បរិស្ថាន អនាម័យ ដែល​សត្វ​ព្រាប​ទាំងនោះ​បាន​ជុះអាចម៍​ នៅ​មុខ​ព្រះ​បរមរាជវាំង​ពាសពេញ និង​លើ​សួនច្បារ ។

ទោះជា​មាន​វិធានការ​បែប​នេះ​មែន តែ​សាលា​ខណ្ឌ​អនុញ្ញាត​ឱ្យ​បងប្អូន​អ្នកលក់​ចំណី​ព្រាប និង​អ្នក​ឱ្យ​ចំណី​ព្រាប​នៅ​ខាងជើង​វេទិកា​បុណ្យអុំទូក​ក្បែរ​រូបសំណាក​តា​ព្រះ​ចៅ​នៅ​មាត់ទន្លេ ដែល​ទីតាំង​នេះ​ងាយស្រួល​ដល់​កម្លាំង​ប្រជា​ការពារ​ក្នុង​ការ​បាញ់​ទឹក​លាង​សម្អាត​លាមក​ព្រាប និង​រើស​ថង់កៅស៊ូ​ច្រក​ចំណី​ព្រាប​ដែល​គេ​បោះចោល​ពាស​វាល​ពាស​កាល ។

លោក​អភិបាល​ខណ្ឌដូនពេញ បញ្ជាក់​ថាក្រោយ​ពី​ទទួល​បានការ​ណែនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​ក្រសួងព្រះ​បរមរាជវាំង​រួច​មក រដ្ឋបាល​ខណ្ឌដូនពេញបាន​ធ្វើការ​ប្រជុំ​ផ្សព្វផ្សាយ​ណែនាំ និង​សំណូមពរដល់​បង​ប្អួ​ន​អាជីវករ​អ្នក​លក់ដូរ​ចំណី​ព្រាប លក់ផ្កា ស្លាធម៌ លក់​ចាប និង​ថតរូប​នៅ​ខាងក្រោយព្រះ​អង្គ​ដង​កើ និង​សួន​ព្រះ​បរមរាជវាំង ដែល​មក​ដល់​ថ្ងៃនេះ​មាន​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ​។

អាជ្ញាធរ​បាន​ណែនាំ​ឱ្យ​បងប្អូន​អាជីវករ​ទៅ​លក់ដូរ និង​បាច​ចំណី​ព្រាប​នៅ​ចំណុច​ការ៉ូឡា​ខាងមុខ​រូប​សំណាក​​​តា​ព្រះ​ចៅ ឬ​ខាងជើង​វេទិកា​បុណ្យអុំទូក​វិញ និង​អ្នកលក់​ផ្កា​នៅ​ព្រះ​អង្គ​ដង​កើ តា​ព្រះ​ចៅ ឱ្យ​ចូល​លក់​ក្នុង​ស្តង់​នៅ​ខាងត្បូង​ព្រះ​អង្គ​ដង​កើ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ជូន​បងប្អូន ។

រដ្ឋបាល​ខណ្ឌដូនពេញ សង្កេត​ឃើញ​ថា បងប្អូន​អ្នកលក់​ចំណី​ព្រាប លក់​ផ្កា ស្លាធម៌ លក់​ចាប និង​សេវាកម្ម​ថតរូប អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​បាន​ល្អ​ប្រសើរ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ក៏​មាន​បងប្អូន​ប្រជាពលរដ្ឋ​និង​អ្នក​លក់ដូរ​មួយ​ចំនួន​តូច មិន​បាន​គោរព​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ នៅ​បន្ត​លក់ដូរ បាច​ចំណី​ព្រាប និង​ថតរូប​នៅ​លើ​ស្មៅ​សួនច្បារ ការ៉ូឡា​ខាង​មុខ​ព្រះបរមរាជវាំង​ដដែល ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​អនាម័យ ដោយ​ដើរ​ជាន់​លើ​ស្មៅ និង​មាន​សំរាម ឬ​ចំណី​ព្រាប​នៅ​លើ​កា​រ៉ូឡា ដែល​ជា​ហេតុ​នាំ​ឱ្យ​ប៉ះពាល់​ដល់​អនាម័យ​បរិស្ថាន​ផង​ដែរ ។

ដោយហេតុ​ខាងលើ រដ្ឋបាល​ខណ្ឌដូនពេញ​សូម​ធ្វើការ​ណែនាំ និង​អង្វរ​យ៉ាង​ទទូច​ដល់​បងប្អូន​អាជីវករ អ្នក​លក់ដូរ បងប្អូន​ប្រជាពលរដ្ឋគ្រប់​មជ្ឈដ្ឋាន​ដែល​បាន​មក​លេង​កម្សាន្ត​សប្បាយឬ​គោរព​បូជា​នៅ​បរិវេណ​ខាង​មុខ​ព្រះ​បរម​រាជវាំង សូម​មេត្តា​យោគយល់​អធ្យាស្រ័យ ព្រមទាំង​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូល​ដ្ឋាន ក្នុង​ការរៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​អនាម័យ​នៅ​ជុំវិញ​ទីតាំង​ខាងលើ ក៏​ដូច​ជាទី​សាធារណៈ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល ដើម្បី​រួមចំណែក​លើកកម្ពស់​សោភ័ណ​ភាព​ក្នុង​រាជធានី​ភ្នំពេញ​របស់​យើង ប្រកបដោយ​ភាព​ទាក់ទាញ ។

លោក សុខ ពេញ​វុ​ធ ថ្លែង​ទៀត​ថា ចាប់ពី​ពេល​នេះ​ទៅ​លែង​មានការ​អនុគ្រោះ​ដល់​បងប្អូន​អ្នកលក់​ចំណី​ព្រាប ក៏​ដូច​ជា​អ្នក​ឱ្យ​ចំណី​ព្រាប​ដែល​នៅ​មាន​វត្ត​មាននៅ​លើ​សួនច្បារ​មុខ​ព្រះ​បរមរាជវាំង​ទៀត​ហើយ ។ បើសិន​មិន​គោរពតាម​គោលការណ៍​នេះ​ទេ គឺ​ប្រឈម​នឹង​ការ​ផាកពិន័យ ក្នុង​នោះ​អ្នក​ឱ្យ​ចំណី​ព្រាប​មុខ​ព្រះ​បរមរាជវាំង និង​អ្នក​បោះចោល​សំរាម​ត្រូវ​ពិន័យ​ចំនួន​២​មុ​ឺ​ន​រៀល អ្នកលក់​ចំណី​ព្រាប​មុខ​ព្រះ​បរមរាជវាំង និង​លក់​គ្រឿង​ហូប​ចុក ហើយ​បោះចោល​សំរាម​ត្រូវ​ពិន័យ​ចំនួន​៥​មុ​ឺ​ន​រៀល ។

ហាង​លក់ដូរ​តាម​ផ្ទះ​និង​ភោជនីយដ្ឋាន ដែល​យក​សំរាម​ដាក់​ខុស​ម៉ោង​កំណត់​ត្រូវ​ពិន័យ​១៥​មុ​ឺ​នរៀល សិប្ប​កម្ម សហគ្រាស​ត្រូវ​ពិន័យ​២០​មុ​ឺ​នរៀល ។ បើសិនជា​លើក​ទី​១​ពិន័យ​ហើយ​នៅ​តែ​មិន​គោរព​តាម​គោល​ការណ៍​​នេះ​ទេ នឹង​ត្រូវ​ពិន័យ​ទ្វេគុណ​តែ​ម្តង ។

លោក គឹ​ម វុ​ត្ថា ប្រធាន​ប្រជា​ការពារ​ខណ្ឌដូនពេញ បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ​កម្លាំងប្រជា​ការពារ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​មុខ​ព្រះបរមរាជវាំង ជា​ពិសេស​លើ​សួនច្បារ ដើម្បី​ឃាត់ខ្លួន​អ្នកលក់​ចំណី​ព្រាប​ដែល​រឹងរូស​មិន​អនុវត្ត​តាម​គោលការណ៍​របស់​សាលា​ខណ្ឌ ហើយ​កន្លង​មក​បាន​ហៅ​មក​អប់រំ​និង​ធ្វើ​កិច្ចសន្យា​ឱ្យ​ឈប់​លក់​នៅ​មុខ​ព្រះ​បរមរាជវាំង ។

រីឯ​អ្នក​ឱ្យ​ចំណី​ព្រាប​ក៏​ត្រូវ​បាន​ហៅ​មក​អប់រំ​ណែនាំ​ដែរ អ្នកខ្លះ​ទៀត​បាន​ណែនាំ​នៅ​នឹង​កន្លែង​ឱ្យ​ចំណី​ព្រាប​តែ​ម្តង​។ បុ​៉​ន្តែ​ចាប់ពី​ពេល​នេះ​ទៅ អ្នកលក់​និង​អ្នក​ឱ្យ​ចំណី​ព្រាប​ត្រូវ​ប្រឈម​នឹង​ការ​ផាកពិន័យ​ដោយ​មិន​លើកលែង​ឡើយ ។សាលា​ខណ្ឌដូនពេញ ក៏​បាន​កំណត់​ទីតាំង​ថ្មី​ឱ្យ​អ្នក​លក់​ចំណី​ព្រាប​និង​អ្នក​ឱ្យ​ចំណី​ព្រាប​នៅ​ខាងជើង​វេទិកា​បុណ្យអុំទូក ក្បែរ​រូបសំណាក​តា​ព្រះ​ចៅ​ជាប់​មាត់​ទន្លេ ដើម្បី​ងាយស្រួល​ក្នុង​ការ​បាញ់​ទឹក​លាង​សម្អាត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ