ខេត្តប៉ៃលិន ៖ កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះប្រជាពលរដ្ឋចំនួន១១០គ្រួសារ រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បាននាំគ្នាថតរូប ដើម្បីធ្វើប័ណ្ណ ក្រីក្រពីអាជ្ញាធរ ។
ក្នុងនោះគ្រួសារខ្លះមានសមាជិកចំនួន២នាក់ ខ្លះមាន៣នាក់ និងខ្លះទៀតចំនួន៥នាក់ក៏បានទទួលការថតរូបផងដែរ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ដោយសារមើលឃើញពីតម្រូវការចាំបាច់ប្រចាំថ្ងៃក៏ដូចជា ជួយដោះស្រាយពេលមានបញ្ហាប្រឈមដែលខ្វះខាតដូចជា ចូលទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យជាដើមទើបអាជ្ញាធរភូមិរៀបចំចុះឈ្មោះ និងថតរូបប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដើម្បីធ្វើប័ណ្ណក្រីក្រជូនពួកគាត់ ។ ប្រភពបន្តទៀតថាការធ្វើប័ណ្ណនេះ គឺសមាជិកគ្រួសារទាំងអស់អាចថតរូបគ្រប់ៗគ្នាពោល គឺចាប់តាំងពីឪពុកម្តាយ និងកូនៗ ហើយបើសិនជានរណាម្នាក់អវត្តមានជាប់រវល់ទៅធ្វើការងាររកស៊ីនៅស្រុកឆ្ងាយ គឺអាចយកឈ្មោះ និងរូបថតមកជូនមេភូមិ ឬគណៈកម្មាការសម្របសម្រួលនោះជាការស្រេច។
ចំណែកប្រជាពលរដ្ឋម្នាក់ឈ្មោះ ស៊ី ថា អាយុ៦៤ឆ្នាំ រស់នៅភូមិខាងលើតំណងឱ្យប្រជាពលរដ្ឋទាំងអស់ដែលនាំគ្នាមកទទួលការថតរូបធ្វើប័ណ្ណក្រីក្របានឱ្យដឹងថា ពួកគាត់មានការសប្បាយរីករាយយ៉ាងខ្លាំង ខណៈពេលនេះខាងអាជ្ញាធររៀបចំជួយដល់ពួកគាត់ ជាពិសេស ពេលមានបញ្ហាសុខភាពទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ គឺអត់បង់សេវានោះទេ ហើយបើមានកម្មវិធីសប្បុរសធម៌ម្តងៗអាជ្ញាធរក៏នឹងចែកអំណោយជូនពួកគាត់ថែមទៀតផង។
គាត់បន្តទៀតថាកាលពីមុនគាត់មិនធ្លាប់ទទួលធ្វើប័ណ្ណក្រីក្រឡើយនេះជាលើកទី១ហើយដែលគាត់និងប្រជាពលរដ្ឋមួយចំនួនទៀតនាំគ្នាមកធ្វើប័ណ្ណ ដើម្បីសម្រួលដល់ជីវភាពរបស់ខ្លួននៅថ្ងៃខ្វះខាតខាងមុខ ៕
ចែករំលែកព័តមាននេះ